27 C
Phnom Penh

នគរ​បាល​ប្រាំមួយ​នាក់​ត្រូវ​បាន​បញ្ឈរ​ជើង​​ដោយ​សារ​ការ​បាញ់​ស្លាប់​បុរស​ម្នាក់​អំឡុង​ពេល​បង្ក្រាប​សង្វៀន​​ជល់​មាន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មន្ត្រី​នគរ​បាល​ខេត្ត​ត្បូង​ឃ្មុំ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា នគរ​បាល​ប្រាំមួយ​នាក់​នៅ​ក្នុង​ខេត្ត​នេះ​ ដែល​បាន​បើក​ការ​បាញ់​ប្រហារ​អំឡុង​ពេល​ឆ្មក់​បង្ក្រាប​សង្វៀន​ជល់​មាន់​ខុស​ច្បាប់​មួយ​កន្លែង​ ដែល​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាត់​បង់​ជីវិត​នោះ ​ត្រូវ​បាន​បញ្ឈរ​ជើង​ពី​តួនាទី​កាលពី​ម្សិលមិញ។

យុវជន​ឈ្មោះ ឆាយ អឿន អាយុ​២៥​ឆ្នាំ ​បាន​​ស្លាប់​​កាលពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា បន្ទាប់ពី​ត្រូវ​គ្រាប់​កំាភ្លើង​ចំដើម​ទ្រូង​ ខណៈ​ពេល​គាត់​កំពុង​មើល​​ល្បែង​ជល់មាន់​ក្នុង​ឃុំ​ចាន់​មូល ស្រុក​មេមត់។

បួន​ថ្ងៃ​ក្រោយ​មក​ នគរ​បាល​​ឃុំ​ និង​នគរ​បាល​ស្រុក​ចំនួន​១៣​នាក់​ត្រូវ​បាន​កោះ​ហៅ​ទៅ​សាកសួរ។ ក្នុង​ចំណោម​នគរ​បាល​ទាំង​នោះ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​​ចោទ​ប្រកាន់​ជុំ​វិញ​ការ​បាញ់​ស្លាប់​ជនរងគ្រោះ​នេះ​ទេ។ លោក ម៉ៅ ពៅ ស្នង​ការ​ខេត្ត​ត្បូងឃ្មុំ​បាន​មាន​ប្រសាសន៍​ពីរ​ដង​រួច​មក​ហើយ​ថា ជនរងគ្រោះ​បាន​ស្លាប់​​ដោយ​សារ​គ្រាប់​កាំភ្លើង​ដែល​នគរ​បាល​បាញ់​ឡើង​លើ​ជា​ការ​ព្រមាន​ ប៉ុន្តែ​​ត្រូវ​ដើម​ឈើ ​ហើយ​ប្លាត​មក​ត្រូវ​​។

កាលពី​ម្សិលមិញ លោក ចក់ សុខកៅ នាយការិយាល័យ​បទ​ល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្ដីទី​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា ​មន្ត្រី​នគរ​បាល​​ប្រាំមួយនាក់​ត្រូវ​បាន​​បញ្ឈរជើង​ និង​កំពុង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​​រហូត​ទាល់​តែ​ការ​ស៊ើបអង្កេត​ចប់​សព្វ​គ្រប់។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “រហូត​មកទល់​ថ្ងៃ​នេះ យើង​បាន​សម្រេច​​​ចិត្ត​បញ្ឈរ​ជើង​​នគរ​បាល​ស្រុក​ប្រាំមួយ​នាក់​ដែល​ត្រូវ​បាន​សាកសួរ​កាលពី​ខែ​មុន ក្នុង​នោះ​រួម​មាន​ទាំង​អធិការរង​ស្រុក ជី លីមហេង ដែល​បាន​ដឹក​នាំ​ការ​ឆ្មក់​បង្ក្រាប​ការ​ជល់មាន់​កាលពី​ខែ​មុន​ផង​ដែរ”។ លោក​បាន​លើក​ឡើង​បន្ត​ថា មន្ត្រី​នគរ​បាល​ប្រាំពីរ​នាក់​ផ្សេង​ទៀត​​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ​ទេ​នៅ​ថ្ងៃ​ចុះ​បង្ក្រាប​ការ​ជល់មាន់​ ដូច្នេះ​ពួកគេ​គ្មាន​ទោស​​ពៃរ៍​នោះ​ទេ។

លោក​ ជី​ លីមហេង ​មិន​បាន​បញ្ចេញ​ឈ្មោះ​​ជនសង្ស័យ​ប្រាំ​នាក់​ផ្សេង​ទៀត​ទេ ហើយ​បាន​លើក​ឡើង​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​វិភាគ​​គ្រាប់​កាំភ្លើង​​ និង​សម្បក​កន្ទុះ​ដើម្បី​កំណត់​ថា តើ​នគរ​បាល​បាន​បាញ់​សំដៅ​ទៅ​រក​ជនរងគ្រោះ​​ឬយ៉ាង​ណា​។ លោក​បាន​មាន​ប្រសាសន៍​ថា “បើ​យើង​ដឹង​ថា ម្ចាស់​កាំភ្លើង​មាន​ចេតនា​សម្លាប់​បុរស​នោះ យើង​នឹង​មិន​ការ​ពារ​គាត់​ឡើយ យើង​នឹង​បញ្ជូន​គាត់​ទៅ​សាលា​ដំបូង​ខេត្ត​ភ្លាម​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​”។

ប៉ុន្តែ​លោក សេង គុណ អាយុ​៤២​ឆ្នាំ ដែល​ត្រូវ​ជា​ឪពុក​ក្មេក​របស់​ ឆាយ អឿន បាន​និយាយ​ថា “​ពួកគេ​ស្គាល់​មុខ​អ្នក​បាញ់ ហើយ​ដឹង​ថា គេ​មាន​ចេតនា​សម្លាប់​កូនប្រសា​ខ្ញុំ ហើយ​ពួកគេ​កំពុង​ព្យាយាម​លាក់​អត្តសញ្ញាណ​របស់​អ្នក​បាញ់​​”៕ សុខុម​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស