30 C
Phnom Penh

កិច្ច​ប្រជុំ​យុទ្ធសាស្ត្រ​ត្រូវ​បាន​ធ្វើ​ឡើង​ជុំវិញ​​អនាគត​របស់​​អង្គការ​អាហ្វេស៊ីប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​​រងការ​រិះគន់​ពី​សាធារណៈ​អស់​ជាច្រើន​ខែ​​ជុំវិញ​រឿង​អាស្រូវ​របស់​លោកស្រី ម៉ម សុមាលី ដែល​ជា​ស្ថាបនិក​របស់​ខ្លួន​ អង្គការ​អាហ្វេស៊ីប ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បាន​ចាត់​វិធានការ​​ជា​លើក​ដំបូង​ ដើម្បី​ស្ដារ​កេរ្តិ៍​ឈ្មោះ​ខ្លួន​ឡើង​វិញ ដោយ​ម្ចាស់​ជំនួយ​អន្តរជាតិ​ដែល​នៅ​សេស​សល់​មួយ​ចំនួន​តូច​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​​កាលពី​សប្ដាហ៍​កន្លង​ទៅ​នេះ​ សម្រាប់​​ “កិច្ច​ប្រជុំ​យុទ្ធសាស្ត្រ​ទៅ​ថ្ងៃ​អនាគត”។

លោកស្រី​ ម៉ម សុមាលី បាន​ស្ថិត​ក្នុង​ភាព​ដ៏​ចម្រូងចម្រាស​​​ចាប់​តាំង​ពី​​​រឿង​អតីត​កាល​របស់​លោកស្រី​ ដែលជា​ទាសករ​ផ្លូវ​ភេទ​​ត្រូវ​បាន​គេ​បង្ហាញ​ថា ជា​ការ​ប្រឌិត​ឡើង​មួយ​ ហើយ​​មាន​ការ​លាត​ត្រដាង​ថា លោកស្រី​បាន​បង្រៀន​ស្ត្រី​ក្មេងៗ​​មួយ​ចំនួន​នៅ​ក្នុង​អង្គការ​របស់​លោកស្រី​ឲ្យ​ប្រឌិត​រឿង​រំលោភ​បំពាន​ផ្លូវ​ភេទ​ដ៏​​គួរ​ឲ្យ​តក់​ស្លុត​របស់​ខ្លួន​​នោះ​។

កាលពី​ខែ​ឧសភា លោកស្រី​បាន​លាលែង​ពី​​មូលនិធិ​ ម៉ម សុមាលី ​​របស់​លោកស្រី​ដែល​ជា​​អង្គការ​មួយ​កៀងគរ​ម្ចាស់​ជំនួយ​សម្រាប់​អង្គការ​អាហ្វេស៊ីប​នោះ។ មួយ​ខែ​ក្រោយ​មក​​មូលនិធិ​ ម៉ម សុមាលី បាន​​ដក​មូលនិធិ​របស់​ខ្លួន​​​ភ្លាមៗ​ចេញ​ពី​អង្គការ​អាហ្វេស៊ីប​​ ដោយ​ធ្វើ​ឲ្យ​ប្រតិបត្តិការ​របស់​​អង្គការ​នេះ​ជួប​​ការ​លំបាក​យ៉ាង​ខ្លាំង​ ដែល​បន្ទាប់​មក​បាន​​បិត​ទ្វារ​នៅ​ខែ​កញ្ញា ក្រោយ​ពេល​មាន​ការ​ស៊ើបអង្កេត​​ផ្ទៃ​ក្នុង​​​មួយ​ដោយ​ក្រុម​ហ៊ុន​ច្បាប់ Goodwin Procter ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។

ប៉ុន្តែ​​ចាប់​តាំងពី​ពាក់​កណ្ដាល​ខែ​កញ្ញា​មក លោកស្រី​ ម៉ម សុមាលី បាន​ផ្ដល់​ការ​សម្ភាស​មួយ​ចំនួន​​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​គោល​បំណង​ស្ដារ​អាជីព​ និង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ឡើង​វិញ ហើយ​កាលពី​សប្ដាហ៍​កន្លង​ទៅ​នេះ​ តំណាង​របស់​អង្គការ​ Project Future ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​អូស្ត្រាលី​ ក៏​ដូចជា​​ “អ្នក​គាំទ្រ​ធំៗ” មក​ពី​សហ​រដ្ឋអាមេរិក​ផង​ដែរ​បាន​​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដើម្បី​ពិភាក្សា​អំពី​អនាគត​របស់​អង្គការ​អាហ្វេស៊ីប។

អត្ថបទ​​​កាលពី​ថ្ងៃ​ទី៣ ខែ​ធ្នូ​មួយ ដែល​​បង្ហោះ​​នៅ​លើ​គេហទំព័រ​​​របស់​អង្គការ Project Future ​និង​ដែល​សរសេរ​ដោយ​លោកស្រី​ Stephanie Lorenzo ជា​​ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​របស់​អង្គការ​នេះ​បាន​លើក​ឡើង​ថា កិច្ច​ប្រជុំ​យុទ្ធសាស្ត្រ​​ដែល​មាន​រយៈ​ពេល​១សប្ដាហ៍​នេះ​​​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជួយ​បង្កើត​គំរូ​​ផ្ដល់​មូលនិធិ​ និង​សេវា​ដែល​មាន​រយៈ​ពេល​យូរ​​​ប្រកប​ដោយ​និរន្តរភាព​”។

លោកស្រី Lorenzo បាន​លើក​ឡើង​ថា វា​ជា​រឿង​ងាយ​ស្រួល​សម្រាប់​អង្គការ​របស់​លោកស្រី​ក្នុង​ការ​បញ្ចប់​ទំនាក់​ទំនង​ជាមួយ​អង្គការ​អាហ្វេស៊ីប។ លោក​ស្រី​បាន​សរសេរ​ថា “ប៉ុន្តែ​ផ្ទុយ​​ទៅវិញ យើង​បាន​សម្រេច​ធ្វើ​អ្វី​ដែល​យើង​គិត​ថា ត្រឹម​ត្រូវ​ វា​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​យើង វា​ប្រហែល​មិន​មែន​ជា​ជម្រើស​ដ៏ល្អ​នោះ​ទេ ប៉ុន្តែ​រឿង​ចុង​ក្រោយ​ដែល​យើង​ចង់​ធ្វើ គឺ​បោះ​បង់​ចោល​អង្គការ​មួយ​ដែល​​ងើប​ឡើង​វិញ​ដូច​ស្ត្រី​ដែល​អង្គការ​នេះ​បាន​ផ្ដល់​ជម្រក​”។

នៅ​ក្នុង​អុីម៉េលជា​បន្ត​បន្ទាប់​កាលពី​ថ្ងៃ​អង្គារ លោកស្រី Lorenzo បាន​លើក​ឡើង​ថា “គ្មាន​អ្វី​​ដែល​ថា​ផ្លាស់​ប្ដូរ​មិន​បាន​​នោះ​ទេ” ​ដោយ​ពាក់​ព័ន្ធ​នឹង​ថា តើ​អង្គការ​របស់​លោកស្រី​នឹង​បន្ត​គាំទ្រ​អង្គការ​អាហ្វេស៊ីប​ទៀត​ឬក៏អត់​ពេល​​ដាច់​ឆ្នាំ​២០១៤​ ប៉ុន្តែ​ថា រឿង​នេះ​អាច​បញ្ជាក់​ច្បាស់​បាន​នៅ​​ខែ​មករា នៅ​ពេល​ក្រុម​ប្រឹក្សា​របស់​អង្គការ​ Project Future ជួប​ប្រជុំ​គ្នា​លើក​ក្រោយ​។ លោកស្រី​បាន​សរសេរ​ថា “វា​ជា​ដំណើរ​ការ​រយៈ​ពេល​យូរ ប៉ុន្តែ​យើង​នឹង​ធ្វើ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ថា ជីវិត​ជា​ច្រើន​​កំពុង​ជួប​ហានិភ័យ​”។

អ្នក​ការ​ពារ​រឿង​រ៉ាវ​​របស់​លោកស្រី​ ម៉ម សុមាលី ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​ បាន​ច្រាន​ចោល​សំណើ​មួយ​ចំនួន​ដែល​សុំ​សម្ភាស​ជា​មួយ​លោក​ស្រី ម៉ម សុមាលី ហើយ​លោក​ សៅ ឈឿត នាយកប្រតិបត្តិ​អង្គការ​អាហ្វេស៊ីប​បាន​​ផ្ដាច់​ទូរស័ព្ទ​របស់​អ្នក​យកព័ត៌មាន​ម្នាក់​នៅ​ពេល​​អ្នក​យក​ព័ត៌មាន​រូប​នេះ​សួរ​អំពី​ស្ថានភាព​របស់​អង្គការ​លោក​៕ ស៊ុយឈាង​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស