លោក អេង ឆៃអ៊ាង សមាជិកសភាគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោកនឹងទៅពិនិត្យមើលមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺក្នុងរាជធានីភ្នំពេញដើម្បីសើុបអង្កេតការព្យាបាលអ្នកជាប់ឃុំដ៏ចម្រូងចម្រាស បន្ទាប់ពីការស្លាប់បុរសម្នាក់ដែលមានការចោទប្រកាន់កាលពីពេលថ្មីៗនេះ។
លោក អេង ឆៃអ៊ាង ដែលជាប្រធានគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាបានមានប្រសាសន៍កាលពីម្សិលមិញថា វាសំខាន់ណាស់ដែលលោកទៅពិនិត្យមើលមជ្ឈមណ្ឌលនេះ បន្ទាប់ពីមានព័ត៌មានថា អ្នកជាប់ឃុំមានជំងឺម្នាក់បានស្លាប់នៅទីនោះកាលពីថ្ងៃទី២៦ខែវិច្ឆិកា បន្ទាប់ពីត្រូវបានបដិសេធមិនព្រមព្យាបាលរយៈពេលជាច្រើនសប្តាហ៍។
លោកបានមានប្រសាសន៍ថា “វាចាំបាច់ណាស់សម្រាប់ខ្ញុំចុះទៅពិនិត្យមើលស្ថានភាពនោះ ដើម្បីធានាថា មិនមានការរំលោភបំពានសិទ្ធិមនុស្សនៅទីនោះ”។
លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញបានអះអាងថា លោក សូ ភា ជាបុរសអនាថាម្នាក់ដែលត្រូវបានអាជ្ញាធរដឹកមកកាលពីថ្ងៃទី២ ខែវិច្ឆិកា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញយ៉ាងហោចណាស់ក៏ពីរដងដែរ អំឡុងលោកស្នាក់នៅមជ្ឈមណ្ឌលនេះ។ ប៉ុន្តែ មន្ទីរពេទ្យមិនមានរបាយការណ៍ថាគាត់ធ្លាប់ទៅទីនោះទេ។
អង្គការសិទ្ធិមនុស្សចោទប្រកាន់មជ្ឈមណ្ឌលនេះថាបានឃុំខ្លួនជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយវាយធ្វើបាបពួកគេ។
លោក Mathieu Pellerin អ្នកពិគ្រោះយោបល់នៅអង្គការលីកាដូបានស្វាគមន៍ការទៅពិនិត្យមើលរបស់លោក អេង ឆៃអ៊ាង ប៉ុន្តែ លោកព្រួយបារម្ភថា ការប្រកាសពីការមកដល់របស់លោកជាមុននេះ នឹងផ្តល់ពេលឲ្យបុគ្គលិកនៅទីនោះលាក់បាំងភ័ស្តុតាង។
លោកបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា ការចុះទៅពិនិត្យមើលនេះ គឺជាការចាប់ផ្តើមចូលរួមដ៏ធំធេង” រួមទាំងការពិនិត្យមើលដ៏គួរឲ្យភ្ញាក់ផ្អើលនៅពេលអនាគតរបស់គណៈកម្មការនេះ និងការសម្ភាសអតីតអ្នកជាប់ឃុំមួយចំនួនទៀត។ “ចាំមើលថា តើមានអ្វីកើតឡើងទៀត៕ សារុន