របាយការណ៍ថ្មីមួយអំពីគ្រោះថ្នាក់ក្នុងរោងចក្រកាត់ដេរ បានលើកឡើងអំពីការខ្វះបទប្បញ្ញត្តិដើម្បីបង្ការអគ្គិភ័យ ហើយនឹងកង្វះទាំងស្រុងនូវស្តង់ដាអគារ និងការខកខានរបស់អាជ្ញាធរក្នុងការធ្វើអធិការកិច្ចឲ្យបានហ្មត់ចត់។
របាយការណ៍ស្តីអំពីប្រវត្តិហានិភ័យផ្នែកអគ្គិភ័យនិងសុវត្ថិភាពជីវិតរៀបចំដោយអង្គការពលកម្មអន្តរជាតិ ជាសេចក្តីសង្ខេបដែលចេញកាលពីថ្ងៃអង្គារ ធ្វើឡើងបន្ទាប់ពីមានគ្រោះថ្នាក់ជាច្រើននៅរោងចក្រក្នុងប្រទេសកម្ពុជា ក្នុងនោះមានអគ្គិភ័យមួយនៅរោងចក្រកាត់ដេរឆាង សេង ក្រុងភ្នំពេញ កាលពីខែកក្កដា ដែលបណ្តាលឲ្យស្លាប់មេការជនជាតិចិនម្នាក់ និងរបួស៣នាក់ផ្សេងទៀត។
កាលពីខែតុលា មនុស្សយ៉ាងហោចណាស់៨នាក់បានរងរបួស ក្នុងពេលដែលមានការបាក់ស្រុតរោងចក្រ នីស៊ីគូ អិុនធើប្រាយ ក្នុងខេត្តតាកែវ ហើយកាលពីខែឧសភាឆ្នាំមុន មួយផ្នែកនៃរោងចក្រ វីង ស្តា ហ្សូ ក្នុងខេត្តកំពង់ស្ពឺ បានបាក់ស្រុត បណ្តាលឲ្យស្លាប់កម្មករ២នាក់។
ទន្ទឹមនឹងកង្វះច្បាប់ដើម្បីធានាថា រោងចក្រប្រកាន់ខ្ជាប់នឹងសុវត្ថិភាពអគ្គិភ័យនិងស្តង់ដាអគារ របាយការណ៍នេះឲ្យដឹងថា មិនមានយន្តការច្បាស់លាស់នៅនឹងកន្លែង ដែលតម្រូវឲ្យរោងចក្ររាយការណ៍អំពីអគ្គិភ័យ ឬ បញ្ហារចនាសម្ព័ន្ធ ចំណែកឯអធិការកិច្ចការងារ “ធ្វើមិនទៀងទាត់ដោយសារការខ្វះថវិកានិងបុគ្គលិក”។
របាយការណ៍ក៏បង្ហាញបញ្ជីអនុសាសន៍សម្រាប់អ្នកដើរតួសំខាន់ ដោយជំរុញរដ្ឋាភិបាលឲ្យអនុវត្តត្រឹមត្រូវនូវស្តង់ដាអគ្គិភ័យនិងសុវត្ថិភាពអគារ និងអំពាវនាវដល់ក្រុមហ៊ុនល្បីៗ រោងចក្រ សហជីព និងម្ចាស់រោងចក្រ ឲ្យចូលរួមទទួលខុសត្រូវចំពោះសុវត្ថិភាពរោងចក្រ។
លោក ម៉េង ប៊ុណ្ណារិទ្ធ អ្នកនាំពាក្យក្រសួងគ្រប់គ្រងដែនដីបាននិយាយកាលពីថ្ងៃអង្គារថា ក្រសួងរបស់លោកបានចាត់វិធានការដោះស្រាយបញ្ហាដែលលើកឡើងក្នុងរបាយការណ៍នេះហើយ។ លោក ប៊ុណ្ណារិទ្ធ បាននិយាយថា “យើងបានដឹងថា ឧប្បត្តិហេតុជាច្រើនកើតឡើងដោយសារអគ្គិភ័យ ឬគ្មានសុវត្ថិភាពអគារ។ ដូច្នេះឥឡូវនេះ យើងកំពុងខិតខំបង្កើតច្បាប់ដើម្បីបង្ការបញ្ហាទាំងនេះ”។ លោកបាននិយាយថា “យើងនឹងទៅពិនិត្យឧប្បត្តិហេតុ បន្ទាប់ពីវាកើតឡើង ដើម្បីឲ្យដឹងមូលហេតុដែលបង្កឡើង”។
លោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលជាសហជីពឯករាជ្យធំបំផុត បានមានប្រសាសន៍ថា មន្ត្រីរដ្ឋាភិបាលគួរពិនិត្យរោងចក្រមុនបញ្ហាណាមួយកើតឡើង។ “ក្រសួងគ្រប់គ្រងដែនដីគួរចំណាយថវិការបស់ខ្លួនមួយចំនួនដើម្បីធ្វើកិច្ចការនេះ ពីព្រោះសុវត្ថិភាពកម្មករគឺសំខាន់បំផុត ហើយកុំបណ្តោយឲ្យអ្វីមួយដូចនៅរោងចក្រវីងស្តាកើតឡើង[ទៀត]”។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលតំណាងរោងចក្រនាំចេញ៥០០រោងចក្រ បានមានប្រសាសន៍ថា មុនពេលរដ្ឋាភិបាលដាក់ចេញឲ្យច្បាស់លាស់នូវកាតព្វកិច្ចរបស់រោងចក្រឲ្យស្ថិតក្រោមច្បាប់ សមាជិករបស់លោកមានសិទ្ធិតិចតួចក្នុងការណែនាំរោងចក្រទាំងនោះ។
លោក កែន លូ បាននិយាយថា “បញ្ហាសំខាន់ដែលសមាជិករបស់យើងជាច្រើនលើកឡើង គឺថា បទប្បញ្ញត្តិមិនច្បាស់”។ “ប្រសិនបើបទប្បញ្ញត្តិមិនច្បាស់លាស់ តើរោងចក្រធ្វើដោយស្មានៗឬ? ខ្ញុំគិតថា អនុសាសន៍នោះនឹងមានន័យ បើមានបទប្បញ្ញត្តិច្បាស់លាស់”៕មានិត