បន្ទាប់ពីមានភាពជាប់គាំងជិតពីរសប្តាហ៍ កាលពីម្សិលមិញក្រសួងមហាផ្ទៃបានបញ្ជូនមន្ត្រីឲ្យទៅចូលរួមជាមួយតំណាងមកពីអង្គការសហប្រជាជាតិ ដោយធ្វើដំណើរទៅជួបក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាចំនួន១៣នាក់ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃក្នុងខេត្តរតនគិរីចាប់តាំងពីពួកគេបានឆ្លងកាត់ព្រំដែនពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាកាលពីប្រាំមួយសប្តាហ៍កន្លងមកនេះ។
ចាប់តាំងពីចុងខែមុនមក ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យអនុញ្ញាតឲ្យក្រុមជនជាតិភាគតិចម៉ុងតាញ៉ាបានមករាជធានីភ្នំពេញដើម្បីស្នើសុំសិទ្ធិជ្រកកោន។
លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានលើកឡើងថា លោកបានអនុញ្ញាតឲ្យមានការធ្វើដំណើរ ប៉ុន្តែ មិនអាចបញ្ជាក់ពីពេលវេលាដែលមន្ត្រីនឹងជួបជាមួយជនជាតិភាគតិចម៉ុងតាញ៉ាឡើយ។ ក្រុមជនជាតិភាគតិចនេះលើកឡើងថា ខ្លួនគេចពីការប្រើអំពើហិង្សានិងការផ្តន្ទាទោសពីសំណាក់រដ្ឋាភិបាលវៀតណាម។
ឧត្តមសេនីយ៍ សុខ ផល បានមានប្រសាសន៍កាលពីម្សិលមិញថា “ខ្ញុំបានបញ្ជូនមន្ត្រីរបស់ខ្ញុំឲ្យទៅចូលរួមជាមួយ UNHCR និង [OHCHR] រួចហើយ ប៉ុន្តែ ខ្ញុំមិនដឹងទេថា តើពួកគេអាចជួបជនជាតិភាគតិចម៉ុងតាញ៉ាហើយឬនៅនោះ។ ខ្ញុំបានប្រាប់អាជ្ញាធររបស់ខ្ញុំឲ្យធ្វើរបាយការណ៍មកខ្ញុំនៅពេលពួកគេទទួលបានព័ត៌មាន ឬប្រសិនបើពួកគេបានជួបជាមួយជនជាតិភាគតិចម៉ុងតាញ៉ា”។
លោកស្រី Wan-Hea Lee តំណាងប្រចាំប្រទេសរបស់ OHCHR បានបញ្ជាក់កាលពីម្សិលមិញថា គណៈប្រតិភូរបស់អង្គការសហប្រជាជាតិ និងរដ្ឋាភិបាល “បានធ្វើដំណើរក្នុងថ្ងៃនេះទៅកាន់ខេត្តរតនគិរី ដើម្បីជួបជាមួយជនជាតិភាគតិចម៉ុងតាញ៉ា ដែលកំពុងស្វែងរកសិទ្ធិជ្រកកោន”។
លោក ឆាយ ធី អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរីបានលើកឡើងថា ក្រុមការងារបានទៅដល់ខេត្តរតនគិរីកាលពីរសៀលម្សិលមិញ ហើយមានផែនការជួបជាមួយ លោក ថោង សាវុន អភិបាលខេត្តក្នុងថ្ងៃនេះ។
ជនជាតិភាគតិចម៉ុងតាញ៉ាចំនួន១៣នាក់ដែលជាសមាជិកនៃក្រុមជនជាតិភាគតិច ដែលប្រមូលផ្តុំគ្នានៅតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម កំពុងលាក់ខ្លួនក្នុងស្រុកលំផាត់ ខេត្តរតនគិរី ហើយមកទល់ពេលនេះកំពុងតែគេចពីនគរបាលមូលដ្ឋានដែលហៅក្រុមនេះថា ជា “ជនអន្តោប្រវេសន៍ខុសច្បាប់” ហើយគំរាមនិរទេសពួកគេប្រសិនបើចាប់ពួកគេបាន។
ដំណើរទៅខេត្តរតនគិរីកាលពីម្សិលមិញ ត្រូវបានធ្វើឡើង បន្ទាប់ពីគណៈប្រតិភូរបស់អង្គការសហប្រជាជាតិបានត្រឡប់មករាជធានីភ្នំពេញវិញកាលពីថ្ងៃទី៥ ខែធ្នូ បន្ទាប់ពីការចារចារយៈពេលបីថ្ងៃសុំជួបជាមួយអ្នកស្វែងរកសិទ្ធិជ្រកកោនមិនបានទទួលជោគជ័យ ដោយអាជ្ញាធរមូលដ្ឋានលើកឡើងថា ទាល់តែពួកគេមានលិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងមហាផ្ទៃចេញកាលពីព្រឹកថ្ងៃពុធ បានដកស្រង់លិខិតចុះថ្ងៃទី៥ ខែធ្នូ របស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ញើជូនលោក ហ្សង់ហ្វ្រង់ស័រ កូតាំង ឯកអគ្គរដ្ឋសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ដែលមានខ្លឹមសារថា “ប្រសិនបើទីតាំងរបស់ពួកគេត្រូវបានបង្ហាញ ខ្ញុំស្វាគមន៍ដោយឲ្យមន្ត្រីរបស់យើងទៅចូលរួមជាមួយក្រុមការងារមកពីអង្គការសហប្រជាជាតិ ឬអនុញ្ញាតឲ្យអង្គការសហប្រជាជាតិទាក់ទងជាមួយក្រុមជនជាតិភាគតិចនេះ”។
ប៉ុន្តែ ទាំងក្រសួងមហាផ្ទៃ និងមន្ត្រីខេត្តនៅតែមានការសង្ស័យចំពោះការអះអាងរបស់ក្រុមជនជាតិភាគតិចនេះដែលថា ខ្លួនគឺជាក្រុមជនជាតិភាគតិចម៉ុងតាញ៉ា ដែលមានសិទ្ធិជ្រកកោនស្របច្បាប់។
ក្រុមជនជាតិដើមភាគតិចចារ៉ាយនៅកម្ពុជាជាក្រុមជនជាតិដើមភាគតិចមួយក្នុងចំណោមកុលសម្ព័ន្ធប្រហែល៣០ដែលបង្កើតបានជាជនជាតិភាគតិចម៉ុងតាញ៉ានោះបានផ្តល់ស្បៀងអាហារ និងជម្រកដល់ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនេះ ដែលបានបំបែកគ្នាជាបីក្រុមតូចៗចាប់តាំងពីពួកគេឆ្លងកាត់ព្រំដែនមក។
នៅពេលអង្គការសហប្រជាជាតិកំពុងនៅក្នុងខេត្តនេះកាលពីសប្តាហ៍មុន ជនជាតិដើមភាគតិចចារ៉ាយ បានបដិសេធការផ្តល់ជំនួយពីសំណាក់គណៈប្រតិភូរបស់អង្គការសហប្រជាជាតិ ដែលចង់ជួយផ្លាស់ទីតាំងរបស់ជនជាតិភាគតិចម៉ុងតាញ៉ា ដោយខ្លាចក្រែងថាប្រតិបត្តិការនេះដែលមិនមានការអនុញ្ញាតពីរដ្ឋាភិបាលអាចធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ក្រុមជនជាតិភាគតិចនេះ។
អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយម្នាក់ដែលជួយមើលថែទាំជនជាតិភាគតិចម៉ុងតាញ៉ា និងដែលស្នើសុំលាក់អត្តសញ្ញាណ ព្រោះខ្លាចក្រែងមានការធ្វើទុក្ខបុកម្នេញបានលើកឡើងកាលពីម្សិលមិញថា អង្គការអាដហុកបានជូនដំណឹងដល់គាត់ថា តំណាងអង្គការសហប្រជាជាតិកំពុងត្រឡប់ទៅតំបន់នោះវិញហើយ។
អ្នកភូមិរូបនេះបានលើកឡើងទៀតថា ក្រុមជនជាតិដើមភាគតិចចារ៉ាយ នឹងរង់ចាំរហូតដល់មានការចរចាគ្នារវាងអង្គការសហប្រជាជាតិ ក្រសួងមហាផ្ទៃ និងមន្ត្រីខេត្ត មុនពេលសម្រេចថា តើត្រូវជូនគណៈប្រតិភូទៅជួបជនជាតិភាគតិចម៉ុងតាញ៉ា ឬក៏អត់។
អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយរូបនេះបាននិយាយថា “ខ្ញុំទទួលបានដំណឹងថា អង្គការសហប្រជាជាតិកំពុងត្រឡប់មកវិញ ប៉ុន្តែ យើងត្រូវរង់ចាំរហូតដល់មានកិច្ចប្រជុំជាមុនសិន មុនពេលសម្រេចថា តើត្រូវនាំពួកគេទៅជួបជាមួយក្រុមជនជាតិភាគតិចនេះ ឬក៏អត់”៕ស៊ុយឈាង