35 C
Phnom Penh

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​គណៈកម្មាធិការ​​​ថ្មី​​​ដើម្បី​​​កំណត់​​​​​​អាសនៈ​​សភា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ដក​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រី​​​ចេញ​​​ពី​​​ដំណើរ​​​ការ​​​កំណត់​​​ចំនួន​​​អាសនៈ​​​សភា​​​ ប៉ុន្តែ ត្រូវ​​​បាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជាកំពុង​​​កាន់​​​អំណាច​​​​​​ជំទាស់​​​។

បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​ទ្វេ​​​ភាគី​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដើម្បី​​​ពិភាក្សា​​​អំពីការ​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​នា​​​ពេល​​​បច្ចុប្បន្ន​​​ លោក គួយ ប៊ុនរឿន តំណាង​​​រាស្ត្រ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ជា​​​ប្រធាន​​​ក្រុម​​​ការ​​​ងារ​​​បោះ​​​ឆ្នោត​​​របស់​​​គណបក្ស​​​នេះ​​​ បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា គណបក្ស​​​ប្រឆាំង​​​ចង់​​​ឲ្យ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​នៃ​​​រដ្ឋ​​​សភា​​​ បង្កើត​​​គណៈកម្មាធិការ​​​មួយ​​​ ដើម្បី​​​កំណត់​​​ចំនួន​​​ និង​​​បែង​​​ចែក​​​តាម​​​ភូមិ​​​សាស្ត្រ​​​នៃ​​​អាសនៈ​​​សភា​​​។

បច្ចុប្បន្ន​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​ ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​បង្កើត​​​គណៈកម្មាធិការ កំណត់​​​អាសនៈ ដោយ​​​គណៈកម្មាធិការ​​​នា​​​ពេល​​​បច្ចុប្បន្ន​​​ រួម​​​មាន​​​សមាស​​​ភាព​​​តំណាង​​​មក​​​ពី​​​គណបក្ស​​​នយោបាយ​​​នីមួយ​​​ៗ ក្រសួង​​​មហាផ្ទៃ និង​​​ប្រធាន​​​វិទ្យាស្ថាន​​​ជាតិ​​​ស្ថិត​​​ិ​​​។

លោក គួយ ប៊ុនរឿន បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ចង់​​​ឲ្យ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​បង្កើត​​​គណៈកម្មាធិការកំណត់​​​​​​ការ​​​កើន​​​ឡើង​​អាសនៈ​​​របស់​​​រដ្ឋសភា​​​ ពីព្រោះ​​​គណៈកម្មាធិការ​​​នេះ​​​ជា​​អ្នក​​​ទទួល​​​ខុសត្រូវ​​​ចំពោះ​​​ការ​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​សមាសភាព​​​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ ហើយ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ខ្លួន​​​ឯង​​​​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​មុខ​​​រដ្ឋ​​​សភា ក្នុង​​​ការ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​”។​​​

ទោះ​​​ជា​​​យ៉ាង​​​ណា ឧបនាយក​​​រដ្ឋមន្ត្រី ប៊ិន ឈិន ដែល​​​ជា​​​ប្រធាន​​​ក្រុម​​​ការ​​​ងារ​​​បោះ​​​ឆ្នោត​​​របស់​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា បានមាន​​​ប្រសាសន៍​​​ថា ច្បាប់​​​ស្តី​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​នា​​​ពេល​​​បច្ចុប្បន្ន​​​ត្រូ​​​វបាន​​​តាក់​​​តែង​​​យ៉ាង​​​ល្អ​​​ ដោយ​​​​​​មិន​​​ចាំ​​​បាច់​​​ធ្វើ​​​វិសោធនកម្ម​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ដោយ​​​សារ​​​តែ​​​យើង​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​កាល​​​ពី​​​លើក​​​មុន​​​​​​ថា យើង​​​នឹង​​​ប្រើ​​​ប្រាស់​​​ច្បាប់​​​ដែល​​​មាន​​​ស្រាប់​​​ធ្វើ​​​ជា​​​មូលដ្ឋាន​​​គ្រឹះ​​​នោះ​​​ យើង​​​បាន​​​យក​​​វា​​​មក​​​ប្រើ​​​វិញ​​​ទាំង​​​អស់ ហើយ​​​មិន​​​ចង់​​​បន្ថែម​​​បន្ថយ​​​អ្វី​​​ទាំង​​​អស់​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា ការ​​​ធ្វើ​​​វិសោធនកម្ម​​​ណា​​​មួយ​​​នឹង​​​ធ្វើ​​​ឲ្យ​​​យឺត​​​យ៉ាវ​​​ដល់​​​ដំណើរ​​​ការ​​​នៃ​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​លើ​​​ច្បាប់​​​ថ្មី​​​នេះ​​​។

លោក ប៊ិន ឈិន ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា ភាគី​​​ទាំងពីរ​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​ថា ប្រព័ន្ធ​​​បោះ​​​ឆ្នោត​​​ត្រូវ​​​​​​ពឹង​​​ផ្អែក​​​លើ​​​តំណាង​​​សមាមាត្រ​​​នៅ​​​តាម​​​មណ្ឌល​​​បោះ​​​ឆ្នោត​​​ខេត្ត​​​ក្រុង​​​ ហើយ​​​កាល​​​បរិច្ឆេទ​​​ការ​​​បោះ​​​ឆ្នោត​​​ត្រូវ​​​កំណត់​​​ និង​​​ប្រកាស​​​ដោយ​​​នាយក​​​រដ្ឋ​​​មន្ត្រី។

សូម​​​​​​បញ្ជាក់​​​ថា ក្រុមការ​​​ងា​​​រ​​​បោះ​​​ឆ្នោត​​​ទាំង​​​ពីរ​​​ភាគី​​​នឹង​​​ជួប​​​ពិភាក្សា​​​គ្នា​​​ម្តង​​​ទៀត​​​នៅថ្ងៃ​​​ច័ន្ទ៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស