40.9 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាត​ិ​ជ្រើស​រើស​អ្នកផ្ត​ល់​ហិរញ្ញវត្ថុ​យូរមកហើយជា​ប្រធាន​ក្រុមហ៊ុនដើម្បីដំណើរការ​​ស្ថានីយ​ទូរទស្សន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក យឹម សុវណ្ណ អ្នក​​​នាំពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​ម្សិល​មិញ​​​ថា គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ជ្រើស​​​រើស​​​លោកស្រី គុណ លំអង អ្នក​​​ផ្តល់​​​ហិរញ្ញវត្ថុ​​​ដល់​​​គណបក្ស​​​ប្រឆាំង​​​យូរ​​​មក​​​ហើយ​​​ ជា​​​ប្រធាន​​​ក្រុមហ៊ុន​​​ឯកជន​​​ដែល​​​បាន​​​បង្កើត​​​ឡើង​​​កាល​​​ពី​​​ខែ​​​តុលា​​​ដើម្បី​​​ដំណើរ​​​ការ​​​ស្ថានីយ​​​ទូរទស្សន៍​​​ថ្មី​​​របស់​​​ខ​​​្លួន។

កាល​​​ពី​​​ចុង​​​ខែ​​​មុន ក្រសួង​​​ព័ត៌​​​មាន​​​បាន​​​ផ្តល់​អាជ្ញាប័ណ្ណ​ដល់ក្រុមហ៊ុន Cambodian Independent Media ​​​ដែល​​​ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​ដោយ​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កាល​​​ពី​​​ចុង​​​ខែ​​​តុលា​ដើម្បី​ដំណើរ​​​ការ​​​ស្ថានីយ​​​ទូរ​ទស្សន៍ ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​គណបក្ស​​​ប្រឆាំង​​​លើក​​​ដំបូង​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

លោក យឹម សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​​​មិញ​​​ថា ឥឡូវនេះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កំពុង​​​រៀប​​​ចំ​​​ចាប់​​​ផ្តើម​​​ដំណើ​​​រការ​​​នេះ ហើយ​​​ថា លោក​​​ស្រី គុណ លំអង ដែល​​​បាន​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ជន​​តំណាង​​​រាស្ត្រ​​​មណ្ឌល​​​តាកែវ​​​មិន​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​នៅ​​​ការ​​​បោ​​​ះ​​​ឆ្នោត​​​កាល​​​ពី​​​ឆ្នាំ​​​មុន​នេះ នឹង​​​ធ្វើ​ជា​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​នាយក​​​។

លោកស្រី គុណ លំអង ដែល​​​ជា​​​ភរិយា​​​របស់​​​លោក ហុង សុខ​​​ហួរ​​​ សមាជិក​​​ព្រឹទ្ធ​​​សភា​​​​​គណ​បក្ស​​​សមរង្ស៊ី ​​​ដែរ​​​នោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន Cambodian Independent Media កំពុង​​​​រៀប​​​ចំ​​​ដំណើរការ​ស្ថានីយ​​​ទូរទស្សន៍​​​​​​របស់​​​ខ្លួនក្នុង​ដំណាក់កាល​ចាប់ផ្តើម ហើយ​​​ឥឡូវ​​​នេះ​​​កំពុង​​​ពិភាក្សារឿង​​​​ហិរញ្ញវត្ថុ។

លោកស្រី គុណ លំអង បានមាន​​​ប្រសាសន៍​​​ថា​​​ “ទំហំ​​​នៃ​​​ការ​​​ចំណាយ​​​គឺ​​​ធំ​​​ណាស់ ​​​ពីព្រោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​គឺ​​​ជា​​​គណបក្ស​​​នយោបាយ​​​ ដែល​​​មាន​​​ធន​​​ធាន​​​ត្រឹម​​​មួយ​​​គ្រប់​​​ប៉ុណ្ណោះ​​​សម្រាប់​​​កិច្ច​​​ការ​​​នយោបាយ​​​ ហើយ​​​មិន​​​អាច​​​រក​​ថវិកា​​​ចំនួន​​​១០​​​ទៅ​​​២០​​​លាន​​​ដុល្លារ​​​ ដែលចាំបាច់​ដើម្បី​​​បង្កើត​​​ស្ថានីយ​​​ទូរទស្សន៍​​​​​​បាន​​​ទេ​​​”។​ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​ពិភាក្សា​​​ជាមួយ​​​​​​គណបក្ស​​​នយោបាយនេះ​​​ជុំ​​​វិញ​​​បញ្ហា​​​ថវិកា​​​”។

លោក​​​ស្រី គុណ លំអង បាន​​​បន្ថែម​​​ថា ស្ថានីយ​​​ទូរទស្សន៍​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​​​​ផ្សាយ​​​ពាណិជ្ជកម្ម​​​ដូចគេ​ដូច​ឯងដែរ​​។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ទាក់​​​ទង​​​នឹង​​​បញ្ហា​​​ផ្សាយ​​​ពាណិជ្ជកម្ម យើង​​​នឹង​​​ស្វាគមន៍​​​ការ​​​ផ្សព្វផ្សាយ​​​ពាណិជ្ជកម្ម​​​គ្រប់​​​ប្រភេទ ​​​លើក​​​លែង​​​តែ​​​បារី​​​ និង​​​​​​គ្រឿង​​​ស្រវឹង​​​”។

យោង​​​តាម​​​ជីវប្រវត្តិ​​​ដែល​​​ចង​​​ក្រង​​​ដោយ​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​កាល​​​ពី​​​ឆ្នាំ​​​មុន លោក​​​ស្រី គុណ លំអង បាន​​​ភៀស​​​ខ្លួន​​​ពី​​​របប​​​ខ្មែរ​​​ក្រហម​​​ក្នុង​​​ឆ្នាំ​​​១៩៧៨​​​ទៅ​​​ជំរំ​​​ជន​​​ភៀស​​​ខ្លួន​​​នៅ​​​តាម​​​ព្រំដែន​​​ថៃ​​​ មុន​​​ពេល​​​លោកស្រី​​​រៀប​​​ការ​​​ជាមួយ​​​លោក ហុង សុខហួរ ហើយ​​​បាន​​​ភៀស​​​ខ្លួន​​​ទៅ​​​ប្រទេស​​​បារាំង​​​។

ជីវប្រវត្តិ​​​នេះ​​​មាន​ខ្លឹមសារ​ទៀត​​​ថា “ខណៈពេល​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​បារាំង​​​ លោក​​​ស្រី គុណ លំអង រក​មើល​​​ព័ត៌​​​មាន​​​អំពី​​​ប្រទេស​​​កម្ពុជា​​​រាល់​​​ថ្ងៃ​​​តែម្តង។ ដោយ​​​ស្តាប់​​​ព័ត៌​​​មាន​​​រាល់​​​ថ្ងៃ​​​ លោក​​​ស្រី​​​មានការ​ចាប់​​​អារម្មណ៍​​​ក្នុង​​​អាជីព​​​នយោបាយ​​​ក្នុ​​​ង​​​ប្រទេស​​​កម្ពុជា​​​”។

ជីវប្រវត្តិនេះ​សរសេរថា ដោយវិល​​​ត្រឡប់​​​មក​​​ពី​​​ប្រទេស​​​បារាំង​​​ ដំបូង​​​​​​លោក​​​ស្រី គុណ លំអង គឺ​​​​​​ជា​​​សមាជិក​​​របស់​​​គណបក្ស​​​ហ្វុ៊នសិុនប៉ិច ប៉ុន្តែ​​​បន្ទាប់​​​ពី​​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា​​​ភ្លាមក្នុង​​​ឆ្នាំ​​​២០០៦​​​ លោក​​​ស្រី​​​បាន​​​ក្លាយ​​​ជា​​​អ្នក​​​ផ្តល់​​​ហិរញ្ញវត្ថុ​​​ដល់​​​គណបក្ស​​​សម​​​ រង្ស៊ី។

លោក ហុង សុខហួរ ដែល​​​ជា​​​ហេរញ្ញិក​​​របស់​​​គណបក្ស​​​សម​​​ រង្ស៊ី​​​មុន​​​ពេល​​​ការ​​​បង្កើត​​​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ ហើយ​​​ឥឡូវ​​​នេះ​​​លោក​​​ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​បច្ចេក​​​ទេស​​​របស់​ក្រុមហ៊ុន Cambodian Independent Media នោះ ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កិច្ច​​​ប្រជុំ​​​នៅ​​​ថ្ងៃ​​​​​​នេះ​​​នឹង​​​ពិភាក្សា​​​បន្ថែម​អំពី​​​ហិរញ្ញវត្ថុ​​​របស់​​​ស្ថានីយ​​​ទូរទស្សន៍​​​​​​នេះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ពិត​​​ណាស់​​​ថា ការ​​​បើក​​​ដំណើរ​​​ការ​​​ស្ថានីយ​​​ទូរទស្សន៍​​​​​​នឹង​​​ចាប់​​​ផ្តើម​​​ផ្សព្វ​​​ផ្សាយ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​មុន​​​។ បញ្ហា​​​ផ្សេង​​​ទៀត​​​ពាក់​​​ព័ន្ធ​​​ដំណើរ​​​ការ​​​ទូរ​ទស្សន៍​​ និង​​​ការ​​​វិនិយោគ​​​ទុន ​​​​​​នឹង​​​លើក​​​យក​​​មក​​​ពិភាក្សា​​​នៅ​​​ថ្ងៃ​​​ស្អែក​​​”៕​​​សារុន​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស