បុគ្គលិកនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញបានលើកឡើងកាលពីម្សិលមិញថា ពួកគេមិនមានរបាយការណ៍អំពីការមកសម្រាកព្យាបាលកាលពីពេលថ្មីៗនេះរបស់បុរសម្នាក់ ដែលបានស្លាប់កាលពីចុងខែមុននៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺឡើយ ដោយច្រានចោលការអះរបស់មន្ត្រីក្រុងម្នាក់។
យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា ទាំងការឆែកមើលឯកសារដោយប្រធានរដ្ឋបាលនៅមន្ទីរពេទ្យនេះ និងការពិនិត្យមើកការកត់ត្រាប្រចាំថ្ងៃរបស់មន្ទីរពេទ្យសម្រាប់ខែវិច្ឆិកា មិនមានភ័ស្តុតាងថា លោក សូ ភា ដែលបានមកសម្រាកព្យាបាលដោយដោយសារសុខភាពមិនល្អនៅមជ្ឈមណ្ឌលព្រៃស្ពឺកាលពីថ្ងៃទី២ ខែវិច្ឆិកា ហើយបានស្លាប់នៅទៅនោះកាលពីថ្ងៃទី២៦ ខែវិច្ឆិកា មកទីនោះឡើយ។
កាលពីថ្ងៃអាទិត្យអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការលីកាដូបានចេញសេចក្តីថ្លែងការណ៍មួយចោទប្រកាន់មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺថា មិនបានថែទាំលោក សូ ភា ឲ្យបានត្រឹមត្រូវ។
អង្គការសិទ្ធិមនុស្សនេះបានអំពាវនាវដដែលៗយូរមកហើយដល់រដ្ឋាភិបាលឲ្យបិទមជ្ឈមណ្ឌលនេះ និងមជ្ឈមណ្ឌលផ្សេងៗទៀតដូចនេះនៅទូទាំងប្រទេស ដែលជាកន្លែងឃំុខ្លួនបណ្តោះអាសន្ន និងក្រៅប្រព័ន្ធតុលាការដល់ជនអនាថា ស្ត្រីរកស៊ីផ្លូវភេទ និងអ្នកញៀនថ្នាំជាដើម។ អតីតអ្នកជាប់ឃុំបានរៀបរាប់ពីស្ថានភាពមិនល្អទាំងនោះ ហើយបាននិយាយថា មជ្ឈមណ្ឌលនេះពោរពេញដោយការរំលោភបំពានលើរាងកាយ។
អង្គការសិទ្ធិមនុស្សមិនអាចកំណត់មូលហេតុនៃការស្លាប់របស់លោក សូ ភា បានឡើយ ពីព្រោះសាកសពរបស់លោកត្រូវបានបូជានៅវត្តមួយក្បែរមជ្ឈមណ្ឌលនេះរួចហើយ ហើយមិនដែលធ្វើកោសល្យវិច័យឡើយ។
ឆ្លើយតបទៅនឹងការអះអាងរបស់អង្គការសិទ្ធិមនុស្សនៅថ្ងៃដដែលដែលអង្គការនេះបានចេញសេចក្តីថ្លែងការណ៍នោះ លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញបានមានប្រសាសន៍ថា លោក សូ ភា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែករាជធានីអំឡុងពេលគាត់ស្នាក់នៅមជ្ឈមណ្ឌលនេះយ៉ាងតិចក៏ពីរលើកដែរ។ លោកបានមានប្រសាសន៍នៅពេលនោះថា “យើងបានបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែ គាត់បានស្លាប់ដោយសារគាត់មានជំងឺធ្ងន់ធ្ងរ”។
អង្គការលីកាដូបានលើកឡើងថា បុគ្គលិកនៅមជ្ឈមណ្ឌលនេះ និងសាក្សីមួយចំនួនទៀតដែលដឹងពីករណីនេះបានប្រាប់អ្នកសើុបអង្កេតថា លោក សូ ភា បានមកដល់មានរាងកាយស្គាំងស្គម មានជំងឺ និងមានស្នាមកន្ទួលលើដងខ្លួន ហើយគ្មានមូលហេតុណាអនុញ្ញាតឲ្យគាត់ចេញពីកន្លែងនេះឡើយ។
អង្គការនេះលើកឡើងថា សន្តិសុខម្នាក់បានប្រាប់ក្រុមអ្នកសើុបអង្កេតថា ពួកគេមិនអាចនាំបុរសនេះទៅកាន់មន្ទីរពេទ្យបានទេ ពីព្រោះពួកគេ “ជាប់រវល់ខ្លាំងណាស់”។
កាលពីម្សិលមិញ បុគ្គលិកម្នាក់នៅមន្ទីរពេទ្យបង្អែករាជធានីបានផ្តល់ព័ត៌មានពីការលើកឡើងរបស់អង្គការលីកាដូ។ មន្ទីរពេទ្យនេះដែលជាអគារដ៏ចំណាស់ស្ថិតនៅតាមផ្លូវលេខ៦៩១ខាងជើងពហុកីឡាដ្ឋានជាតិអូឡាំពិកនោះ មិនមានរបាយការណ៍អេឡិចត្រូនិកអំពីអ្នកជំងឺឡើយ។
ប៉ុន្តែ លោក ចាន់ សុខជា ប្រធានរដ្ឋបាលបានមានប្រសាសន៍ថា លោកឆែករកមើលឯកសាររបស់មន្ទីរពេទ្យនេះរកមើលអ្នកជំងឺឈ្មោះ សូ ភា សម្រាប់ខែវិច្ឆិកា តែរកមិនឃើញឡើយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា គាត់មិនបានមកទីនេះទេ។ ប្រសិនបើគាត់មកទីនេះ គាត់នឹងមានឈ្មោះក្នុងបញ្ជីហើយ”។
សៀវភៅកត់ត្រាឈ្មោះអ្នកជំងឺថ្មីទាំងអស់រៀងរាល់ថ្ងៃរបស់មន្ទីរពេទ្យចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ខែវិច្ឆិកា ដែលអ្នកយកព័ត៌មានបានពិនិត្យមើលមិនឃើញមានឈ្មោះលោក សូ ភា ឡើយ។
នៅពេលត្រូវបានទាក់ទងកាលពីម្សិលមិញ លោក សុផល ប្រធានមន្ទីរសង្គមកិច្ចបានអះអាងជាថ្មីម្តងទៀតថា បុរសរូបនេះត្រូវបានអនុញ្ញាតឲ្យចេញពីមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺដើម្បីព្យាបាលជំងឺ។ លោកបានមានប្រសាសន៍ថា “គាត់បាននិយាយថា គាត់មានជំងឺ ហើយបានសុំចេញទៅក្រៅដើម្បីទិញថ្នាំ ដូច្នេះយើងបានអនុញ្ញាតឲ្យគាត់ចេញទៅក្រៅ”។ លោក សុផល បានមានប្រសាសន៍ថា របាយការណ៍គ្រូពេទ្យនៅមជ្ឈមណ្ឌលនេះ ដែលលើកឡើងពីការមកព្យាបាលរបស់លោក សូ ភា បានបង្ហាញថា បុរសរូបនេះមានផ្ទុកជំងឺអេដស៍ និងជំងឺរបេង ប៉ុន្តែ មិនបាននិយាយលម្អិតថា តើរបាយការណ៍នេះពីណាមក ឬទទួលបាននៅពេលណានោះឡើយ។
ហើយនៅពេលត្រូវបានសុំឲ្យបញ្ជាក់អំពីកាលបរិច្ឆេទដែលលោក សូ ភា ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនេះ លោកបានដាក់ទូរស័ព្ទអ្នកយកព័ត៌មានចុះ។
លោក សុខជា ប្រធានរដ្ឋបាលនៅមន្ទីរពេទ្យនេះបានមានប្រសាសន៍ថា មិនមានរបាយការណ៍ពីលោក សូ ភា នៅក្នុងឯកសារជំងឺឆ្លងរបស់លោកឡើយ។ ក្រុមមន្ត្រីនៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺមិនអាចទាក់ទងបានទេ៕សារុន