កាលពីម្សិលមិញ អង្គការ World Wildlife Fund (WWF) បានលើកឡើងថា ខ្លួននឹងធ្វើពហិការមិនចូលរួមនៅក្នុងការពិគ្រោះយោបល់ជាសាធារណៈក្នុងតំបន់ដែលគ្រោងធ្វើឡើងនៅថ្ងៃនេះពាក់ព័ន្ធនឹងទំនប់វារីអគ្គិសនីដនសាហុង ដ៏ចម្រូងចម្រាសរបស់ប្រទេសឡាវ ដោយចោទប្រកាន់អ្នកដែលនៅពីក្រោយគម្រោងនេះថា មិនគិតគូរពីផលប៉ះពាល់ដ៏ធំធេងលើសហគមន៍ មច្ឆជាតិ និងផ្សោតទឹកសាប ដែលជិតផុតពូជរបស់ប្រទេសកម្ពុជា។
បន្ទាប់ពីមានការរិះគន់ពីសកម្មជនការពារបរិស្ថានអស់ជាច្រើនខែមក រដ្ឋាភិបាលឡាវបានយល់ព្រមផ្អាកការសាងសង់ទំនប់នេះកាលពីខែមិថុនា រហូតដល់ការពិភាក្សាពិគ្រោះយោបល់គ្នារយៈពេល៦ខែជាមួយប្រទេសជិតខាងខ្លួនត្រូវបានបញ្ចប់ជាមុនសិន។ ទំបន់វារីអគ្គិសនីនេះត្រូវបានរិះគន់ថា សាងសង់កាត់ទន្លេមេគង្គ ដោយមានចម្ងាយត្រឹមតែ២គីឡូម៉ែត្របុ៉ុណ្ណោះពីព្រំដែនកម្ពុជា។
អង្គការ WWF បានស្វាគមន៍ចំពោះសេចក្ដីសម្រេចនេះនៅពេលនោះ ប៉ុន្តែកាលពីម្សិលមិញ អង្គការនេះបានលើកឡើងថា ដំណើរការពិភាក្សាពិគ្រោះយោបល់នេះបរាជ័យ ហើយបានប្រកាសថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចប្រជុំដែលនឹងធ្វើឡើងនៅក្នុងថ្ងៃនេះ ក្នុងក្រុងបា៉ក់សេ ប្រទេសឡាវ នេះឡើយ។ កិច្ចប្រជុំនេះត្រូវបានរៀបចំដោយគណៈកម្មការទន្លេមេគង្គ ជាស្ថាប័នអន្តររដ្ឋាភិបាល ដែលមានតំណាងពីប្រទេសកម្ពុជា ឡាវ ថៃ និងប្រទេសវៀតណាមជាសមាជិក។
លោក ទៀក សេង ប្រធានផ្នែកអភិរក្សមហាអនុតំបន់មេគង្គរបស់អង្គការ WWF បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ” ដោយសារគ្មានការបញ្ជាក់ច្បាស់លាស់ពីគណៈកម្មការទន្លេមេគង្គអំពីទំហំ និងលទ្ធផលដែលគេរំពឹងទុកពាក់ព័ន្ធនឹងដំណើរការពិគ្រោះយោបល់ ហើយដោយសារការចង្អុលបង្ហាញទាំងអស់បញ្ជាក់ថា ទំនប់វារីអគ្គិសនីនេះនៅតែត្រូវបានសាងសង់ដដែលនោះ យើងមើលឃើញថា ការចូលរួមនៅក្នុងការពិភាក្សាពិគ្រោះយោបល់នេះមិនសូវជាមានអត្ថប្រយោជន៍អ្វីឡើយ”៕ ស៊ុយឈាង