លោក ឈាង វុន អ្នកនាំពាក្យសភាបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងកោះហៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មកសភាដើម្បីសាកសួរទាក់ទិននឹងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគគ្រឹកគគ្រេងតាមវិទ្យុនិងទូរទស្សន៍ ហើយបែរទៅជាប្តូរប្រធានបទដោយបានគំរាមបណ្តេញបុគ្គលិកបរទេសអង្គការមិនមែនរដ្ឋាភិបាលម្នាក់ចេញពីប្រទេសទៅវិញ។

នៅសន្និសីទព័ត៌មានប្រចាំខែរបស់លោក អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជារូបនេះ ដែលដឹកនាំគណៈកម្មការសភាផ្នែកព័ត៌មាននិងបណ្តាញផ្សព្វផ្សាយ បានមានប្រសាសន៍ថា លោកចាប់អារម្មណ៍ខ្លាំងដែលឃើញមានការផ្សាយពាណិជ្ជកម្មច្រើនអំពីស្រាបៀរនិងស្រា ជាពិសេសតាមទូរទស្សន៍ ក្នុងពេលដែលរដ្ឋាភិបាលកំពុងបង្កើនការប្រឹងប្រែងដើម្បីកាត់បន្ថយការស្លាប់តាមផ្លូវ ដែលបង្កឡើងដោយការបើកបរទាំងស្រវឹង។
លោកបានមានប្រសាសន៍ចំអកថា “ការផ្សាយពាណិជ្ជកម្មស្រាបៀរទាំងអស់នេះគឺសម្បើមណាស់។ ខ្ញុំអង្គុយនៅមុខទូរទស្សន៍រយៈពេល១០នាទី ហើយជិត៨នាទីគឺជាការផ្សាយពាណិជ្ជកម្មស្រា។ ខ្ញុំយល់ថា ប្រព័ន្ធព័ត៌មានត្រូវរកលុយ ប៉ុន្តែលោកត្រូវគិតអំពីមនុស្សដែលស្លាប់”។
លោក ឈាង វុន មានប្រសាសន៍ថា លោកនឹងស្នើលោក កាញារីទ្ធ ឲ្យជួយកាត់បន្ថយការផ្សាយពាណិជ្ជកម្មនេះ ប៉ុន្តែមិនទាន់បានកំណត់ពេលនៅឡើយទេ។ លោកមានប្រសាសន៍ថា “ខ្ញុំនឹងអញ្ជើញរដ្ឋមន្ត្រីក្រសួងព័ត៌មានដើម្បីប្រាប់គាត់អំពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមវិទ្យុនិងទូរទស្សន៍ និងស្នើឲ្យគាត់ពិចារណាឡើងវិញ”។
នៅពេលទាក់ទងបានបន្ទាប់នោះ លោក ប៊ុត បូវុធ ដែលដឹកនាំអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា លោក កាញារីទ្ធ នឹងធ្វើតាមការកោះហៅណាមួយដើម្បីបង្ហាញមុខនៅសភា។
លោកបានមានប្រសាសន៍ថា អំឡុងពេលដែលមានអ្នកទស្សនានិងស្តាប់ច្រើនបំផុត ពីម៉ោង៦ល្ងាចដល់ម៉ោង៨ល្ងាច ស្ថានីយទូរទស្សន៍អនុញ្ញាតឲ្យផ្សាយតែស្លាកសញ្ញាក្រុមហ៊ុនស្រាបៀរដោយគ្មានសំឡេងប៉ុណ្ណោះ។
លោកបានបន្ថែមថា ចាប់ពីឆ្នាំក្រោយទៅ ស្ថានីយទូរទស្សន៍និងវិទ្យុនឹងមិនអនុញ្ញាតឲ្យផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងណាមួយនៅចន្លោះម៉ោងទាំងនោះទេ។
ប្តូរប្រធានបទនៅឯសន្និសីទព័ត៌មាននោះ លោក ឈាង វុន ដែលគណៈកម្មការរបស់លោកនៅសភាក៏ដោះស្រាយកិច្ចការបរទេសដែរនោះ បានគំរាមបណ្តេញជនបរទេសម្នាក់ចេញពីប្រទេស ព្រោះសង្ស័យថាបានបំផុសពលរដ្ឋកម្ពុជាឲ្យប្រឆាំងរដ្ឋាភិបាល។ ពេលសួរបញ្ជាក់ដោយអ្នកកាសែតម្នាក់ លោកបាននិយាយថា “ខ្ញុំមិនប្រាប់ឈ្មោះទេ។ គាត់ធ្វើការឲ្យអង្គការមួយ ដែលសកម្មបំផុតនៅតំបន់អារ៉ែង។ មានមនុស្សតែម្នាក់ប៉ុណ្ណោះ”។
នោះទំនងជាការនិយាយសំដៅទៅ លោក អាឡិច ហ្គនហ្សាឡេស ដាវីដសុន ជាជនជាតិអេស្ប៉ាញ ដែលជាសហស្ថាបនិកអង្គការមាតាធម្មជាតិ ដែលតែងតែចេញមុខប្រឆាំងនឹងគម្រោងទំនប់វារីអគ្គិសនីមួយនៅតំបន់អារ៉ែង ខេត្តកោះកុង។ លោក ហ្គនហ្សាឡេស ដាវីដសុន និងសកម្មជនមួយចំនួនតូចផ្សេងទៀតត្រូវបានប៉ូលិសឃាត់ខ្លួនមួយរយៈពេលខ្លី ព្រោះបានប៉ុនប៉ងរារាំងក្បួនរថយន្តមន្ត្រីរដ្ឋាភិបាលមិនឲ្យចូលការដ្ឋានទំនប់វារីអគ្គិសនីនោះ។
អង្គការមិនមែនរដ្ឋាភិបាលនេះជួយអ្នកស្រុកមូលដ្ឋានដែលចង់ឲ្យរដ្ឋាភិបាលលុបចោលគម្រោង ដែលនឹងធ្វើឲ្យជន់លិចដីព្រៃរាប់ពាន់ហិកតា ក្នុងនោះមានជម្រកសម្រាប់ប្រភេទសត្វជិតផុតពូជមួយចំនួន និងដីសពដូនតារបស់សហគមន៍ជនជាតិដើមភាគតិចជង ផងដែរ។ លោក វុន មានប្រសាសន៍ថា “តំណាងរាស្ត្រភាគច្រើនមានការបារម្ភ ដោយសារជនបរទេសម្នាក់ដែលមកប្រទេសកម្ពុជា ហើយកំពុងលូកដៃចូលក្នុងនយោបាយកម្ពុជា”។ លោកបានបន្ថែមថា “ខ្ញុំស្នើឲ្យអាជ្ញាធរត្រួតពិនិត្យមើលករណីនេះ។ ប្រសិនបើគាត់ធ្វើខុសច្បាប់កម្ពុជា… ខ្ញុំសុំស្នើឲ្យប៉ូលិសអន្តោប្រវេសន៍ចាប់ខ្លួនគាត់ចេញក្រៅប្រទេសភ្លាម”។
លោក ហ្គនហ្សាឡេស ដាវីដសុន ដែលមកនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០១ និងនិយាយភាសាខ្មែររអិលនោះ បាននិយាយថា លោកងឿងឆ្ងល់ដែលលោក វុន ហៅលោកថាជាជនបរទេស។
លោក ហ្គនហ្សាឡេស ដាវីដសុន បាននិយាយថា “ខ្ញុំគិតថា ខ្ញុំរស់នៅក្នុងប្រទេសនេះយូរល្មមចាត់ទុកខ្លួនឯងជាពលរដ្ឋកម្ពុជាម្នាក់ ដូច្នេះចំពោះគាត់និយាយបែបហ្នឹងគ្មានប៉ះពាល់ដល់ខ្ញុំទេ”។ លោកបានបន្ថែមថា មូលហេតុតែមួយដែលលោកមិនក្លាយជាពលរដ្ឋខ្មែរ គឺពីព្រោះក្រុមមន្ត្រីចេះតែទាមទារឲ្យលោកសូកប៉ាន់ដើម្បីបានឯកសិទ្ធិ។
ចំពោះការគំរាមរបស់លោក វុន ឲ្យគេបណ្តេញលោកចេញនោះ លោកបាននិយាយថា វានឹងជា “រឿងល្អមួយដែលអាចកើតឡើង” ចំពោះបុព្វហេតុរបស់លោក។ លោកបាននិយាយថា លោកជឿជាក់ថា ទង្វើនេះនឹងជះត្រឡប់ទៅលើរដ្ឋាភិបាលវិញ ដោយធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ ដែលក្រុមមន្ត្រីចង់ជៀសវាង ហើយនឹងធ្វើឲ្យអ្នកប្រឆាំងគម្រោងទំនប់នេះរឹតតែសកម្មឡើងទៀត។ លោកបាននិយាយថា “ដូច្នេះខ្ញុំគិតថា មិនមានអ្វីត្រូវបារម្ភទេ។ ប៉ុន្តែចាំមើលមើល អ្វីនឹងកើតឡើង”៕(រាយការណ៍បន្ថែមដោយ Zsombor Peter)