27 C
Phnom Penh

កម្មករ​​ស្លាប់​​ដោយ​សារ​​ព្យាយាម​លោត​ចេញ​ពី​ជណ្ដើរ​យន្ត​​នៅ​ការដ្ឋាន​សំណង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​វ័យ​២១​ឆ្នាំ​ម្នាក់​បាន​ស្លាប់​កាលពី​ម្សិលមិញ នៅ​ពេល​គាត់​ព្យាយាម​លោត​ចេញ​ពី​ជណ្ដើរ​យន្ត​​ដែល​​ដំណើរ​ការ​ខុស​ប្រក្រតី​នៅ​ឯការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​ខណ្ឌ​៧មករា រាជ​ធានី​ភ្នំពេញ​ ហើយ​បាន​បុក​ក្បាល​នឹង​របារ​ដែក​​។

យោង​តាម​លោក ​ប៉ាត សំណាត ​​នាយប៉ុស្តិ៍​សង្កាត់​បឹង​ព្រលឹត​ បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ជនរងគ្រោះ​ឈ្មោះ​​​ កាំង ស៊ីនឿន ​មក​ពី​ខេត្ត​ព្រៃវែង កំពុង​ជិះ​ជណ្ដើរ​យន្ត​​ឡើង​ទៅ​ជាន់​ទី១៥​នៃ​សំណង់​​​អាផាតមិន ដែលកំពុង​សាង​សង់​ក្នុង​សង្កាត់​នេះ​ជា​មួយ​កម្មករ​បី​នាក់​ផ្សេង​ទៀត ស្រាប់​តែ​ជណ្ដើរ​យន្ត​ចាប់​ផ្ដើម​ញ័រ​យ៉ាង​ខ្លាំង​។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “គាត់​ខុស​ខ្លួន​ឯង​​ដោយ​សារ​ព្យាយាម​លោត​ចេញ​ពី​ជណ្ដើរ​យន្ត​​​ ហើយ​ក៏បុក​ត្រូវ​ក្បាល​ស្លាប់​តែ​ម្ដង​។ គាត់​មិន​​ពាក់​មួយ​ការ​ពារ​សុវត្ថិភាព​ទេ​”។

លោក​ អួង ថា អាយុ​៤៥​ឆ្នាំ ដែល​​ត្រូវ​ជា​ឪពុក​មា​របស់​ជនរងគ្រោះ និង​ជា​កម្មករ​​ធ្វើ​ការ​ជាមួយ​គ្នា​​ ដែល​មិន​បាន​ជិះ​ជណ្ដើរ​យន្ត​នៅ​ពេល​កើត​ហេតុ​ និយាយ​ថា ក្មួយ​ប្រុស​របស់​គាត់​ភ័យ​ស្លន់​ស្លោ​​យ៉ាង​ខ្លាំង​នៅ​ពេល​ជណ្ដើរ​យន្ត​ចាប់​ផ្ដើម​ញ័រ​។ គាត់​និយាយ​ទៀត​ថា “វា​ភ័យ​យ៉ាង​ខ្លាំង​ ពីព្រោះ​​ជណ្ដើរ​យន្ត​ដំណើរ​ការ​មិន​ស្រួល​ដូច​សព្វ​ដង ហើយ​វា​ក៏​ព្យាយាម​លោត​ចេញ​។ ប៉ុន្តែ​​វា​លោត​ចេញ​មិន​រួច​ទេ ហើយ​ក្បាល​របស់​វា​ក៏​គាប​​ជាប់​នឹង​របារ​ដែក​ជណ្ដើរ​យន្ត​”។

អ្នកស្រី ថុង ផល្លា អាយុ​៤៥​ឆ្នាំ ដែល​ត្រូវ​ជា​ម្ដាយ​មីង​របស់​ កាំង ស៊ីនឿន និង​ដែល​ធ្វើ​ការ​នៅ​ការដ្ឋាន​នេះជាមួយ​គ្នា​​ បាន​និយាយ​ថា មុន​ពេល​កើត​ហេតុ​ គាត់​កំពុង​រង់ចាំ​​ជណ្ដើរ​យន្ត​នៅ​ជាន់​ទី១៥​នៃ​អគារ​​ខាង​លើ​នេះ​ដែល​នឹង​មាន​កម្ពស់​ជាង​៣០​ជាន់​នៅ​ពេល​សាង​សង់​រួច​រាល់​ ហើយ​​គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​​នៅ​ពេល​ជណ្ដើរ​យន្ត​ឡើង​ជិត​ដល់​ជាន់​ទី​១៤។ អ្នកស្រី​និយាយ​ទៀត​ថា “វា​ [កាំង ស៊ីនឿន] បាន​អើត​​ក្បាល​ចេញ​​ក្រៅ​ជណ្ដើរ​យន្ត ហើយ​ក៏​បុក​ត្រូវ​ដែក​​ស្លាប់​ភ្លាមៗ​”។

ទាំង​ឪពុក​មា​ និង​ម្ដាយ​មីង​របស់​ជនរងគ្រោះ​សុទ្ធ​តែ​និយាយ​ថា ពួកគាត់​មិន​ស្គាល់​ឈ្មោះ​ក្រុម​ហ៊ុន​​សាង​សង់​អគារ​នេះ​។ លោក ឡេង តុង ​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការ​ងារ​នៃ​ក្រសួង​ការ​ងារ​​ មិន​អាច​ទាក់​ទង​​បាន​ទេ​កាលពី​ម្សិលមិញ​ ប៉ុន្តែ​កាល​ពី​មុន​ធ្លាប់​បាន​លើក​ឡើង​ថា នាយកដ្ឋាន​របស់​លោក​មិន​ត្រួត​ពិនិត្យ​​ការដ្ឋាន​សាងសង់​អគារ​ខ្ពស់ៗទេ។

ក្រសួង​ការ​ងារ​​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ផ្លូវ​ការ​​ចំពោះ​​សុវត្ថិភាព​​របស់​កម្មករ​ គ្មាន​​ច្បាប់​សុវត្ថិភាព​សម្រាប់​កម្មករ​សំណង់​ ឬការដ្ឋាន​​សំណង់​ទេ​។ ផ្ទុយ​ទៅ​​វិញ​ បណ្ដា​ក្រុម​ហ៊ុន​សាង​សង់​​គឺ​ជា​អ្នក​គ្រប់គ្រង​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង ហើយ​មិន​ប្រឈម​នឹង​ផលវិបាក​ឡើយ​​​ចំពោះ​ការ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់អាយុជីវិត​របស់​កម្មករ​​ស៊ីឈ្នួល​ប្រចាំ​ថ្ងៃ​ដែល​ពួកគេ​ជួល​ឲ្យ​ធ្វើ​ការ​ងារ​គ្រោះ​ថ្នាក់​ដោយ​​គ្មាន​ឧបករណ៍​សុវត្ថិភាព​។

លោក នូ នីម ប្រធាន​​មន្ទីរ​ការ​ងារ​រាជ​ធានី​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​មិនអាច​ធ្វើ​ការ​បំភ្លឺ​ជុំវិញ​ការ​​ស្លាប់​របស់​យុវជន​ កាំង ស៊ីនឿន ឬការដ្ឋាន​ដែល​ជនរងគ្រោះ​ធ្វើ​ការ​បាន​ឡើយ​។ លោក​មាន​ប្រសាសន៍​ទៀត​​ថា “យើង​មិន​ដឹង​ពី​ករណី​នេះ​ទេ។ ក្រុម​ហ៊៊ុន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ”។

លោក​ ដេវ វែល (Dave Welsh) នាយក​ប្រចាំ​ប្រទេស​កម្ពុជា​ នៃ​មជ្ឈមណ្ឌល​សាមគ្គីភាព​ (Solidarity Center) ជា​អង្គការ​សិទ្ធិ​ការ​ងារ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​​ បានមាន​ប្រសាសន៍​ថា រដ្ឋាភិបាល​​ “បើក​ចំហ​ណាស់​” ចំពោះ​អសមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​ឧស្សាហកម្ម​សំណង់​ដែល​កំពុង​រីក​ចម្រើន​។ លោក​លើក​ឡើង​ថា “វិស័យ​សំណង់​កំពុង​មាន​ការ​រីក​ចម្រើន​ ហើយ​ស្ទើរ​តែ​គ្មាន​ច្បាប់​ទម្លាប់​ទាំង​ស្រុង​។ រដ្ឋាភិបាល​​​ចាំបាច់​ត្រូវ​ខិត​ខំ​បន្ថែម​ទៀត​​ដើម្បី​បង្កើត​ច្បាប់​ និង​អនុវត្ត​វា”៕ សុខុម​ (រាយការណ៍បន្ថែម​ដោយ​ Alex Consiglio)​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស