កាលពីថ្ងៃសុក្រ សាលាឧទ្ធរណ៍បានច្រានចោលសំណើសុំនៅក្រៅឃុំសម្រាប់លោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវបានឃាត់ខ្លួនកាលពីខែមុនពាក់ព័ន្ធហេតុការណ៍ប៉ះទង្គិចហិង្សាមួយនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា និងលោក អ៊ុក ពេជ្រសំណាង ជាសកម្មជននយោបាយដែលត្រូវបានចាប់ខ្លួនពីបទបើករ៉ឺម៉កមូ៉តូកង់បីទម្លុះរបាំងសន្តិសុខអំឡុងការតវ៉ាមួយកាលពីខែតុលា។
លោក មាជ សុវណ្ណារ៉ា ដែលត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីខែមុន បន្ទាប់ពីតុលាការចេញដីកាឃាត់ខ្លួនតាមការចោទប្រកាន់ពីបទ “ចូលរួមកុបកម្ម” បានមានប្រសាសន៍ថា លោកជឿថា សេចក្តីសម្រេចច្រានចោលសំណើសុំនៅក្រៅឃុំរបស់លោក គឺមានហេតុផលនយោបាយ។
បន្ទាប់ពីសវនាការជំនុំជម្រះ លោក មាជ សុវណ្ណារ៉ា ដែលនិយាយសំដៅដល់តំណាងរាស្ត្រជាប់ឆ្នោតប្រាំពីររូបរបស់គណបក្សប្រឆាំង និងមន្ត្រីគណបក្សសង្គ្រោះជាតិមួយរូបទៀតដែលត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារព្រៃសកាលពីខែកក្កដា បានចោទសួរថា “អ្នកផ្សេងៗទៀតត្រូវបានចាប់ខ្លួននៅពេលនោះ ហេតុអ្វីបានជាដោះលេងពួកគេ ហើយនៅបន្តឃុំខ្លួនខ្ញុំ? នេះជាការសងសឹករបស់លោក ហ៊ុន សែន ប៉ុន្តែ ពួកគេអនុញ្ញាតឲ្យយើងប្តឹងទាស់ [ទៅតុលាការកំពូល] ដូច្នេះខ្ញុំ និងមេធាវីនឹងប្តឹងបន្តទៀត”។
ចៅក្រមជំនុំជម្រះ ឃុន លាងម៉េង បានមានប្រសាសន៍ថា សាលាឧទ្ធរណ៍បានសម្រេចមិនដោះលេងលោក មាជ សុវណ្ណារ៉ា ឲ្យនៅក្រៅឃុំទេ “ពីព្រោះ [សាលាដំបូង] បានបិទការសើុបអង្កេតរបស់ខ្លួន ហើយបញ្ជូនសំណុំរឿងដើម្បីជំនុំជម្រះទៅហើយ”។
នៅក្នុងករណីដាច់ដោយឡែកមួយ សាលាឧទ្ធរណ៍ក៏បានច្រានចោលសំណើនៅក្រៅឃុំដែរសម្រាប់លោក អ៊ុក ពេជ្រសំណាង ដែលត្រូវបានចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបទរារាំងកិច្ចការរបស់អាជ្ញាធរ បន្ទាប់ពីគាត់បានបើករ៉ឺម៉កម៉ូតូកង់បីទម្លុះរបាំងដែករាំងផ្លូវនៅជិតភូមិគ្រឹះរបស់លោក ហ៊ុន សែន អំឡុងការតវ៉ាមួយជាមួយអ្នកភូមិពាក់ព័ន្ធនឹងវិវាទដីធ្លី។
បន្ទាប់ពីដើរចេញពីសវនាការជំនុំជម្រះបិទទ្វារ លោក អ៊ុក ពេជ្រសំណាង បាននិយាយថា “ខ្ញុំមិនខ្លាចទេ សកម្មភាពរបស់ខ្ញុំមិនមែនជាសកម្មភាពឧក្រិដ្ឋទេ”។
លោក លី សុចិត្រា មេធាវីរបស់លោក អ៊ុក ពេជ្រសំណាង បានបញ្ជាក់ថា លោកនឹងប្តឹងជំទាស់សេចក្តីសម្រេចេនះ ហើយថា តុលាការបានច្រានចោលសំណើសុំនៅក្រៅឃុំរបស់កូនក្តីលោកដោយសារបារម្ភខ្លាចកូនក្តីលោកប្រព្រឹត្តបទល្មើសជាថ្មីទៀត។
លោកបានមានប្រសាសន៍ទៀតថា “សាលាឧទ្ធរណ៍មិនបានសម្រេចដោះលែងគាត់ឲ្យនៅក្រៅឃុំទេ ពីព្រោះពួកគេអះអាងថា នៅពេលគាត់ចេញទៅខាងក្រៅ គាត់ប្រហែលជាប្រព្រឹត្តបទល្មើសមួយផ្សេងទៀត”៕សុខុម