31 C
Phnom Penh

ពលករចំណាកស្រុកនៅប្រទេសថៃ​អាច​ប្រឈមនឹង​ការ​បណ្តេញ​ចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​ក្រុមមួយ​ដែល​ត្រួត​ពិនិត្យការធ្វើចំណាកស្រុក​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចុះ​បញ្ជី​ជិត​៧០០.០០០​នាក់​សព្វ​ថ្ងៃ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ប៉ុន្តែពួកគេ​រាប់ពាន់​នាក់​អាច​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ បន្ទាប់ពី​ប័ណ្ណ​ការងារ​បណ្តោះ​អាសន្ន​របស់​ពួកគេ​ផុតកំណុត​នៅ​ខែ​មីនា។

បណ្តាញ​ចំណាកស្រុក​មេគង្គ (MMN) បាន​ចេញ​របាយការណ៍​ស្វែងរក​ការ​ពិត​មួយ​កាលពី​ថ្ងៃ​អង្គារ​ដែលពិនិត្យ​រំហូរ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ពី​ប្រទេស​ថៃ​កាលពី​ខែ​មិថុនា។

លោកស្រី រេកូ ហារីម៉ា អ្នក​សម្រប​សម្រួល​ប្រចាំ​តំបន់​របស់​បណ្តាញ​ចំណាកស្រុក​មេគង្គ បាន​និយាយ​ថា បន្ទាប់ពី​មាន​រដ្ឋ​ប្រហារ​នៅ​ខែ​ឧសភា​នៅ​ប្រទេស​ថៃ ពលករ​ខ្មែរ​ចំណាក​ស្រុកប្រហែល​២២៥.០០០​នាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​នេះ ព្រោះ​ខ្លាច​រដ្ឋាភិបាល​យោធា​ថ្មី​ដែល​ប្តេជ្ញា​លុប​បំបាត់​ពលករ​ចំណាកស្រុក​ខុស​ច្បាប់។ តាំងពី​ពេល​នោះ​មក ពលករ​ជាច្រើន​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​តា​មរយៈ​ច្រក​ផ្លូវការ​និង​មិន​ផ្លូវការ។

លោក​ស្រី ហារីម៉ា បាន​និយាយ​ថា “រដ្ឋាភិបាល [ថៃ]​​ដឹង​ច្បាស់​ថា កម្មករ​ក្នុង​ស្រុក​មិន​ចង់​ធ្វើការ​ក្នុង​ឧស្សាហកម្ម​ទេ។ លក្ខខណ្ឌ​ការងារ​គ្រោះថ្នាក់​ណាស់ និង​អាក្រក់​ណាស់ ហើយ​គ្មាន​នរណា​ក្នុង​ឧស្សាហកម្ម​ទាំង​នោះ​ទទួល​បានប្រាក់​ខែ​អប្បបរមា​ទេ”។

ចាប់តាំងពី​រំហូរ​ពលករ​ចំណាកស្រុក​ចេញ​មក រដ្ឋាភិបាល​ថៃ​បាន​បង្កើត “ច្រក​ចេញ​ចូល​តែ​មួយ” ដែល​ចេញ​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើការ​បណ្តោះ​អាសន្ន​សម្រាប់​ពលករ​ចំណាកស្រុក។​​ យោងតាម​ក្រសួង​ការងារ​ថៃ​បាន​​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៦​ខែ​វិច្ឆិកា មាន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចុះ​បញ្ជី​ប្រហែល៦៨០.០០០​នាក់​ក្នុង​ប្រទេស​ថៃ។

លោកស្រី ហារីម៉ា បាន​និយាយ​ថា ក៏​ប៉ុន្តែ​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើការ​មាន​សុពល​ភាព​សម្រាប់​រយៈ​ពេល​៦០​ថ្ងៃ​ប៉ុណ្ណោះ ឬ​រហូត​ដល់​​ពលករ​ចំណាក​ស្រុក​ចុះ​ឈ្មោះ​ក្នុង​ដំណើរ​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​សញ្ជាតិ​របស់​ប្រទេស​ថៃ។ លោក​ស្រី​បាន​បន្ថែម​ថា ប៉ុន្តែ​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើការ​បណ្តោះ​អាសន្ន​ទាំង​អស់​ត្រូវ​កំណត់​ផុត​ការ​ប្រើប្រាស់​ត្រឹម​ថ្ងៃ​ទី​៣១​ខែ​មីនា​ឆ្នាំ​២០១៥។

លោក​ស្រី អូមស៊ិន ប៊ូនឡឺត មន្ត្រី​ស្រាវជ្រាវ​និង​តស៊ូ​មតិ​របស់​ MMN ក្នុង​ប្រទេស​ថៃ បាន​និយាយ​ថា ប្រសិនបើ​រដ្ឋាភិបាល​ថៃ​មិន​បន្ត​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើការ​ ការ​ចាកចេញ​ទាំង​ហ្វូង​មួយ​លើក​ទៀត​របស់​ពលករ​ខ្មែរ​នឹង​កើត​ឡើង។

លោកស្រី អូមស៊ិន បាន​និយាយ​ថា “ការ​ហូរ​ចេញ​ពលករ​ទាំងហ្វូង​នឹង​កើត​ឡើង ប្រសិនបើ​រដ្ឋាភិបាល​មិន​គិត​ក្នុង​ក្របខណ្ឌ​រយៈ​ពេល​យូរ និង​យល់​អំពី​បរិបទ​ជន​ចំណាក​ស្រុក​ក្នុង​ប្រទេស​នេះ”។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​និយាយ​ថា អាជ្ញាធរ​កម្ពុជា​គឺ​ពឹង​លើ​ប្រទេស​ជិតខាង​របស់​ខ្លួន​ដែល​មាន​ឥទ្ធិពល​ជាង។ លោក​ស្រី​បាន​និយាយ​ទៀត​ថា “រដ្ឋាភិបាល​កម្ពុជា​ធ្វើ​តាម​ពីក្រោយ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ថៃ​ប៉ុណ្ណោះ”៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស