កាលពីម្សិលមិញ អង្គការសហប្រជាជាតិបានលើកឡើងថា ខ្លួនទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃដើម្បីស្វែងរកក្រុមជនជាតិភាគតិចម៉ុងតាញ៉ា ដែលកំពុងលាក់ខ្លួនក្នុងខេត្តរតនគិរី ហើយបញ្ជូនពួកគេមករាជធានីភ្នំពេញជាទីដែលពួកគេអាចដាក់ពាក្យសុំសិទ្ធិជ្រកកោន។
លោកស្រី Wan-Hea Lee ប្រធានប្រចាំប្រទេសរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានលើកឡើងតាមរយៈអីុម៉េលកាលពីម្សិលមិញថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ព្រមទាំងក្រសួងមហាផ្ទៃនឹងចុះបេសកកម្មរួមគ្នាមួយទៅខេត្តរតនគិរីក្នុងពេលឆាប់ៗ។
លោកស្រី Lee បានមានប្រសាសន៍ថា “ក្រសួងបានប្រាប់ថា ថ្មីៗនេះខ្លួនមិនបានដឹងអំពីវត្តមានរបស់ជនជាតិភាគតិចម៉ុងតាញ៉ានៅក្នុងខេត្តរតនគិរីឡើយ។ ប្រសិនបើវត្តមានរបស់ពួកគេត្រូវបានបញ្ជាក់ ហើយពួកគេបង្ហាញថា ខ្លួនចង់ដាក់ពាក្យសុំសិទ្ធិជ្រកកោននោះ វាមានការឯកភាពថា គេនឹងនាំពួកគេមករាជធានីភ្នំពេញដើម្បីជួយឲ្យពួកគេធ្វើដូច្នោះ”។
ជនជាតិភាគតិចម៉ុងតាញ៉ាមួយក្រុមមានគ្នា១៣នាក់ កំពុងតែលាក់ខ្លួននៅក្នុងព្រៃភាគខាងជើងខេត្តរតនគិរី អស់រយៈពេលប្រាំមួយសប្តាហ៍កន្លងមកហើយ។ ជនជាតិភាគតិចម៉ុងតាញ៉ានេះគឺជាក្រុមជនជាតិភាគតិចដែលប្រមូលផ្តុំគ្នានៅតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម។ ក្រុមនេះបានអះអាងថា ខ្លួនបានរត់គេចពីការប្រើអំពើហិង្សាពីសំណាក់រដ្ឋាភិបាលវៀតណាម។
ក្រសួងមហាផ្ទៃបានបញ្ជាក់កាលពីម្សិលមិញថា ខ្លួនកំពុងតែរៀបចំសហការជាមួយអង្គការសហប្រជាជាតិដើម្បីតាមស្វែងរកជនជាតិភាគតិចម៉ុងតាញ៉ាទាំងនេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងនេះបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា “មកទល់ពេលនេះ យើងមិនដឹងថា ពួកគេលាក់ខ្លួននៅទីណានោះឡើយ។ ប៉ុន្តែ ប្រសិនបើទីតាំងនោះត្រូវបានបង្ហាញ ខ្ញុំស្វាគមន៍ចំពោះការចូលរួមរបស់មន្ត្រីយើងជាមួយក្រុមការងារមកពីអង្គការសហប្រជាជាតិ ឬអនុញ្ញាតឲ្យអង្គការសហប្រជាជាតិទាក់ទងជាមួយក្រុមនេះ”។
ឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងកាលពីមុនថា លោកមិនចាត់ទុកថា ក្រុមជនជាតិភាគតិចម៉ុងតាញ៉ាជាអ្នកស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់ឡើយ ហើយបានហៅពួកគេថា ជាជន “អន្តោប្រវេសន៍ខុសច្បាប់”។
ការទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ ជាច្រើនលើកច្រើនសាទៅកាន់ឧត្តមសេនីយ៍ ខៀវ សុភ័គ និងលោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅក្រសួងមហាផ្ទៃមិនទទួលបានជោគជ័យនោះទេ។
លោក ថោង សាវុន អភិបាលខេត្តរតនគិរីបានលើកឡើងថា លោកនៅមិនទាន់ទទួលបានលិខិតពីក្រសួងមហាផ្ទៃ ដែលអនុញ្ញាតឲ្យអង្គការសហប្រជាជាតិជួបជាមួយជនជាតិភាគតិចម៉ុងតាញ៉ានៅឡើយទេ។ លោកបានមានប្រសាសន៍ថា “យើងនឹងមិនអនុញ្ញាតឲ្យ UNHCR ជួបជាមួយមនុស្សនៅក្នុងព្រៃឡើយ ប្រសិនបើពួកគេគ្មានលិខិតអនុញ្ញាតពីថ្នាក់លើទេនោះ”។
អំឡុងពេលក្រុមស្វែងរកសិទ្ធិជ្រកកោនទាំងនេះលាក់ខ្លួនក្នុងខេត្តរតនគិរី ក្រុមជនជាតិដើមភាគតិចចារ៉ាយដែលជាក្រុមមួយក្នុងចំណោមកុលសម្ព័ន្ធប្រហែល៣០ដែលបង្កើតបានជាជនជាតិភាគតិចម៉ុងតាញ៉ានោះបានផ្តល់អាហារ និងជម្រកដល់ពួកគេ។
អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយម្នាក់ដែលបានចូលរួមជាមួយជនជាតិដើមភាគតិចចារ៉ាយមួយក្រុមដែលធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីចូលរួមទិវាសិទ្ធិមនុស្សនោះបានលើកឡើងថា ទោះបីជាមានការព្រួយបារម្ភអំពីសុខភាពរបស់ក្រុមជនជាតិភាគតិចម៉ុងតាញ៉ាក៏ដោយ ក៏គេគ្មានផែនការផ្លាស់ប្តូរទីតាំងរបស់ពួកគេដែរ។
អ្នកភូមិរូបនេះ ដែលស្នើសុំមិនបញ្ចេញឈ្មោះព្រោះខ្លាចក្រែងមានការធ្វើទុក្ខបុកម្នេញបាននិយាយថា “យើងគ្មានផែនការប្តូរទីតាំងពួកគេពីក្នុងព្រៃឡើយ ព្រោះអ្នកភូមិមិនអាចជួយពួកគេបានឡើយ ខណៈអាជ្ញាធរកំពុងយាមនៅតាមផ្លូវ ហើយកំពុងស្វែងរកពួកគេនោះ”។
អ្នកភូមិរូបនេះបានលើកឡើងទៀតថា វាក៏មានការលំបាកក្នុងការយកអាហារទៅឲ្យជនជាតិដើមភាគតិចម៉ុងតាញ៉ាផងដែរ ដោយសារវត្តមានយ៉ាងច្រើនរបស់នគរបាលនេះ។
អ្នកភូមិរូបនេះបាននិយាយបន្ថែមដោយប្រើពាក្យផ្សេងទៀត ដែលសំដៅទៅជនជាតិភាគតិចម៉ុងតាញ៉ាថា “ជនជាតិភាគតិច Degar ទាំងអស់ ឥឡូវនេះកំពុងតែលាក់ខ្លួននៅកន្លែងផ្សេងៗគ្នាក្នុងព្រៃ ព្រោះអាជ្ញាធរមកកាន់តែកៀកទៅៗហើយ។ អ្នកខ្លះកំពុងមានជំងឺគ្រុនក្តៅ ហើយមានសុខភាពមិនល្អឡើយ”។
អ្នកភូមិរូបនេះបានលើកឡើងបន្ថែមទៀតថា គាត់ទទួលបានដំណឹងមកថា ជនជាតិភាគតិចម៉ុងតាញ៉ាបន្ថែមទៀតកំពុងតែមានផែនការគេចពីប្រទេសវៀតណាមមកកម្ពុជា ប៉ុន្តែថា ភូមិរបស់គាត់នឹងមិនអាចផ្តល់ជំនួយដល់អ្នកស្វែងរកសិទ្ធិជ្រកកោនក្នុងចំនួនច្រើនបន្ថែមទៀតបានឡើយ។ គាត់បាននិយាយថា “យើងនឹងជួយពួកគេ ប្រសិនបើមានមនុស្សបន្ថែមទៀតឆ្លងព្រំដែនមក ប៉ុន្តែ បើមានរាប់រយនាក់នោះ យើងនឹងមិនអាចជួយបានឡើយ ព្រោះយើងក៏មានការខ្វះខាតស្បៀងអាហារដែរ”។
រដ្ឋាភិបាលវៀតណាមបានចាប់ផ្តើមបង្ក្រាបលើព្រះវិហារគ្រិស្តនិកាយប្រូតេស្តង់របស់ជនជាតិភាគតិចម៉ុងតាញ៉ានៅក្នុងឆ្នាំ២០០១ ដោយធ្វើឲ្យពួកគេរាប់ពាន់នាក់បានគេចខ្លួនមកកម្ពុជាកាលពីជាង១០ឆ្នាំមុន។ហើយក្នុងនោះមានប្រហែល២.០០០នាក់ត្រូវបានផ្តល់សិទ្ធិជ្រកកោននៅក្នុងប្រទេសសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗទៀត ខណៈអ្នកដែលនៅសេសសល់ត្រូវបាននិរទេសខ្លួនមកប្រទេសវៀតណាមវិញ។ មានសេចក្តីរាយការណ៍ថា ពួកគេត្រូវបានបញ្ជូនទៅពន្ធនាគារ ហើយត្រូវបានធ្វើទារុណកម្មនៅទីនោះ៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ George Wright និង Chris Mueller)