27 C
Phnom Penh

​បុរសបី​នាក់​ដែល​ជាប់​ចោទ​​ពី​បទ​ឃុប​ឃិត​ជាមួយ​ “ភេរវករ” ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ បុរស​បី​នាក់​ដែល​ជាប់​ចោទ​​ពី​បទ​​ចូលរួម​​ជាមួយ​លោក សួន សេរីរដ្ឋា​ អ្នក​ប្រឆាំង​នៅ​បរទេស​ ក្នុង​ផែន​ការ​ផ្ដួលរំលំ​រដ្ឋាភិបាល​​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​លើ​​ពួកគេ​អំឡុង​សវនាការ​ជំនុំជម្រះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ppm

លោក សួន សេរីរដ្ឋា​ ប្រធាន​​ចលនា​អំណាច​ពលរដ្ឋខ្មែរ គឺ​ជា​ពលរដ្ឋ​ស្នាក់​នៅអចិន្ត្រៃយ៍​ក្នុង​​សហរដ្ឋអាមេរិក​ ហើយ​បច្ចុប្បន្ន​​​កំពុងត្រូវ​​បាន​តុលា​ការ​ជំនុំជម្រះ​ជាមួយ​បុរស​ទាំង​បី​នាក់​នេះ​ដោយ​កំបាំង​មុខ​។

លោក​ត្រូវ​បានចោទ​ប្រកាន់​ពីបទ​រៀប​ចំផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​សារ​តែ​ការ​ព្យាយាម​ចែក​ចាយ​អាវ​យឺត​​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​កុំបោះ​ឆ្នោត​ និង​​ការ​ជូន​ផ្កា​ដែល​មាន​ស្ទីកគ័រ​​ប្រឆាំង​រដ្ឋាភិបាល​ទៅ​នគរបាល​​នៅ​ក្នុង​ឆ្នាំ​២០១៣​ដូច​គ្នា ហើយ​ត្រូវ​បាន​លោក ហ៊ុន សែន ចាត់​ទុក​ជា​ភេរវករ​។

បុរស​ទាំង​បី​នាក់​​ដែល​មាន​ឈ្មោះ​ សេរី ប៊ុនឡុង សេង សុខម៉េង និង​ អុីម ភារុណ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​​ព្យាយាម​ចែក​ចាយ​អាវ​យឺត​ និង​របស់​របរ​ផ្សេងៗ​ទៀតពាក់​ព័ន្ធ​នឹង​ចលនា​អំណាច​ពលរដ្ឋខ្មែរ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ថាជាសមាជិករបស់​​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ និង​​បទ​រារាំង​ការ​បោះ​ឆ្នោត​។

នៅ​ក្នុង​តុលាការ​កាលពី​ម្សិលមិញ ឧត្ដម​សេនីយ៍​ទោ ទៀង សារ៉ាត់ អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ចាប់​បាន​​ជនសង្ស័យ​​ទាំង​​នេះ​រួម​ជាមួយ​អាវ​យឺត​ នាឡិកា និង​វិទ្យុ​ដែល​សុទ្ធ​តែ​មាន​ស្លាក​សញ្ញា​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​។

លោក​បាន​លើក​ឡើង​ពី​លិខិត​មួយ​ដែល​ក្នុង​នោះ​លោក​បាន​មាន​​ប្រសាសន៍​ថា លោក សួន សេរីរដ្ឋា “ញុះញង់​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​រដ្ឋាភិបាល​ ហើយ​និយាយ​ថា គាត់​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ ប៉ុន្តែ​​ពិត​ជា​បាន​បញ្ជាក់​​​ថា លិខិត​នោះ​ចុះ​កាល​បរិច្ឆេទ​ពេល​ណា ឬ​ទទួល​បាន​ដោយ​របៀប​ណា។

លោក​ឧត្ដម​សេនីយ៍​ទោ ទៀង សារ៉ាត់ បាន​សំដៅ​ដល់​បទ​សម្ភាស​មួយ​កាលពី​ឆ្នាំ​២០១១ ដែល​ប្រធាន​ចលនា​​អំណាច​ពលរដ្ឋ​ខ្មែរ​រូប​នេះ​បាន​ផ្ដល់នៅ​ស្ថានីយ​​ទូរទស្សន៍​ថៃ ជាមួយ​នឹង​សារ​តែ​មួយ​។ វីដេអូ​ឃ្លីប​មួយ​បាន​ពី​បទ​សម្ភាស​នោះដែល​គេ​ចាក់​នៅ​ក្នុង​តុលាការ​បង្ហាញ​ថា លោក សួន សេរីរដ្ឋា បាន​ហៅ​លោក ហ៊ុន សែន ថា​ជា​ជនក្បត់​ជាតិ​ ហើយ​​បាន​ព្យាករ​ថា មិន​យូរ​ទេ​លោក ហ៊ុន សែន នឹង​ត្រូវ​មហាជន​ក្រោក​ឡើង​បះបោរ​ទម្លាក់​ចេញ​ពី​អំណាច​។

កាលពី​ម្សិលមិញ ខណៈ​ជនសង្ស័យទាំង​បី​នាក់​​បដិសេធ​ថា ខ្លួន​មិន​មែន​ជា​សមាជិក​ ឬ​អ្នក​គាំទ្រ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក​​ សេរី ប៊ុនឡុង និង​លោក សេង សុខម៉េង បាន​ទទួល​ស្គាល់ថា ខ្លួន​ពិត​ជា​បាន​ដឹក​ជញ្ជូន​​បញ្ចប់​របស់​របរ​​ពាក់​ព័ន្ធ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​មែន ប៉ុន្តែ​បាន​អះអាង​ថា ខ្លួន​មិន​ដឹង​ថា មាន​អ្វី​នៅ​ក្នុង​កញ្ចប់​​ទាំង​នោះ​ទេ។ លោក​ សេង សុខម៉េង ​បាន​​ប្រាប់​តុលាការ​ថា “ខ្ញុំ​មិន​មែន​សកម្មជន​របស់​ សួន សេរីរដ្ឋា ទេ​។ ខ្ញុំ​មិន​មែន​ជា​សមាជិក​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​នោះ​ទេ”។

លោក សួន សេរីរដ្ឋា បាន​ទទួល​ស្គាល់​ដោយ​បើក​ចំហថា លោក​ចង់​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្រោក​ឡើង​បះបោរ​ប្រឆាំង​លោក ហ៊ុន សែន ប៉ុន្តែ​បាន​បដិសេធ​ថា លោក​មិន​បាន​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ ឬ​ល្មើស​​ច្បាប់​ណាមួយ​ឡើយ។ សូម​​បញ្ជាក់​ថា សវនាការ​ជំនុំជម្រះ​មនុស្ស​ទាំង​នេះ​នឹង​ធ្វើ​ឡើង​បន្ត​ទៀត​នៅ​ថ្ងៃ​អង្គារ​៕ សុខុម​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស