លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសប្តាហ៍នេះបានបើកយុទ្ធនាការទីផ្សារមួយឈ្មោះថា “នាំយកភាពស្រស់សង្ហារបស់អ្នកត្រឡប់មកវិញ” ក្នុងបំណងលើកស្ទួយវប្បធម៌នៃការផឹកស្រាដោយទទួលខុសត្រូវក្នុងចំណោមយុវជន ដោយភ្ជាប់ការផឹកច្រើនហួសហេតុទៅនឹងការបាត់បង់ភាពស្រស់សង្ហា។
ចាប់ផ្តើមកាលពីថ្ងៃច័ន្ទ និងក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបម្រើការយូរនោះ យុទ្ធនាការដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរកម្ពុជា Tiger និងមាននៅលើទំព័រហ្វេសប៊ុក ដែលលើកទឹកចិត្តអ្នកផឹកឲ្យនិយាយថា “មិនមែនខ្ញុំទេ” អំពីរូបនៃបុរសម្នាក់ដែលដេកសន្លប់ដោយស្រវឹង នឹងមានកម្មវិធីសប្បាយរីករាយបំផុតជាមួយនឹងការប្រគំតន្ត្រីនៅក្រុងភ្នំពេញនាថ្ងៃទី២៤ខែធ្នូខាងមុខនេះ។
លោក ពៅ ម៉ាលី អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាមន្ត្រីម្នាក់ដែលបានចូលរួមក្នុងការបើកយុទ្ធនាការនេះបានពន្យល់ថា “នេះជាការឃោសនាស្រាបៀរ។ ប៉ុន្តែការបើកយុទ្ធនាការនេះ គឺក្នុងបំណងអប់រំប្រជាជនកុំឲ្យផឹកគ្រឿងស្រវឹងលើសកម្រិតដែលអ្នកអាចគ្រប់គ្រងខ្លួនបាន”។ លោក ម៉ាលី បានបន្ថែមថា “វាជាការដាស់ស្មារតីឲ្យប្រជាជនផឹកគ្រឿងស្រវឹងប្រកបដោយសេចក្តីថ្លៃថ្នូរ និងកែប្រែអាកប្បកិរិយារបស់មនុស្ស”។
លោក រ៉ូឡិន បាឡា អ្នកចាត់់ការទូទៅនៅក្រុមហ៊ុន ខេមបូឌា ប៊្រូវេរី លីមីធីត ដែលផលិតស្រាបៀរថាយហ្គឺនៅប្រទេសកម្ពុជា បាននិយាយថា យុទ្ធនាការនេះជាផ្នែកមួយការប្រឹងប្រែងរបស់ក្រុមហ៊ុនលោកប្រើវិធីរកទីផ្សារប្រកបដោយមនសិការសង្គម។ លោក បាឡា បាននិយាយថា “ទាំងអស់នេះសុទ្ធតែអំពីការពិសាប្រកបដោយការទទួលខុសត្រូវ និងអំពាវនាវដល់ប្រជាជនឲ្យមានការទទួលខុសត្រូវ។ ពេលអ្នកផឹក អ្នកសប្បាយ ប៉ុន្តែត្រូវផឹកមានកម្រិត និងរក្សាសុខភាព”។
លោកបាននិយាយថា “ជួនកាលបើអ្នកទៅត្រង់តែម្តង វាលំបាកចូលដល់ស្រទាប់យុវជន ដូច្នេះ នេះជាការប្រឹងប្រែងស្របជាមួយគ្នា ដើម្បីលើកទឹកចិត្តអ្នកផឹកឲ្យទទួលខុសត្រូវ។ នេះជាឆ្នាំទី៣ហើយដែលយើងបានរៀបចំយុទ្ធនាការនេះដើម្បីជំរុញការផឹកដោយមានការទទួលខុសត្រូវ”។
លោក ខៀវ កាញារីទ្ធ ដែលកំពុងធ្វើទស្សនកិច្ចទីក្រុង មីឡាន ប្រទេសអីុតាលី ជាមួយភរិយារបស់លោក មិនបានឆ្លើយតបនឹងសំណើសុំការអធិប្បាយទេ។
ទស្សនៈរបស់មនុស្សម្នាក់ដែលព្យាយាមបង្ហាញឡើងវិញនូវ”ភាពទាក់ទាញ”ធ្វើឲ្យមានការពេញនិយមដោយអ្នកចម្រៀងបទញាក់របស់អាមេរិកឈ្មោះ ចាស្ទីន ធីមប៊ឺឡេក ដែលចេញបទញាក់ឆ្នាំ២០០៦របស់គាត់ឈ្មោះថា “Sexy Back” និងអាល់ប៊ុមមួយទៀតមានចំណងជើងថា “ការរួមភេទនៅពេលអនាគត/សុវត្ថិភាពស្នេហ៍”។
ក្នុងបទចម្រៀងនោះ លោក ធីមប៊ឺឡេក ចាប់ផ្តើមថា “ខ្ញុំនាំយកភាពស្រស់សង្ហាត្រឡប់មកវិញ។ ពួកគេ ក្មេងប្រុសផ្សេងទៀតមិនដឹងធ្វើរបៀបណា។ ខ្ញុំគិតថា វាពិសេស គឺអ្វីនៅពីក្រោយខ្នងរបស់អ្នក?”។ លោក ធីមប៊ឺឡេក បន្តទៀតថា “ប្អូនៗ ឯងឃើញច្រវាក់ទាំងនេះ។ ប្អូនៗ ខ្ញុំជាទាសកររបស់ឯង។ ខ្ញុំឲ្យឯងវាយខ្ញុំ បើខ្ញុំប្រព្រឹត្តមិនសមរម្យ”។
បទចម្រៀង Sexy Back លក់ដាច់ជាប់លំដាប់លេខ១លើបញ្ជីចម្រៀងអាមេរិក ហើយមានរយៈពេលរហូតដល់៧ថ្ងៃ។
ទោះជាបទចម្រៀងនេះមានប្រជាប្រិយភាពក៏ដោយ ក៏លោក បាឡា មិនបានដឹងអំពីអត្ថិភាពនៃបទនេះពីមុនមកទេ ហើយគ្រាន់តែជក់ចិត្តដោយសារការទាក់ទាញយ៉ាងច្បាស់ នៃ”ការវិលត្រឡប់មកវិញនូវភាពសង្ហាប៉ុណ្ណោះ”។
លោកបាននិយាយថា “ខ្ញុំថែមទាំងមិនដឹងថា បទចម្រៀងបែបនេះមាននោះទេ។ បើអ្នកក្រឡេកមើលមនុស្សនៅទីនេះ ពួកគេភាគច្រើនបំផុតស្ថិតក្នុងវ័យយុវជន មានអាយុមធ្យមគឺ២៣ទៅ២៤ឆ្នាំ ហើយយុវជនទាំងនេះចង់សង្ហា នេះជាការខិតខំដ៏ស្មោះត្រង់របស់យើងដើម្បីលើកកម្ពស់ការយល់ដឹង”៕មានិត