មន្ត្រីក្រសួងមហាផ្ទៃបានឲ្យកាលពីម្សិលមិញថា លោក ថោង សារ៉ាត់ មន្ត្រីក្រសួងការពារជាតិដែលគេតាមចាប់ខ្លួនពីបទរៀបចំការធ្វើឃាតពាណិជ្ជករសំខាន់ម្នាក់ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ទំនងជាបានរត់គេចខ្លួនចេញពីប្រទេសកម្ពុជាបាត់ទៅហើយ ដោយធ្វើឲ្យនគរបាលអំពាវនាវដល់នគរបាលអន្តរជាតិអាំងទែប៉ូលឲ្យជួយតាមចាប់ខ្លួនមន្ត្រីក្រសួងការពារជាតិរូបនេះ។
ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ នាយរងខុទ្ទកាល័យក្រសួងការពារជាតិជាប់ចោទពីបទបញ្ជាអង្គរក្សបួននាក់របស់លោកឲ្យទៅធ្វើឃាតលោកឧកញ៉ា អឹុង ម៉េងជឺ ប្រធានក្រុមហ៊ុន Shimmex Group ដែលត្រូវគេបាញ់សម្លាប់នៅខាងក្រៅហាងលក់ផ្លែឈើមួយកន្លែងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែវិច្ឆិកា។
កាលពីថ្ងៃសុក្រសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់អង្គរក្សចំនួនបួននាក់របស់លោក ថោង សារ៉ាត់ ពីបទប្រព្រឹត្តអំពើមនុស្សឃាត ហើយបានឃុំខ្លួនពួកគេជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។
អំឡុងការឆ្មក់ចូលភូមិគ្រឹះចំនួនបីរបស់លោក ថោង សារ៉ាត់ ក្នុងខណ្ឌមានជ័យកាលពីថ្ងៃទី៣ ខែធ្នូ នគរបាលបានចាប់ខ្លួនឪពុកម្តាយរបស់លោក ប៉ុន្តែ មិនអាចចាប់ខ្លួនឧត្តមសេនីយ៍ទោរូបនេះ។ បន្ទាប់មក ឪពុកម្តាយរបស់លោក ថោង សារ៉ាត់ ដែលមកពីប្រទេសវៀតណាម ត្រូវបានចោទប្រកាន់ពីបទរក្សាអាវុធដោយខុសច្បាប់ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា “យើងកំពុងតែស្វែងរក ថោង សារ៉ាត់។ គាត់បានលាក់ខ្លួនបាត់ហើយ គាត់ទំនងជាមិនស្ថិតនៅក្នុងប្រទេសនោះទេ”។
ឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងថា ទីកន្លែងជាក់លាក់របស់ឧត្តមសេនីយ៍ទោរូបនេះ ដែលក៏ជាឧកញ៉ាម្នាក់ ហើយគ្រួសាររបស់លោកមានជំនួញធំៗមួយចំនួននោះកំពុងស្ថិតក្នុងភាពអាថ៌កំបាំង។ លោកបានមានប្រសាសន៍បន្ថែមថា “ប្រហែលនៅប្រទេសថៃ វៀតណាម ឬក៏ឡាវក៏ថាបាន តើយើងអាចដឹងតាមរបៀបណាទៅ?”។
លោក ឆៃ សីុណារិទ្ធ ប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខនៅក្រសួងមហាផ្ទៃបានលើកឡើងថា នគរបាលបានជ្រើសរើសការិយាល័យនគរបាលអន្តរជាតិអាំងទែប៉ូលនៅប្រទេសកម្ពុជាឲ្យជួយក្នុងករណីនេះ។ ឧត្តមសេនីយ៍ឯក ឆៃ សីុណារិទ្ធ បានមានប្រសាសន៍ថា “យើងកំពុងធ្វើការជាមួយការិយាល័យនគរបាលអន្តរជាតិអាំងទែប៉ូលរបស់យើង។ នៅពេលយើងស្នើឲ្យពួកគេជួយ ពួកគេត្រូវតែសើុបអង្កេតករណីនេះ”។ លោកបានមានប្រសាសន៍បន្ថែមថា “ប្រសិនបើគាត់ [ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់] គ្មានទោសពៃរ៍នោះទេ គាត់គួរតែចេញមកតទល់នៅក្នុងតុលាការ”។
លោក លឹម សុខារស្មី នាយកស្តីទីការិយាល័យនគរបាលអន្តរជាតិអាំងទែប៉ូលនៅកម្ពុជាបានបញ្ជាក់ថា នគរបាលរាជធានីដែលកំពុងដឹកនាំការសើុបអង្កេតបានទាក់ទងមកការិយាល័យរបស់លោក។ លោកបានមានប្រសាសន៍ថា “យើងកំពុងតែសហការជាមួយនគរបាលរាជធានីនៅក្នុងសំណុំរឿងនេះ”៕ស៊ុយឈាង