28 C
Phnom Penh

មេបញ្ជាការ​រង​​​​យោធា​ខេត្ត​កំពត​ត្រូវ​ចាប់​ខ្លួន​ពីបទ​ជួញដូរ​ឈើ​ប្រណីត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា មេបញ្ជាការ​​រង​នៃ​កង​យោធពល​​ខេមរភូមិន្ទ​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​នៅ​គេហដ្ឋាន​របស់​គាត់​​ក្នុង​ក្រុង​កំពត តាម​ការ​សង្ស័យ​ពី​បទ​​លក់​ឈើ​ប្រណីត​ខុស​ច្បាប់​ ដែល​គាត់​​រឹប​អូស​បាន​អំឡុង​ពេល​ឆ្មក់​បង្ក្រាប​​គ្មាន​ការ​អនុញ្ញាត​លើ​ឈ្មួញ​ឈើ​ខុស​​ច្បាប់​។

វរសេនីយ៍​ឯក ទិត្យ គឹមសេង ​មេបញ្ជាការ​រង​​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពត ត្រូវ​បាន​ចាប់​ខ្លួន​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់​នៅ​ឯ​គេហដ្ឋាន​របស់​គាត់​ក្នុង​សង្កាត់​អណ្ដូងខ្មែរ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​​លោក ខាន់​ សុផល ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​កំពត ដែល​បាន​ដឹកនាំ​ការ​ស៊ើបអង្កេត​លើ​មេបញ្ជាការ​រង​រូប​នេះ​ អម​ដោយ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត និង​មន្ត្រី​កងរាជ​អាវុធ​ហត្ថ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចាប់​ខ្លួន​គាត់​កាលពី​ម្សិលមិញ​តាមការ​សង្ស័យ​ពីបទ​រឹប​អូស​ឈើ​ពី​ឈ្មួញ​ដែល​គាត់​បាន​​រក្សាទុក​នៅ​ផ្ទះ​របស់​គាត់ ហើយ​បន្ទាប់​មក​លក់បន្ត​​ឲ្យ​ទៅ​ឈ្មួញ​ផ្សេងៗ​ទៀត ដោយ​មិន​រាយការណ៍​ពី​សកម្មភាព​របស់​ខ្លួន​ប្រាប់​ព្រះរាជ​អាជ្ញា​ ឬ​អាជ្ញាធរ​ថ្នាក់​លើ​ផ្សេង​ទៀត”។

លោក ខាន់ សុផល ​បានមាន​ប្រសាសន៍​​ថា មន្ត្រី​កង​យោធពល​ខេមរភូមិន្ទ​រូប​នេះ​​​ត្រូវ​បាន​សាក​សួរ​កាលពី​ម្សិលមិញ ហើយ​បានឲ្យ​ដឹង​​ថា ដោយ​សារ​តែ​​ពេល​នេះ​​សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​ លោក​មិន​អាច​លាត​ត្រដាង​ថា ឈើ​ខុស​ច្បាប់​ដែល​វរសេនីយ៍​ឯក ទិត្យ គឹមសេង រឹប​អូស​បាន​មាន​ចំនួន​ប៉ុន្មាន​ ឬ​ឈើ​ដែល​គាត់​បាន​លក់​មានតម្លៃ​ប៉ុន្មាន​បាន​ទេ​។ លោក​មាន​ប្រសាសន៍​ទៀត​ថា “យើង​បាន​ចាត់​វិធានការ​បន្ទាប់ពី​ទទួល​បាន​ការ​រាយ​ការណ៍​ពី​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​​ថា គាត់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​ឈើ ប៉ុន្តែ​យើង​កំពុង​ស៊ើបអង្កេត​ករណី​នេះ​នៅ​ឡើយ​”។

លោក​បាន​លើក​ឡើង​បន្ត​​ថា ការ​ឆែក​ឆេរ​គេហដ្ឋាន​របស់​លោក ទិត្យ គឹមសេង បាន​រក​ឃើញ​ឈើ​​ប្រណីត​លេខ​១ចំនួន​ពីរ​​ប្រភេទ​ដូច​ជា ឈើ​ដួងចែម និង​ធ្នង់​​ចំនួន​​២៦​សន្លឹក​ ​ដែល​ក្នុង​មួយ​ប្រភេទ​​ៗ​មាន​ចំនួន​​សរុប​ប្រហែល​០,៦២៨​​ម៉ែត្រ​គូប ដែលគេ​ជឿ​ថា គាត់​រឹប​អូស​បាន​នៅ​ក្នុង​ការ​ឆ្មក់​បង្ក្រាប​ក្រៅ​ផ្លូវ​ការ​មួយ​​ក្នុង​ស្រុក​ទឹកឈូរ។

លោក​មាន​ប្រសាសន៍​ថា “យើង​រកឃើញ​ឈើ​មិន​ច្រើន​ទេ​នៅ​ផ្ទះ​របស់​គាត់ ប៉ុន្តែ​រឿង​នោះមិន​សំខាន់​ទេ។ អ្វី​ដែល​សំខាន់​គឺ​ថា តើ​ឈើ​ទាំង​នោះ​​មាន​​ប្រភព​ចេញ​ពី​ណា ហើយ​គាត់​មាន​បំណង​យក​ឈើ​ទាំង​នោះ​ទៅ​ធ្វើ​អ្វី”។ លោក​បាន​លើក​ឡើង​បន្ត​ថា លោក​ ទិត្យ គឹមសេង នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ដើម្បី​ធ្វើ​ការ​សាកសួរ។

កាលពី​ម្សិលមិញ លោក អ៊ុង វណ្ណរិទ្ធ មេបញ្ជាការ​​​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​​កំពត បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​ចាប់​ខ្លួន​មេបញ្ជាការ​រង​របស់​លោក​ទេ ចំណែក​ឯ​លោក ធុក ប៊ុនថន នាយសេនាធិការ​​នៃ​កង​យោធពល​ខេមរភូមិន្ទ​ប្រចាំ​ខេត្ត​នេះវិញ​ ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​​ច្បាស់​ពី​ករណី​នេះ​ទេ ដូច្នេះ​ហើយ​លោក​មិនអាច​ឆ្លើយ​បំភ្លឺ​បាន​ឡើយ​​៕ សុខុម​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស