27 C
Phnom Penh

ឆែក​​​ឆេរ​​​វីឡា​​​របស់​​​ឧត្តម​​​សេនីយ៍ ថោង​​​ សារ៉ាត់ ឡើង​​​វិញ​​​រក​​​ឃើញ​​​ភ័ស្តុ​​​តាង​​​ដាក់​​​បន្ទុក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ឆែក​​​ឆេរ​​​រយៈ​​​ពេល​​​៥​​​ម៉ោង​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ នៅ​​​វីឡា​​​ចំនួន​​​បីកន្លែង​​​​​​របស់​​ឧកញ៉ា​​​ ថោង​​​ សារ៉ាត់ ជា​​​មន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​​​​ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​រៀប​​​ចំ​​​ផែន​​​ការ​​​ធ្វើ​​​ឃាត​​​ឧកញ៉ា​​​​​​មួយ​​​រូប​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ កាល​​​ពី​​​ខែ​​​មុននោះ​​​​​​ បាន​​​រក​​​ឃើញ​​​ភ័ស្តុ​​​តាង​​​ដែល​​​បង្ហាញ​​​ថា គាត់​​​ពិត​​​ជា​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​អំពើ​​​ឃាត​​​កម្ម​​​នេះមែន​​​​​​។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​៥ ខែ​​​ធ្នូ​​​ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ចោទ​​​ប្រកាន់​​​ឧត្តម​​​សេនីយ៍ ថោង​​​ សារ៉ាត់ ​​​អនុ​​​ប្រធាន​​​ខុទ្ទកាល័យ​​​នៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​​​​ដោយ​​​កំបាំង​​​មុខ​​​​​​ពី​​​បទ​​​បញ្ជា​​​ឲ្យ​​​អង្គរក្ស​​​បួន​​​នាក់​​​របស់​​​ខ្លួន​​​​​​​​​ធ្វើ​​​ឃាត​​​​​​ឧកញ៉ា អឹុង ម៉េងជឺ ​​​​​​ប្រធាន​​​ក្រុម​​​ហ៊ុន​​​ Shimmex Group ដែល​​​ត្រូវ​​​ខ្មាន់​​​កាំ​​​ភ្លើង​​​បាញ់​​​សម្លាប់​​​នៅ​​​ខាង​​​ក្រៅ​​​ហាង​​​លក់​​​ផ្លែ​​​ឈើ​​​មួយ​​​កន្លែង​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​ រាជ​​​ធានីភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​វិច្ឆិកា។ អង្គរក្ស​​​ទាំង​​​បួន​​​នាក់នោះ​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​ ហើយ​​​បច្ចុប្បន្ន​​​កំពុង​​​ជាប់​​​​​​ពន្ធនាគារ​​​។

ពេល​​​នេះ​​​គេ​​​មិន​​​ទាន់​​​ដឹង​​​​​​ច្បាស់​​​ពី​​​កន្លែង​​​លាក់​​​ខ្លួន​​​របស់​​​លោក ថោង​​​ សារ៉ាត់ នៅ​​​ឡើយ​​​ទេ​​​ ទោះ​​​បី​​​ជា​​​នគរ​​​បាល​​​សង្ស័យ​​​ថា គាត់​​​បាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ហើយ​​​ក្តី​​​។

លោក ជួន សុវណ្ណ ស្នង​​​ការ​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា នៅ​​​វេលាម៉ោង​​​​​​ប្រហែល​​​១០​​​នា​​​ពេល​​​ព្រឹក​​​នោះ​​​ លោក អាំង​​​ មាលតី ប្រធាន​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ និង​​​លោក ជួន ណារិន ស្នង​​​ការ​​​រង​​​រាជធានី ​​​បាន​​​ដឹក​​​នាំ​​​ការ​​​ចុះ​​​ឆែក​​​ឆេរ​​​វីឡា​​​របស់​​​លោក ថោង​​​ សារ៉ាត់ ដែល​​​មាន​​​ទី​​​តំាង​​​ស្ថិត​​​នៅ​​​ក្នុង​​​បុរី​​​៩៩៩​​​ចំនួន​​​ពីរ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា ដើម្បី​​​ស្វែង​​​រក​​​ភ័ស្តុ​​​តាង​​​​​​ដាក់​​​បន្ទុក​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​។

ឧត្តម​​​សេនីយ៍​​​ឯក ជួន សុវណ្ណ បាន​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៀត​​​ទៅ​​​មន្ត្រី​​​តុលាការ​​​ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ សេចក្តី​​​ថ្លែងការណ៍​​​មួួ​​​យ​​​ដែល​​​បង្ហោះ​​​លើ​​​គេ​​​ហទំព័រ​​​របស់​​​នគរ​​​បាល​​​ជាតិ​​​កាល​​​ពីថ្ងៃ​​​សុក្រ បញ្ជាក់​​​ថា ប្រតិបត្តិការ​​​ចុះ​​​ឆែក​​​ឆេរ​​​នេះ​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​។​​​

សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “​​​នគរ​​​បាល​​​បាន​​​​​​ស្រាវ​​​ជ្រាវ​​​តាម​​​រក​​​លោក ថោង សារ៉ាត់ ជា​​​យូរ​​​មក​​​ហើយ​​​ ប៉ុន្តែ ចាប់​​​ខ្លួន​​​គាត់​​​មិន​​​បាន​​​។ ប៉ុន្តែ​​​ នៅ​​ពេល​​​នេះ​​​នគរ​​​បាល​​​​​​ប្រមូល​​​បានភ័ស្តុ​​​តាង​​​ជា​​​ច្រើន​​​ដែល​​​ដាក់​​​បន្ទុក​​​លើ​​​ជន​​​សង្ស័យ”។​​​សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​​​​មិន​​​បាន​​​​​​បញ្ជាក់​​​ថា ភ័ស្តុតាង​​​ទាំង​​​នោះ​​​មាន​​​អ្វី​​​ខ្លះ​​​នោះ​​​ឡើយ​​​។

មន្ត្រី​​​នគរ​​​បាល​​​មួយ​​​រូប​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ប្រតិបត្តិការ​​​ឆែក​​​ឆេរ​​​កាល​​​ពី​​​ម្សិល​​​មិញនេះ​​​ដែរ​​​ បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​ខាង​​​ក្រៅ​​​បុរី​​​៩៩៩​​​ក្នុង​​​សង្កាត់​​​ចាក់​​​អង្រែ​​​ក្រោម​​​ថា ក្នុង​​​ចំណោម​​​ភ័ស្តុ​​​តាង​​​ដក​​​ហូ​​​ត​​​បាន​​​មាន​​​ម៉ូតូ​​​ចំនួន​​​បី​​​គ្រឿង​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​របស់​​​នគរ​​​បាល​​​ជាតិ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ក៏​​​បាន​​​លើក​​​ឡើង​​​ពី​​​ឃ្លីប​​​សំឡេង​​​ចំនួន​​​ពីរ​​​ដែល​​​ត្រូវ​​​បាន​​​ចុះ​​​ផ្សាយ​​​ព្រោង​​​ព្រាត​​​តាម​​​ហ្វេសប៊ុក​​​នៅ​​​សប្តាហ៍​​​នេះ​​​ ដែល​​​ក្នុង​​​នោះ​​​បុរស​​​ម្នាក់​​​​​​បន្លំ​​​ធ្វើ​​​ជា​​​លោក​​​ ថោង​​​ សារ៉ាត់ ​​​យំ​​​អង្វរ​​​សំុ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ព្រម​​​ទាំង​​​លោក សម រង្ស៊ី និង​​​លោក កឹម សុខា មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ ជួយ​​​បញ្ជាក់​​​ភាព​​​ស្អាត​​​ស្អំ​​​របស់​​​ខ្លួន​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “វា​​​គ្រាន់​​​តែ​​​ជា​​​សំឡេង​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​ប៉ុណ្ណោះ​​​។ វា​​​មិន​​​ច្បាស់​​​ថានោះ​​​ជា​​​សំឡេង​​​របស់​​​លោក ថោង​​​ សារ៉ាត់ ឬក៏អត់​​​ទេ​​​។ រង់​​​ចាំ​​​ដល់​​​នគរ​​​បាល​​​ចាប់ខ្លួន​​​ ថោង​​​ សារ៉ាត់ បាន​​​សិន​​​ ពេល​​​នោះយើង​​​នឹង​​​ដឹង​​​”៕សុខុម​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស