31 C
Phnom Penh

សហភាព​អឺរ៉ុប​ជួល​អ្នកជំនាញ​ឲ្យ​ធ្វើ​ការ​លើ​ផែន​ការ​ផ្ដល់​សំណង​សម្រាប់​​ប្រជាពលរដ្ឋ​​ខ្មែរ​ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាព​អឺរ៉ុប​​បាន​ចាប់​ផ្ដើម​ស្វែង​រក​អ្នក​ប្រឹក្សា​យោបល់​​ ឲ្យ​ជួយ​បង្កើត​ប្រព័ន្ធ​មួយ​​សម្រាប់​ការ​វាយ​តម្លៃ​អំពី​ការ​អះអាង​ទាម​ទារ​សំណង​របស់​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​នាក់ ដែល​គេ​ជឿ​ថា ត្រូវ​បាន​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លួច​ប្លន់​ដីធ្លី។

សហភាព​អឺរ៉ុប​ដែល​ជា​អ្នក​នាំចូល​ស្ករ​ស​កម្ពុជា​ធំបំផុត​​​ដោយ​មិន​យក​​ពន្ធ បាន​​ជួប​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក​ម្លេ៉ះ ដើម្បី​​ពិភាក្សា​អំពី​ការ​ផ្ដល់​សំណង​ដល់​គ្រួសារ​ទាំង​នេះ ប៉ុន្តែ​ភាគី​ទាំង​ពីរ​មិន​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​លើ​ចំនួន​ជន​រងគ្រោះ​នៃ​ការ​ចាប់​យក​​ដីធ្លី ដែល​ត្រូវ​ទទួល​បាន​សំណង​នោះ​ទេ ហើយ​​បាន​ដឹង​តាំង​ពី​ខែ​កុម្ភៈ​មក​ថា​ ខ្លួន​ត្រូវ​ការ​ជំនួយ​ពី​ខាង​ក្រៅ។

ការ​ផ្សព្វ​ផ្សាយ​​មួយ​​ដើម្បី​ជ្រើសរើស​អ្នក​ប្រឹក្សា​យោបល់​ពីរ​រូប​ ដែល​​ក្រុម​ហ៊ុន​ HCL Consultants បាន​បង្ហោះ​លើ​គេហទំព័រ​​របស់​ជំនួយ​អភិវឌ្ឍន៍​ (Development Aid) មិន​បាន​លេច​ចេញ​រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ហើយ​បាន​បិទ​វិញ​នៅបួន​ថ្ងៃ​​ក្រោយ​មក។សហ​ភាព​អឺរ៉ុប​បាន​បដិសេធ​មិន​ផ្ដល់​សេចក្ដី​លម្អិត​ទេ ដោយ​​គ្រាន់​តែ​លើក​ឡើង​ថា វា​​កំពុង​ស្ថិត​​ក្នុង​ដំណាក់​កាល​ជួល​នៅ​ឡើយ។

អង្គ​ការ​សមធម៌​កម្ពុជា​ និង​អង្គការ​អភិវឌ្ឍន៍​បញ្ចូល​គ្នា​អន្តរជាតិ​ (Inclusive Development International) ដែល​ធ្វើ​យុទ្ធនាការ​​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​បញ្ចប់​អត្ថប្រយោជន៍​​ពាណិជ្ជ​កម្ម​សម្រាប់​ស្ករ​ស​កម្ពុជា បាន​ស្វាគមន៍​ការ​ណាត់​ជួប​ក្នុង​ពេលឆាប់ៗ​នេះ​។

អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំង​ពីរ​នេះ​បាន​​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​កាលពី​ម្សិលមិញ​ថា “ការ​វិវឌ្ឍ​នេះ​​បង្ហាញ​ពី​វិធានការ​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​ការ​រក​​យុត្តិធម៌​ជូន​​ប្រជាពល​រដ្ឋកម្ពុជា​រាប់​ពាន់នាក់​ ដែល​បាន​រងគ្រោះ​​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​ឧស្សាហកម្ម​ស្ករស​”។ អង្គការ​ទាំង​នេះ​បាន​ជំរុញ​ឲ្យ​​សហភាព​អឺរ៉ុប​កំណត់​ឱសានវាទ​សម្រាប់​​ផ្ដល់​សំណង​ដល់​គ្រួសារ​​ទាំង​នេះ​ ដែល​​ធ្វើ​ការ​អះអាងទាម​ទារ​សំណង​​ត្រឹម​​ត្រូវ​តាម​ច្បាប់​៕ សុខុម​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស