26 C
Phnom Penh

ខ្សែអាត់​សំឡេង​ធ្វើឲ្យ​មាន​ការ​សន្និដ្ឋាន​ថា​លោក ថោង សារ៉ាត់ បាន​គេច​ខ្លួន​រួចហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​ខ្សែអាត់​សំឡេង​មួយ​ដែល​បង្ហោះ​តាម​អិុនធើណិត​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ឲ្យ​ដឹង​ថា លោក ថោង សារ៉ាត់ មន្ត្រី​ក្រសួង​ការពារ​ជាតិ ដែល​គេ​តា​ម​ចាប់​ពី​បទ​រៀបចំ​ការ​ធ្វើ​ឃាត​ពាណិជ្ជករ​សំខាន់​ម្នាក់​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ខែ​មុន ទំនងជា​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស​នេះ​បាត់​ទៅ​ហើយ។

ឧត្តម​សេនីយ៍​ទោ ថោង សារ៉ាត់ នាយរង​ខុទ្ទកាល័យ​ក្រសួង​ការពារ​ជាតិ ​ជាប់ចោទ​ពី​បទ​បញ្ជា​អង្គរក្ស​៤​នាក់​របស់​ខ្លួន​ឲ្យ​ធ្វើ​ឃាត​លោក អឹុង ម៉េងជឺ ​ប្រធាន​ក្រមហ៊ុន Shimmex Group ដែល​ត្រូវ​គេ​បាញ់​ស្លាប់​នៅ​ខាង​ក្រៅ​ហាង​លក់​ផ្លែ​ឈើ​ក្នុង​ខណ្ឌ​ចម្ការ​មន​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា។

ឪពុក​ម្តាយ​របស់​ឧត្តមសេនីយ៍​ទោ​ ថោង សារ៉ាត់ ដែល​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​អាទិត្យ​ពី​បទ​រក្សា​អាវុធ​ខុស​ច្បាប់ បាន​ប្រកាស​ជា​សាធារណៈ​កាលពី​សប្តាហ៍​មុន​ថា ពួកគេ​បាន​ឲ្យ​កូន​ប្រុស​របស់ខ្លួន​លាក់​ខ្លួន។

ចាប់តាំងពី​ការបាត់​ខ្លួន​គាត់​មក មិន​មាន​ដំណឹង​ពី​ឧត្តមសេនីយ៍​ទោ ថោង សារ៉ាត់ ទេ រហូត​ដល់​ខ្សែអាត់​សំឡេង​មួយ​បាន​លេច​ឡើង​លើ​ទំព័រ​ហ្វេសប៊ុក Cambodia Real News ជាមួយ​នឹង​ការ​បង្ហោះ​មួយ​ដែល​អះអាង​ថា​នោះ​គឺជា​សំឡេង​របស់​ឧត្តមសេនីយ៍​ទោ​រូប​នេះ។

Cambodia Real News ដែល​​បង្ហោះ​ព័ត៌មាន​ការពារ​ភាព​ឥតទោស​កំហុស​របស់​ឧត្តម​សេនីយ៍​ទោ សារ៉ាត់ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៣​ខែ​ធ្នូ ចំ​ថ្ងៃ​ដែល​នគរបាល​ក្រុង​ចូល​ឆែក​ភូមិគ្រឹះ​មួយ​ចំនួន​របស់​ឧត្តមសេនីយ៍​ទោ​រូប​នេះ ក្នុង​ខណ្ឌ​មាន​ជ័យ និង​បាន​ចាប់​ខ្លួន​ឪពុក​ម្តាយ​របស់​គាត់។

សំឡេង​បុរស​រូប​នេះ​ក្នុង​ខ្សែ​អាត់​និយាយ​ថា “ខ្ញុំ​មិន​ចង់​និរទេស​ទេ។ ខ្ញុំ​មិន​ចង់​ចេញ​ពី​ទឹកដី​កម្ពុជា​ទេ។ ខ្ញុំ​ស្រឡាញ់​ទឹកដី​នេះ។ សូម​ឲ្យ​ខ្ញុំ​បាន​ទៅ​ប្រទេស​ខ្ញុំ​វិញ​ទៅ។ សម្តេច [នាយក​រដ្ឋមន្ត្រី ហ៊ុន សែន] មាន​តែ​សម្តេច​ទេអាច​ជួយ​បាន”។

ក្នុង​សំឡេង​ថត​នោះ មនុស្ស​ដែល​គេ​និយាយ​ថា ជា​ឧត្តម​សេនីយ៍​ទោ ថោង សារ៉ាត់ បាន​ប្រឹងប្រែង​បង្ហាញ​ភាព​ឥតទោស​កំហុស​របស់​ខ្លួន និង​ការពារ​អង្គរក្ស​៤​នាក់ ដែល​គេ​ចោទ​ថា​បាន​ប្រព្រឹត្ត​ឃាតកម្ម និង​ជាប់​ពន្ធនាគារ​កាលពី​ថ្ងៃ​សុក្រ ដោយ​និយាយ​ថា ពួកគេ​ក៏​គ្មាន​កំហុស​ដែរ។

សំឡេង​នេះ​បន្ត​ទៀត​ថា “សម្តេច អើយ ការងារ​នេះ​មិន​មែន​ធម្មតា​ទេ។ ទង្វើ​អយុត្តិធម៌​តូចតាច បើ​យើង​មិន​ដោះស្រាយ​ទេ នឹង​ក្លាយ​ជារឿង​អយុត្តិធម៌​ធំ។ រឿង​អយុត្តិធម៌​ធំ ​យើង​មិន​ដោះស្រាយ​ទៀត វា​នឹង​ក្លាយ​ជា​សង្គ្រាម​ហើយ”។

បុគ្គលិក​បី​នាក់​ក្នុង​ចំណោម​បុគ្គលិក​របស់​ឧត្តម​សេនីយ៍​ទោ សារ៉ាត់ ​ដែល​មាន​ឈ្មោះ ប៉ា ថានិត អាយុ​២៥​ ដែល​ធ្វើការ​ក្នុង​ការិយាល័យ​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ បូរី ៩៩៩​ បាន​និយាយ​ថា ពួកគេ​ជឿថា​ សំឡេង​ក្នុង​ខ្សែអាត់​នោះ​គឺ​ជា​សំឡេង​របស់​ឧត្តម​សេនីយ៍​ទោ​នេះ​ហើយ។ កញ្ញា ថានិត បាន​និយាយ​ថា “ជា​សំឡេង​ថៅកែ​របស់​ខ្ញុំ ខ្ញុំ​ស្គាល់​ច្បាស់​ណាស់ ព្រោះ​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​គាត់​រយៈ​ពេល​ប្រហែល​៥​ឆ្នាំ”។ កញ្ញា​បាន​បន្ថែម​ថា “ពីរ​សប្តាហ៍​ម្តង យើង​មាន​ការ​ប្រជុំ​ជាមួយ​ថៅកែ​របស់​យើង ហើយ​ខ្ញុំ​ស៊ាំ​នឹង​សំឡេង​របស់​គាត់”។

សឿម សារឿន ជា​លេខា​របស់​ឧត្តម​សេនីយ៍​ទោ សារ៉ាត់ ក៏​បាន​និយាយ​ដែរ​ថា ឃ្លីប​នោះ​គឺ​ជា​សំឡេង​របស់​ថៅកែ​របស់​គាត់ ពីព្រោះ​បុរស​នោះ​និយាយ​ “ព្រលាំៗ”។

ប៉ូលិស​ព្រហ្មទណ្ឌ​ក្រុង អៀង​ សោភា បាន​និយាយ​ថា លោក​មិន​បាន​ដឹង​អំពី​ឃ្លីប​នោះ​ទេ ហើយ​មិន​អាច​អត្ថាធិប្បាយ​អំពីភាព​ពិត​ប្រាដក​របស់​វា​បាន​ដែរ។ លោក​បាន​បន្ថែម​ថា “យើង​គ្មាន​ព័ត៌មាន​ថ្មី​អំពី​ ថោង សារ៉ាត់ ទេ។ យើង​មិន​ទាន់​ចាប់​ខ្លួន​គាត់​បាន​នៅ​ឡើយ”។

លោក ឆៃ ប៊ុនណា ប្រធាន​ប៉ូលិស​ព្រំដែន បាន​និយាយ​ថា ប៉ូលិស​ក្រុង​បាន​ដាក់​បទ​បញ្ជា​ឲ្យ​លោក​​កាលពី​ថ្ងៃ​ទី​៣​ធ្នូ ឲ្យ​មន្ត្រី​របស់​លោក​ឃ្លាំមើល​ឧត្តមសេនីយ៍​ទោ សារ៉ាត់ ដែល​ប្រហែល​ជា​ព្យាយាម​ឆ្លង​ព្រំដែន។ លោក​បាន​និយាយ​ថា “យើង​មិន​ទាន់​បាន​ឃើញ​គាត់​ឆ្លង​ព្រំដែន​ទេ។ យើង​ត្រូវ​ឃ្លាំមើល​ដើម្បី​ចាប់​គាត់”៕មានិត​(រាយការណ៍​បន្ថែម​ដោយ ឆន ចាន់ស៊ី)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស