28.4 C
Phnom Penh

អាជ្ញា​ធរ​បញ្ជា​ឲ្យ​ផ្អាក​ការដ្ឋាន​សាង​សង់​​ដោយ​សារ​មាន​គ្រោះថ្នាក់​ស្លាប់​កម្មករ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​មន្ត្រី​​​ម្នាក់​​​មក​​​ពី​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី នគរូបនីយកម្ម​​​ និង​​​សំណង់​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ម្សិលមិញ អាជ្ញាធរ​​​បាន​​​បញ្ជា​​​ឲ្យ​​​ផ្អាក​​​ការ​​​សាង​​​សង់​​​អគារ​​​ដែល​​​មាន​​​កម្ពស់​​​ខ្ពស់​​​មួយ​នៅ​​​ក្នុង​​​ខណ្ឌ​​​៧​​​មករា​​​ រាជ​​​ធានី​​​ភ្នំពេញ បន្ទាប់​​​ពី​​​មាន​​​ការ​​​ស្លាប់​​​កម្មករ​​​អាយុ​​​២១​​​ឆ្នាំ​​​​​​ម្នាក់​​​នៅ​​​ការដ្ឋាន​​​នេះ​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​។

កាំង​​​ ស៊ីនឿន មាន​​​ដើម​​​កំណើត​​​មក​​​ពី​​​ខេត្ត​​​ព្រៃ​​​វែង​​​បាន​​​ជិះ​​​ជណ្តើរ​​​យន្ត​​​នៅ​​​ការដ្ឋាន​​​សាង​​​សង់​​​ឡើង​​​ទៅ​​​ជាន់​​​ទី​​​១៥​​​នៃ​​​អគារ​អាផាត​​​មិន ដែល​​​សាង​​​សង់​​​បាន​​​ពាក់​​​កណ្តាល​​​ស្រាប់​​​តែ​​​ជណ្តើរ​​​យន្ត​​​នោះ​​​ដំណើរ​​​ការ​​​ខុស​​​ប្រក្រតី។

ដោយ​​​ភ័យ​​​ស្លន់​​​ស្លោ​​​នឹង​​​ការ​​​ញ័រ​​​ជណ្តើរយន្ត​យ៉ាង​​​ខ្លាំង​​​ កម្មករ​​​រូប​​​នេះ​​​បាន​​​ព្យាយាម​​​លោត​​​ចេញ​​​ ហើយ​​​បាន​​​​​​ស្លាប់​​​បន្ទាប់​​​ពី​​​បុក​​​​​​ក្បាល​​​នឹង​​​របារ​​​ដែក។

លោក ឡៅ ទិព្វសីហា អគ្គនាយករង​​​​​​​​​​​​​​​នៃ​​​អគ្គ​​​នាយកដ្ឋាន​​​សំណង់​​​នៅ​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​បាន​​​បញ្ជា​​​ឲ្យផ្អាក​​​ដំណើរ​​​ការ​​​សាង​​​សង់​​​នៅ​​​ការដ្ឋាន​​​នេះ​​​​​​រហូត​​​ដល់​​​ពួក​​​​​​គេ​​គិតថា​​​មាន​​​សុវត្ថិភាព​​​ទើប​​​ឲ្យ​​​បន្ត​​​សាង​​​សង់វិញ​​​។​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​សុំ​​​ឲ្យ​​​ពួក​​​គេ​​​ពន្យារ​​​ពេល​​​សាង​​​សង់​​​ ហើយ​​​ពួក​​​គេ​​​មិន​​​អាច​​​បន្ត​​​ការ​​​សាង​​​សង់​​​បាន​​​ទេ​​​ លុះ​​​ណា​​​តែ​​​ពួក​​​គេ​​​បាន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​រួច​​​រាល់។ យើង​​​នឹង​​​ពិនិត្យ​​​មើល​​​ថា តើ​​​ការដ្ឋាន​​​សាង​​​សង់​​​នេះ​​​មាន​​​សុវត្ថិភាពហើយ ឬ​​​នៅ​​​”។

លោក ទិព្វ​​​សីហា បាន​​​មាន​​​ប្រសាសន៍​​​ថា ពាណិជ្ជករ​​​ឈ្មោះ លី ហួត នៅ​​​ពីក្រោយ​​​ការ​​​អភិ​​​វឌ្ឍ​​​នេះ​​​។ លោក​​​បាន​​​បន្ថែម​​​ថា “វាជា​​​ការ​​​ធ្វេស​​​ប្រហែល​​​របស់​​​ម្ចាស់​​​អគារ​​​ និង​​​កម្មករ​​​ខ្លួន​​​ឯង​​​។ ឥឡូវ​​​នេះ​​​ក្រសួង​​​បាន​​​ណែនាំ​​​លោក លី ហួត ឲ្យ​​​ពង្រឹង​​​សុវត្ថិភាព​​​”។

នៅ​​​ការ​​​ដ្ឋាន​​​សាង​​​សង់​​​កាល​​​ពី​​​ម្សិលមិញ កម្មករ​​​ជា​​​ច្រើន​​​នាក់​​​បាន​​​ដេកលេងលើគ្រែ ចំណែកឯ​​កម្មករ​​​ពីរ​​​នាក​​​់ទៀត​​ធ្វើ​​ទ្វារថ្មីសម្រាប់​​​ជណ្តើរ​​​យន្ត​​នេះ​​​។

កម្មករ​​​ឈ្មោះ សិដ្ឋ អាយុ​​​២៦​​​ឆ្នាំ ដែល​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ពេញ​​​បាន​​​និយាយ​​​ថា “យើង​​​កំពុង​​​ធ្វើ​​​​​​ជណ្តើរ​​​យន្ត​​​នេះ​​​ឲ្យ​​​មានសុវត្ថិភាព​​​ជាង​​​មុន ដើម្បី​​​ផ្ទុក​​​របស់​​​នៅ​​​ខាងក្នុង​​​​កុំ​​​ឲ្យ​​​ធ្លាក់​​​មក​​​ដី​​​។ ថៅកែ​​​របស់​​​យើង​​​បាន​​​សុំ​​​ឲ្យ​​​យើង​​​ធ្វើ​​​វាឲ្យ​​​មាន​​​សុវត្ថិភាព​​​សម្រាប់​កម្មករ​​​”។

កម្មករ​​​ម្នាក់​​​ទៀត​​​ឈ្មោះ េហង សារ៉ាត់ អាយុ​​​២៨​​​ឆ្នាំ បាន​​​និយាយ​​​ថា​​​កម្មករ​​​នៅ​​​ការដ្ឋាន​​​នេះ​​​តាម​​​ធម្មតា​​​ពាក់​​​​​​ឧបករណ៍​​​ការ​​​ពារ​​​សុវត្ថិភាព​​​ត្រឹម​​​ត្រូវ​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​ពី​​​គ្រោះ​​​ថ្នាក់​​​បណ្តាល​​​ឲ្យ​​​ស្លាប់​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ថា ជា​​​លើក​​​ទី​​​១​​​ហើយ​​​ដែលមាន​គ្រោះថ្នាក់ប្រភេទនេះនៅ​​​ក្នុង​​​ការដ្ឋាន។ គាត់​​​បាន​​​និយាយ​​​ថា “យើង​​​មាន​​​មួក​​​សុវត្ថិភាព ខ្សែក្រវាត់​​​ និង​​​ស្បែក​​​ជើង​​​ក​​​វែង។ កាំង ស៊ីនឿន ធ្វេស​​​ប្រហែស​​​នៅ​​​ពេល​​​គាត់​​​កំពុង​​​ធ្វើ​​​ការ​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​គាត់ក៏​​​ជួប​​​គ្រោះ​​ថ្នាក់​​​តែ​​​ម្តង”។

អ្នកស្រី ថុង ផល្លា អាយុ​​​៤៥​​​ឆ្នាំ ជា​​​ម្តាយ​​​មីង​​​របស់​​​ កាំង ស៊ីនឿន​​​ បាន​​​និយាយ​​​ថា ក្រុម​​​គ្រួសារ​​​បាន​​​ទទួល​​​យ​​​ក​​​ប្រាក់​​​សំណង​​​ចំនួន​​​១០​​​លាន​​​រៀល ពី​​​ម្ចាស់​​​អគារ​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​លោក​​​បាន​​​មក​​​សួរ​​​សុខ​​​ទុក្ខ​​​ក្រុម​​​គ្រួសារ​​​នេះ​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រៃ​​​វែង​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា “​​​វា​​​មិន​​​មែន​​​ជាសំណង​​​សម​ហេតុ​ផល​ទេ​​​ ប៉ុន្តែ យើង​​​ត្រូវ​​​តែ​​​ទទួល​​​យក​​​។ យើង​​​គ្មានប្រាក់​​​ដើម្បី​​​តតាំង​​​ជាមួយ​​​ម្ចាស់​​​អគារ​​​នៅ​​​តុលាការទេ”៕សារុន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស