30 C
Phnom Penh

លោក ចាន់ សុវ៉េត អ្នក​ត​ស៊ូមតិសិទ្ធិមនុស្ស​ស្លាប់​កាល​ពីម្សិលមិញក្នុង​អាយុ​៥១ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ចាន់ សុវ៉េត អ្នក​​​សើុប​​​អង្កេត​​​ជាន់​​​ខ្ពស់​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​ និង​​​ជា​​​អ្នក​​​តស៊ូ​​​មតិ​​​សិទ្ធិមនុស្ស​​​ដ៏​​​យូរ​​​អង្វែង​​​បាន​​​ស្លាប់​​​កាល​​​ពី​​​រសៀល​​​ម្សិលមិញ បន្ទាប់​​​ពី​​​លោក​​​ចំណាយ​​​ពេល​​​មួយ​​​ព្រឹក​​​ចូល​​​រួម​​​ការ​​​ប្រារព្ធ​​​ទិវា​​​សិទ្ធិ​​​មនុស្ស​​​។ លោក​​​មាន​​​អាយុ​​​៥១​​​ឆ្នាំ។chan-soveth

​​យោង​​​តាម​​​ម្តាយ​​​មីង​​​របស់​​​លោក គឺ​​​អ្នក​​​ស្រី ហឿ លាងហ៊ន បាន​​​ឲ្យ​​​ដឹង​​​ថា​​​​ សកម្ម​​​ជន​​​ដ៏​​​ល្បី​​​ឈ្មោះ​​​​​​ដែល​​​តែង​​​តែ​​​រង​​​ការ​​​រិះ​​​គន់​​​ពី​​​សំណាក់​​​រដ្ឋាភិបាល​​​អំឡុង​​​ការ​បំពេញការ​ងារ​របស់​​​លោក​​​រយៈពេល​​​ពីរ​​​ទសវត្សរ៍​​​នៅ​​​អង្គការ​​​អាដ​​​ហុក​​​រូបនេះ បាន​​​ស្លាប់​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​១​​​រសៀល​ដោយ​​​គាំង​​​បេះ​​​ដូង​​​នៅផ្ទះរបស់លោកបន្ទាប់ពី​​​លោកត្រឡប់​​​មក​​​ពី​​​ចូល​​​រួម​​​ពិធី​​​វិញ​​​។

ដោយកើត​​​នៅ​​​ក្នុង​​​ស្រុក​​​ល្វាឯម ខេត្ត​​​កណ្តាល​​​ក្នុង​​​ឆ្នាំ​​​១៩៦៣ លោក ចាន់ សុវ៉េត និង​​​បងប្អូន​​​បង្កើត​​​របស់​​​លោក​​​ប្រាំ​​​នាក់​​​ជា​​​កូនកំព្រា​​​នៅ​​​ពេល​​​ម្តាយ​​​របស់​​​លោក​​​បាន​​​ស្លាប់​​​ បន្ទាប់​​​ពី​​​ការ​​​ដួល​​​រលំ​​​របប​​​ខ្មែរ​​​ក្រហម​​​ក្នុង​​​ឆ្នាំ​​​១៩៧៩​​បន្ត​ិច ហើយឪពុក​​​របស់​​​លោក​​​បាន​​​ស្លាប់​​​អំឡុង​​​របប​​​ ប៉ុល ពត។

ជា​​​ក្មេង​​​ជំទង់ អនាគត​​​អ្នក​​​ធ្វើ​​​យុទ្ធ​​​នាការ​​​សិទ្ធិ​​​មនុស្ស​​​រូប​​​នេះ​​​បាន​​​ផ្លាស់​​​មក​​​រស់​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដោយ​​​ស្នាក់នៅ​​​ជាមួយ​​​ម្តាយ​​​មីង​​​ម្នាក់​​​ទៀត គឺ​​​អ្នក​​​ស្រី និត​​​ សាម៉ន ហើយ​​​បាន​​​រៀន​​​នៅ​​​វិទ្យាល័យ​​​វត្ត​​​កោះ​​​ដែល​​​ស្ថិត​​​នៅ​​​កណ្តាល​​​រាជ​​​ធានី​​ នៅពេល​​​រដ្ឋាភិបាល​​​ថ្មី​​​ដែល​​​លើក​​​បន្តុប​​​ដោយ​​​វៀតណាម​​​បាន​​​ចាប់​​​ផ្តើម​​​កសាង​​​ប្រទេស​​​កម្ពុជា​​​​​​ឡើង​​​វិញ​​​។

ឥឡូវ​​​នេះ​​​អ្នក​​​ស្រី សាម៉ន អាយុ​​​៧០​​​ឆ្នាំ​​​ បាន​​​និយាយ​​​ថា បន្ទាប់​​​ពី​​​ក្មួយ​​​ប្រុស​​​របស់​​​គាត់​​​រៀន​​​ចប់​​​វិទ្យាល័យ​​​ គាត់​​​បាន​​​សុំ​​​លុយ​​​អ្នក​​​ស្រី​​​ទៅ​​​ទិញ​​​ពោត​​​ជា​​​មួយ​​​មិត្ត​​​ភក្តិ​​​ម្នាក់ ហើយ​​​បន្ទាប់​​​មក​​​បាន​​​បាត់​​​ដំណឹង​​​ឈឹង​​​រយៈ​​​ពេល​​​មួយ​​​ទសវត្សរ៍​​​។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “នៅ​​​ពេល​​​នោះ​​​គាត់​​​បាន​​​សុំ​​​ខ្ញុំ​​​ទៅ​​​ដើរ​​​លេង​​​ ហើយ​​​បន្ទាប់មក​​​គាត់​​​បាន​​​ទៅ​​​រស់​​​នៅ​​​ជំរំ​​​មួយ​​​ស្ថិត​​​នៅ​​​តាម​​​ព្រំ​​​ដែន​​​កម្ពុជា​​​-ថៃ​​​ជា​​​មួយ​​​មិត្ត​​​ភក្តិ​​​របស់​​​គាត់​​​ ហើយ​​​នៅ​​​ពេល​​​គាត់​​​ត្រឡប់​​​មក​​​វិញ​​​គាត់​​​មាន​​​អាយុ​​​ជិត​​​៣០​​​ឆ្នាំ​​​ទៅ​​​ហើយ​​​”។

អ្នក​​​ស្រី​​​បាន​​​ពន្យល់​​​ថា “គាត់​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា គាត់​​​បាន​​​ទៅ​​​រស់​​​នៅ​​​ព្រំដែន​​​កម្ពុជា-ថៃ ​​​ពីព្រោះ​​​គាត់​​​ចង់​​​ទៅ​​​រស់​​​នៅ​​​ប្រទេស​​​ទី​​​៣។ នៅ​​​ពេល​​​គាត់​​​ត្រឡប់​​​មក​​​ពី​​​ជំរំ​​​វិញ គាត់​​​អាច​​​និយាយ​​​បាន​ទាំង​ភាសា​​​ថៃ​​​ និង​​​ភាសា​​​អង់គ្លេស​​​ ហើយ​​​គាត់​​​បាន​​​បក​​​ប្រែ​​​ឯកសារ​​​ជា​​​ច្រើន”។

យោង​​​តាម​​​លោក នី ចរិយា ប្រធាន​​​ផ្នែក​​​ឃ្លាំ​​​មើល​​​នៅ​​​អង្គកា​​​រ​​​អាដហុក​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ចាន់ សុវ៉េត ​​​បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​ជា​​​អ្នក​​​ឃ្លាំ​​​មើល​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​នេះ​​​នៅ​​​ឆ្នាំ​​​១៩៩៦​​​ បី​​​ឆ្នាំ​​​បន្ទាប់​​​ពី​​​អង្គការ​​​សហប្រជាជាតិ​​​ដែលបាន​​​មក​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ប្រទេស​​​កម្ពុជា​​ត្រឡប់ទៅវិញ។

នៅ​​​ពេល​​​លោក​​​នៅ​​​ជា​​​មួយ​​​អង្គការ​​​អាដហុក​​​ លោក ចាន់ សុវ៉េត ​​​បាន​​​ប៉ះទង្គិច​​​ជាមួយ​​​​​​រដ្ឋា​ភិបាល​​​ជា​​​ច្រើន​​​លើក​​​ ដែល​​​ជា​​​រឿយៗ​​​ត្រូវ​​​បាន​​​ចោទ ប្រកាន់​​​ពី​​​បទ​​​ឧក្រិដ្ឋ​​​ទាក់​​​ទង​​​​​​​​ការ​​​គាំទ្រ​​​អ្នក​​​ភូមិ​​​ក្រីក្រ​​​ ដែល​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​ជាមួយ​​​ពាណិជ្ជករ​​​ដែល​​​មាន​​​ខ្នង​​​ក្រាស់​​​។

កាល​​​ពី​​​ពេល​​​ថ្មីៗ​​​អាជ្ញាធរ​​​ខេត្ត​​​ពោធិ៍សាត​​​់​​​បាន​​​ចោទ​​​ប្រកាន់​​​លោក​​​ ចាន់​​​ សុវ៉េត កាលពីឆ្នាំមុនពីបទ “ញុះញង់​​​” ដោយលើក​​​ឡើង​​​ថា លោក​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​មិន​​​ពិត​​​ក្នុង​​​ចំណោម​​​ក្រុម​​​អ្នក​​​ភូមិ​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​ជាមួយ​​​ក្រុមហ៊ុន​​មួយ​​​​​​ដែល​​​គេ​​​ជឿ​​​ថា ជា​​​របស់​​​លោក ទ្រី​​​ ភាព ឧកញ៉ា​​​រក​​​ស៊ី​​​ឈើ។

កាល​​​ពី​​​ឆ្នាំ​​​មុន​​​ លោក​​​ត្រូ​​​វ​​​បាន​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កោ​​​ះ​​​ហៅ​​​ទៅ​​​សាក​​​សួរ​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទជួយ​​​ជនល្មើសមិន​​​ចេញ​​​ឈ្មោះម្នាក់​​​ទាក់​​​ទង​​​បទ​​​ឧក្រិដ្ឋ​​​ដែល​​​គេ​​​មិន​​​បាន​​​បញ្ជាក់​​​ ជា​​​ចំណាត់​​​ការ​​​ដែល​​​ត្រូវ​​​បាន​​​ថ្កោល​​​ទោស​​​ដោយ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អន្តរ​​​ជាតិ​​​ថា​​​ ជា​​​​​សកម្មភាព​​​នៃ​​​ការ​​​យាយី។

ក្រោយ​​​មក​​​គេ​​​បាន​​​រក​​​ឃើញ​​​ថា លោក​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ជួួ​​យ​​​អ្នក​​​ភូមិ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​មួយ​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ ដែល​​​ត្រូវ​​​បាន​​ចោទ​​​ប្រកាន់​​​ថា បាន​​​រៀប​​​ចំ​​​ផែនការ​​​អបគមន៍​​​ បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាញ់​​​ត្រូវ​​​ក្មេង​​​ស្រី​​​អាយុ​​​១៤​​​ឆ្នាំ​​​ម្នាក់​​​ស្លាប់​​​​​​។

លោក ធន សារាយ ប្រធាន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ ​​​បាន​​​សម្តែង​​​ការ​​​គោរពនិង​កោតសរសើរចំពោះ​​​លោក​​​ ចាន់​​​ សុវ៉េត។ លោក ធន សារាយ​​​ បាន​​​មាន​​​ប្រសាសន៍​​​ ” វា​​​​​​ជា​​​ការ​​​បាត់​​​បង់​​​ដ៏​​​ធំ​​​ធេង​​​សម្រាប់​​​អង្គការ​​​អាដហុក  ហើយ​មិន​​​ត្រឹម​​​តែ​​​សម្រាប់​​​អង្គការ​​​អាដហុក​​​ប៉ុណ្ណោះ​​​ទេ​​​ ថែមទាំង​​​​សម្រាប់​​​ចលនា​​​សង្គម​​​ស៊ីវិល​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​សម្រាប់​​​អ្នក​​​ក្រីក្រ​​​ និង​​​អ្នក​​​គ្មាន​​​អំណាច​​​នៅ​​​​​​ក្នុង​​​សង្គម​​​របស់​​​យើង​​​ផងដែរ”។

លោក​​​បាន​​​បន្ថែម​​​ថា “គាត់​​​មាន​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​ខ្ពស់ និង​​​ការ​​​ជំរុញ​​​ទឹកចិត្តចំពោះ​​​កិច្ច​​​ការ​​​សិទ្ធិ​​​មនុស្ស​​​ ហើយ​​​គាត់​​​ជាមនុស្ស​​​សកម្ម​​​​​​ និង​ក្លាហានដែល​​​ហ៊ាន​​​ការពារ​​​ជន​​​រង​​​គ្រោះ​​​ដោយ​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស និង​​​ក៏​​​ហ៊ាន​​​រិះ​​​គន់​​​ពី​​​កំហុស​​​ឆ្គង​​​របស់​​​មន្ត្រី​​​រដ្ឋាភិបាល​​​ផង​​​ដែរ​​​”។

លោក ចាន់ សុវ៉េត ​​​បាន​​​ស្លាប់​​​ចោល​​​ប្រពន្ធ​​​របស់​​​គាត់​​​គឺ​​​អ្នកស្រី ប៊ី សុភាព ដែល​​​លោក​​​បាន​​​រៀប​​​ការ​​​ក្នុង​ឆ្នាំ​​​១៩៩៨ ​​​កូនប្រុស​​​ជំទង់​​​ពីរ​​​នាក់ និង​​​កូន​​​ស្រីម្នាក់​​​៕ សារុន (រាយការណ៍​​​បន្ថែម​​​ដោយ Holly Robertson)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស