34 C
Phnom Penh

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បន្ទោស​អភិបាល​ខេត្ត​តាកែវ​ខ្លាំងៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ លោក ស​ ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​​បាន​បន្ទោស​​លោក ឡាយ វណ្ណៈ អភិបាល​ខេត្ត​តាកែវ​​ខ្លាំងៗ​​ចំពោះ​​​​ការ​រារាំង​ការ​ហែក្បួន​មួយ​ដើម្បី​ទៅ​ចូល​រួម​ក្នុង​​​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​​កាលពី​សប្ដាហ៍មុន ហើយ​នេះ​​​​ជា​​ការ​បន្ទោស​មួយ​ដ៏កម្រ​ពី​រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​រូប​នេះ ដែល​​​ជានិច្ចកាលមិន​សូវ​ខ្វាយ​ខ្វល់​​អំពីការ​​ប្រើ​កម្លាំង​​ដើម្បី​បង្ក្រាប​​ការ​តវា៉​អហិង្សា​នោះ។

អំឡុង​កិច្ច​ប្រជុំបូក​សរុប​ការ​ងារ​​ប្រចាំ​ខែ​របស់​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ថា ​អភិបាល​ខេត្ត​គ្មាន​សិទ្ធិ​រារាំង​អ្នក​ហែក្បួន​ដោយ​គ្មាន​​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ​ឡើយ​។

លោក​បាន​មាន​​ប្រសាសន៍​ដោយ​គូស​បញ្ជាក់​​អំពី​អ្នក​ហែក្បួន​ទាំង​នោះ​ដែល​រួម​មាន​ព្រះសង្ឃ តាជី ដូនជី ​និង​​សកម្មជន​​​វ័យ​ចំណាស់ៗ​​គ្មាន​អាវុធ​ក្នុង​ដៃ​ថា “គាត់​​មិន​បាន​​​ស្នើ​សុំ​យោបល់​ពី​នរណា​ម្នាក់​ឡើយ នៅ​ពេល​គាត់​ឃាត់​អ្នក​ហែក្បួន​។ វា​មិន​ត្រឹម​ត្រូវ​នោះ​ទេ ព្រោះ​ពួកគាត់​គ្រាន់​តែ​ហែក្បួន​ប៉ុណ្ណោះ​”។ លោក​បាន​​មាន​ប្រសាសន៍​បន្ថែម​ថា “ខេត្ត​ទាំង​​អស់​​សុទ្ធ​តែ​ធ្វើ​ការ​បាន​ល្អ លើក​លែង​តែ​ខេត្ត​តាកែវ​នេះ​​មួយ​ចេញ​។ ចាប់​ពី​ពេល​ឥឡូវ​នេះ​ទៅ​ គាត់​ត្រូវ​តែ​ស្នើ​សុំ​យោបល់​ គឺ​មិន​អាច​ដូច្នេះ​ទៀត​បាន​ទេ”។

អំឡុង​ពេល​ហែក្បួន​នោះ ក្រុម​ប្រឹក្សា​ខេត្ត​បាន​លើក​ឡើង​ថា អាជ្ញាធរ​គ្មាន​ជម្រើស​អ្វី ​ក្រៅពី​ទៅ​រារាំង​​ក្រុម​អ្នក​ហែក្បួន​​មាន​គ្នា​ប្រហែល​៨០​នាក់​ ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​​រាជ​ធានី​ភ្នំពេញ​ឡើយ​ ព្រោះ​ព្រះសង្ឃ​​ដែល​ដឹកនាំ​ការ​ហែក្បួន​នេះ​មិន​បាន​សុំ​ការ​អនុញ្ញាត​​ពី​ក្រសួង​ធម្មការ​ និង​សាសនា​នោះ​ទេ​។

ឧត្ដមសេនីយ៍​ នេត សាវឿន អគ្គស្នង​ការ​នគរ​បាល​ជាតិ​​ ដែល​ក៏​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ​ដែរ​នោះ​ ក៏​បាន​លើក​ឡើង​​ដែរ​​ថា លោក​ វណ្ណៈ គួរ​តែ​សុំ​ភ្លើង​ខៀវ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​មុន​នឹង​ទៅ​រារាំង​ការ​ហែក្បួន​ ហើយ​ថា លោក​ អុ៊ុក សំណាង ស្នង​ការ​នគរ​បាល​ខេត្ត​​ត្រូវ​បាន​​ប្រាប់​​ឲ្យ​យក​ព័ត៌មាន​​នេះ​​ទៅ​ប្រាប់​លោក​អភិបាល​ខេត្ត​​។

ឧត្ដម​សេនីយ៍ នេត សាវឿន បាន​មាន​ប្រសាសន៍​ថា​ “យើង​​បាន​ប្រាប់​ស្នង​ការ​នគរ​បាល​ខេត្ត​​ឲ្យ​​ទៅ​ប្រាប់​អភិបាល​ខេត្ត​មថា ត្រូវ​​​ស្នើ​សុំ​យោបល់​ពី​លោក​នាយករដ្ឋមន្ត្រី​ស្ដីទី [លោក ស ខេង] ព្រោះ​គាត់​គ្មាន​សិទ្ធិ​បញ្ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ទៅ​ឃាត់​ការ​ហែក្បួន​នោះ​ឡើយ”។

គេ​មិន​អាច​ទាក់​ទង​​លោក វណ្ណៈ ​បាន​ទេ​កាលពី​ម្សិលមិញ​។

តែ​ទោះ​ជាយ៉ាង​ណា​ កាលពី​ថ្ងៃ​សុក្រ អភិបាល​ខេត្ត​បាន​ប្រាប់​​​វិទ្យុសំឡេង​ប្រជាធិប​តេយ្យ (VOD) ថា លោក​សង្ស័យ​ថា អ្នក​ហែក្បួន​មួយ​ចំនួន​មិន​មែន​ជា​ពលរដ្ឋខ្មែរ​ទេ ហើយ​​គឺ​មក​ពី​ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង ជា​តំបន់​​ដែល​ធ្លាប់​ស្ថិត​ក្រោម​​ការ​គ្រប់​គ្រង​របស់​អាណាចក្រ​ខ្មែរ​​ និង​ដែល​គេ​ហៅថា កម្ពុជា​ក្រោម​នោះ​។

លោក​បាន​ប្រាប់​ VOD ថា “យើង​បាន​ឆែកឆេរ​ពួកគេ ព្រោះ​មាន​សេចក្ដី​រាយការណ៍​ថា មាន​ព្រះសង្ឃ​មកពី​កម្ពុជា​ក្រោម​បាន​ចូល​រួម​ ហេតុដូច្នេះ​​ទើប​យើង​ស្នើ​សុំ​ឆែកឆេរ​អត្ត​សញ្ញាណ​ប័ណ្ណ​ និង​​ឆៃយ៉ា ឬសង្ឃដីកា”។

លោក​អភិបាល​ខេត្ត​មិន​បាន​​​ប្រាប់​ពី​​លទ្ធផល​​​នៃ​ការ​ឆែក​ឆេរ​នោះឡើយ​។

កាលពី​ឆ្នាំ​២០១២ លោក​ វណ្ណៈ ត្រូវ​នគរ​បាល​ចោទ​ប្រកាន់​ថា ​​បាន​បាញ់​ម្ចាស់​ហាង​ខារ៉ាអូខេ​​ម្នាក់​ត្រូវចំជើង​​អំឡុង​ពិធី​ជប់លៀង​ពេល​យប់​មួយ​។ ​

អំឡុង​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​សុក្រ​នោះដែរ​ ​លោក ស ខេង ​ដែល​គូស​បញ្ជាក់​ពី​រឿង​ចម្លែកៗ​​មួយ​ចំនួន​ដែល​កើត​ឡើង​នៅ​ក្នុង​ខេត្ត​តាកែវ​​នោះ​ ក៏​​បាន​រិះគន់​លោក​ វណ្ណៈ ចំពោះ​​កោះ​ហៅ​មន្ត្រី​តុលាការ​មក​សាកសួរ​នៅ​ក្នុង​ការិយាល័យ​របស់​លោក​ក្នុង​ពេល​ថ្មីៗនេះ​​ផង​ដែរ​។

នៅ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​៧ ខែ​តុលា លោក វណ្ណៈ បាន​កោះ​ហៅ​ប្រធាន​សាលា​ដំបូង​ខេត្ត​តាកែវ និង​ព្រះរាជអាជ្ញា​​​មក​សាកសួរ​អំពី​សេចក្ដី​សម្រេច​​ដែលមិន​ឃុំ​ខ្លួន​មនុស្ស​ពីរ​នាក់​ ដែល​ត្រូវ​បាន​សង្ស័យ​ថា រក្សា​ និង​ប្រើ​ប្រាស់​គ្រឿងញៀន​។

ដោយ​ប្ដូរ​ប្រធាន​បទ​នោះ លោករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បាន​លើក​ឡើង​​ថា “ប្រព័ន្ធ​ថ្មី​ដែល​ឲ្យ​​មន្ត្រី​រាជការ​បើក​ប្រាក់​ខែ​តាម​រយៈ​គណនី​ធនាគារ​ដើម្បី​កាត់​​បន្ថយ​​​ឈ្មោះ​ខ្មោច​” ​ដែល​បើក​​ប្រាក់​ខែ​ដោយ​មិន​បាន​មក​ធ្វើ​ការ​នោះ​​​ កំពុង​ប្រឈម​នឹង​បញ្ហា​។

​លោក​​បាន​រអ៊ូរទាំ​ថា “អ្នក​ខ្លះ​ដែល​មិន​មក​ធ្វើ​ការ​នៅ​តែ​អាច​​បើក​ប្រាក់​ខែ​បាន​ដដែល​។ ពួកគេ​​គឺ​ជា​មនុស្ស ហើយ​នៅ​រស់​នៅឡើយ​ ប៉ុន្តែ​ពួកគេ​មិន​មក​ធ្វើ​ការ​ទេ​។ នេះ​គឺ​ជា​បញ្ហា ហើយ​យើង​ចាំាបាច់​ត្រូវ​តែ​ពិនិត្យ​ពិច័យ​ឲ្យ​បាន​ហ្មត់ចត់​៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស