មន្ត្រីក្រសួងមហាផ្ទៃមួយរូបបានបញ្ជាក់កាលពីម្សិលមិញថា រដ្ឋាភិបាលកំពុងមានគម្រោងដំឡើងឧបករណ៍លួចស្ដាប់សំឡេងលើបណ្ដាញរបស់ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័ត និងអុីនធើណិតទាំងអស់នៅទូទាំងប្រទេស ដោយធ្វើឲ្យមានក្តីបារម្ភចំពោះអធិការកិច្ចដែលក្រសួងមហាផ្ទៃ បានអនុវត្តដោយស្ងាត់ៗទៅលើបណ្ដាក្រុមហ៊ុនទូរគមនាគមន៍នៅក្នុងប្រទេសកាលពីខែតុលា។
លោក ឆៃ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “យើងកំពុងរង់ចាំសេចក្ដីសម្រេចពីថ្នាក់លើដើម្បីដំឡើងឧបករណ៍ស្ដាប់សំឡេង។ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់យើងនៅពេលនេះគឺថា យើងអាចគ្រប់គ្រងបានដោយតឹងរ៉ឹងលើអ្នកប្រើប្រាស់ [បណ្តាញ] អុីនធើណិត និងទូរស័ព្ទចល័ត”។
កាលពីខែតុលា មន្ត្រីមកពីនាយកដ្ឋានកណ្ដាលសន្តិសុខ បានចុះទៅកាន់ទីស្នាក់ការកណ្ដាលរបស់បណ្ដាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត និងអុីនធើណិត ដើម្បីពិនិត្យមើលឧបករណ៍បណ្ដាញរបស់ក្រុមហ៊ុនទាំងនោះ ហើយបានពិនិត្យមើលឯកសារទូទាត់វិក្កយបត្រ និង Data Log របស់ពួកគេ។ កិច្ចប្រជុំបានធ្វើឡើងបន្ទាប់ពីមានលិខិតមួយច្បាប់ចុះថ្ងៃទី៧ ខែតុលា ដែលក្នុងនោះលោក ម៉ៅ ចរិយា ប្រធានបញ្ញត្តិករទូរគមនាគមន៍កម្ពុជា (TRC) បានបញ្ជាឲ្យក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនផ្តល់សេវាអីុនធើណិតចំនួន១២ សហការជាមួយមន្ត្រីស៊ើបអង្កេត។
ឧត្ដមសេនីយ៍ទោ ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍កាលពីម្សិលមិញថា បច្ចុប្បន្ននាយកដ្ឋានរបស់លោកមិនទាន់មាន “ឧបករណ៍ស្ដាប់សំឡេង” នៅឡើយទេ ហើយកំពុងរង់ចំាថវិកាដើម្បីទិញ និងដំឡើងឧបករណ៍ទាំងនោះ។ លោកបានលើកឡើងថា “យើងមិនទាន់មានឧបករណ៍ស្ដាប់សំឡេងនៅឡើយទេ ប៉ុន្តែយើងពិតជាមានគម្រោងដំឡើងវា។ ពេលនេះ យើងគ្មានថវិកាដើម្បីធ្វើវាទេ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា នៅពេលដំឡើងឧបករណ៍នេះរួច មានតែដីការបស់តុលាការប៉ុណ្ណោះដែលអាចអនុញ្ញាតឲ្យប្រើប្រាស់វាបាន។ លោកបានបន្តថា ” យើងមានសិទ្ធិស្ដាប់គណនីណាមួយរបស់អ្នកប្រើប្រាស់បាន ប្រសិនបើតុលាការចេញដីកាដែលអនុញ្ញាតឲ្យយើងធ្វើដូច្នោះ។ យើងមិនអាចធ្វើអ្វីតាមចិត្តចង់បានឡើយ ពីព្រោះវាប៉ះពាល់សិទ្ធិប្រជាពលរដ្ឋ”។
នៅក្នុងបទសម្ភាសមួយកាលពីសប្ដាហ៍មុន លោក ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា អធិការកិច្ចកាលពីខែតុលា ត្រូវបានធ្វើឡើងក្នុងបំណងតាមប្រមាញ់ជនឆបោកដែលប្រើប្រាស់ប្រព័ន្ធសំឡេង VoIP ដើម្បីធ្វើសកម្មភាពបោកប្រាស់តាមអុីនធើណិត។
កាលពីម្សិលមិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ក៏បានមានប្រសាសន៍ដែរថា រដ្ឋាភិបាលនឹងប្រើប្រាស់ឧបករណ៍ស្តាប់សំឡេង “ជាផ្លូវការ” លុះត្រាតែមានការសម្រេចពីតុលាការប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ទៀតថា “យើងនឹងស្ដាប់ការសន្ទនារបស់ជនសង្ស័យដោយមានការព្រមព្រៀងពីព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ។ ប៉ុន្តែបើគេស្ដាប់ដោយគ្មានការសម្រេចពីព្រះរាជអាជ្ញា ឬចៅក្រមស៊ើបសួរ គេមិនអាចប្រើប្រាស់ទិន្នន័យនោះជាផ្លូវការបានទេ។ ខ្ញុំសូមបញ្ជាក់ថា អាជ្ញាធរមិនអាចដាក់ឧបករណ៍ស្ដាប់សំឡេងលើគណនីទូទៅបានទេ ពីព្រោះច្បាប់មិនអនុញ្ញាត។ ប៉ុន្តែគេអាចធ្វើដូច្នេះបានសម្រាប់ករណី ឬបញ្ហាដែលពាក់ព័ន្ធតុលាការ និងសន្តិសុខជាតិ”។
កាលពីម្សិលមិញ បណ្ដាអង្គការសិទ្ធិមនុស្សបានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់ឧបករណ៍ស្តាប់សំឡេងលួចយកការណ៍ពីសំណាក់រដ្ឋាភិបាលដែលខ្វះតម្លាភាពនៅក្នុងប្រព័ន្ធតុលាការមួយដែលខ្វះភាពឯករាជ។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិប្រចាំកម្ពុជា បានលើកឡើងនៅក្នុងអុីម៉េលមួយកាលពីម្សិលមិញថា “ទោះបីជាការធ្វើអធិការកិច្ចឧបករណ៍បណ្ដាញ និងការប្រើប្រាស់ទិន្នន័យទំនាក់ទំនងក្រោមដីកាបង្គាប់ផ្លូវការរបស់តុលាការសម្រាប់ការស៊ើបអង្កេតស្របច្បាប់ក្ដី ក៏វាជាក្ដីបារម្ភខ្លាំងលើសិទ្ធិឯកជនរបស់បុគ្គលម្នាក់ៗ ដែលជាអតិថិជនរបស់បណ្ដាញទូរគមនាគមន៍ ជាពិសេសអ្នកនយោបាយ សកម្មជន និងអ្នកការទូត”។
លោកបានមានប្រសាសន៍ទៀតថា ការធានាថាឧបករណ៍លួចស្ដាប់សំឡេងនឹងត្រូវបានប្រើប្រាស់លុះត្រាតែមានការសម្រេចពីតុលាការបានផ្ដល់ការជឿជាក់តិចតួចប៉ុណ្ណោះ ពីព្រោះ “តុលាការមិនអាចធានាអះអាងជាសាធារណៈបានចំពោះភាពឯករាជរបស់ខ្លួន និងសមត្ថភាពរបស់ខ្លួនក្នុងការការពារព័ត៌មានប្រមូលបានតាមរយៈការអនុញ្ញាតនេះ”។
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានលើកឡើងតាមអុីម៉េលថា ការដំឡើងឧបករណ៍ស្តាប់សំឡេងនេះប្រហែលជាមានហេតុផលមិនល្អលើសពីអ្វីដែលមន្ត្រីបានទទួលស្គាល់។ លោកបានមានប្រសាសន៍ថា “លើសពីការប្រមូលព័ត៌មាន រដ្ឋាភិបាលកម្ពុជាក៏ប្រហែលជាមានបំណងធ្វើឲ្យមានការភ័យខ្លាច និងការចាប់ពិរុទ្ធខ្លួនឯងផងដែរក្នុងចំណោមសកម្មជន ដែលពីមុនធ្លាប់តែគិតថា ការអង្កេតតាមដានអុីនធើណិតហួសពីសមត្ថភាពរបស់អាជ្ញាធរ”៕ សុខុម (រាយការណ៍បន្ថែមដោយ Matt Blomberg)