នៅក្នុងវីដេអូឃ្លីបដែលចែករំលែកយ៉ាងសុសសាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមកាលពីចុងសប្ដាហ៍ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសកូរ៉េកុំនាំគ្នាតវ៉ាប្រឆាំងគណបក្សប្រជាជនកម្ពុជា ហើយសូមដឹងគុណដល់រដ្ឋាភិបាលរបស់ឪពុកលោកវិញ ដែលបានបង្កើតទំនាក់ទំនងសាជាថ្មីជាមួយប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់មួយនេះ។
លោក ហ៊ុន ម៉ាណែត ដែលបានធ្វើដំណើរទៅកូរ៉េខាងត្បូងជាមួយឪពុករបស់លោក ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបនៃចំណងមិត្តភាពរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េឆ្នាំ២០១៤ បានថ្លែងអំឡុងពិធីជប់លៀងអាហារពេលល្ងាចជាមួយមន្ត្រី ពលករ និងនិស្សិតកម្ពុជាមួយក្រុមកាលពីយប់ថ្ងៃសុក្រ។
លោកបានរិះគន់ពលករខ្មែរចំណាកស្រុកមួយក្រុមតូច ដែលចេញមកតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន នៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី៧ ខែធ្នូ ដោយលើកឡើងថា ពួកគេមិនគួរមានការសរសើរនោះទេ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដោយសំដៅដល់សង្គ្រាមស៊ីវិលរាប់ទសវត្សរ៍នៅក្នុងប្រទេសកម្ពុជាថា “ប្រសិនបើយើងគ្មានសន្តិភាព និងស្ថិរភាពទេនោះ វានឹងគ្មានភាពចម្រុងចម្រើន ឬក៏ទំនាក់ទំនងសាជាថ្មីជាមួយកូរ៉េឡើយ ព្រោះប្រវត្តិរបស់យើងជាមួយកូរ៉េខាងត្បូងត្រូវបានកាត់ផ្ដាច់មុនសង្គ្រាម”។
លោក ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់ពិធីជប់លៀងអំឡុងពេលល្ងាចនោះថា “តើអ្នកដឹងទេថា នរណាជាអ្នកផ្សារភ្ជាប់ទំនាក់ទំនងនេះឡើងវិញ? គឺសម្ដេច [ហ៊ុន សែន] នៅក្នុងឆ្នាំ១៩៩៦។ ទំនាក់ទំនងដំបូងរបស់យើង គឺមានតែជាមួយកូរ៉េខាងជើងប៉ុណ្ណោះ”។
លោក ហ៊ុន ម៉ាណែត បានពន្យល់ថា ការបង្កើតទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងត្បូងបានកើតឡើងទោះបីជាមានការប្រឆាំងពីគណបក្សរាជានិយមហ្វុ៊នស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១នៅពេលនោះក៏ដោយ។ គណបក្សរាជានិយមហ្វុ៊នស៊ិនប៉ិច បានដឹកនាំរដ្ឋាភិបាលចម្រុះនៅពេលនោះ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមទៀតថា “នៅពេលយើងកសាងទំនាក់ទំនងនេះក្នុងឆ្នាំ១៩៩៦ មានការប្រឆាំងនៅក្នុងរដ្ឋាភិបាលរបស់យើង គឺមានន័យថា គេមិនចង់កសាងទំនាក់ទំនងនេះឡើយ។ ប៉ុន្តែសម្ដេច [ហ៊ុន សែន] បានតស៊ូដើម្បីកសាងវាឡើងរហូតដល់មានទំនាក់ទំនងកាន់តែខ្លាំងឡើងៗ។ តាមរយៈទំនាក់ទំនងដែលកាន់តែកើនឡើងៗនេះ យើងបានចរចាដើម្បីបង្កើតឲ្យមានឱកាសដែលអាចនាំពលរដ្ឋរបស់យើងឲ្យមកធ្វើការ និងរៀនសូត្រនៅទីនេះ។ នេះគឺជារឿងវិជ្ជមានមួយ”។
យោងតាមការប៉ាន់ប្រមាណកាលពីឆ្នាំមុន ដោយមជ្ឈមណ្ឌលអប់រំច្បាស់សម្រាប់សហគមន៍បានឲ្យដឹងថា បច្ចុប្បន្នពលរដ្ឋខ្មែរប្រហែល៣០.០០០នាក់កំពុងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយធ្វើឲ្យប្រទេសនេះក្លាយជាកន្លែងផ្ដល់ការសម្រាប់ពលករខ្មែរចំណាកស្រុកបន្ទាប់ពីប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។
ទោះបីជាលោក ហ៊ុន ម៉ាណែត បានអះអាងយា៉ងដូច្នេះក្ដី តែការបង្កើតទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងត្បូងកាលពីខែឧសភា ឆ្នាំ១៩៩៦ បីឆ្នាំក្រោយពីការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិនោះ គឺទទួលបានការគាំទ្រពីលោក ហ៊ុន សែន និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលជាសហនាយករដ្ឋមន្ត្រីដោយមានការដឹងឮពីសាធារណជន។
ប៉ុន្តែសម្ដេចឪ នរោត្តម សីហនុ ព្រះបិតារបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលជាមិត្តយ៉ាងជិតស្និទ្ធជាមួយ លោក គីម អុីលស៊ុង អតីតមេដឹកនាំផ្ដាច់ការរបស់កូរ៉េខាងជើង និងដែលប្រឆាំងយ៉ាងដាច់អហង្ការមិនឲ្យទទួលស្គាល់កូរ៉េខាងត្បូងនោះ បានប្ដេជ្ញាថា មិនឲ្យប្រទេសកម្ពុជាទទួលស្គាល់ប្រទេសនេះឡើយ។
លោក ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីជប់លៀងអាហារពេលល្ងាចកាលពីយប់ថ្ងៃសុក្រនោះថា ពលរដ្ឋខ្មែរដែលនាំគ្នាតវ៉ានៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី៧ ខែធ្នូ ដោយអំពាវនាវសុំឲ្យមានការដោះលែងសកម្មជននយោបាយ និងសង្គមជាង១០នាក់ ដែលកំពុងជាប់ពន្ធនាគារនោះ មិនបានលើកសរសើរដល់ការតស៊ូរបស់គណបក្សប្រជាជនកម្ពុជា ដែលនាំឲ្យមានការបង្កើតទំនាក់ទំនងឡើងវិញជាមួយប្រទេសដែលពួកគេកំពុងធ្វើការនេះឡើយ។
លោកបានមានប្រសាសន៍ដោយចោទប្រកាន់អ្នកតវ៉ាដែលជាពលករខ្មែរចំណាកស្រុកថាលាក់ពុតនោះថា “ពួកគេចាំតែចាប់កំហុសត្រង់ចំណុចខ្សោយរបស់យើង ចំណុចខ្លះយើងទទួលស្គាល់ តែចំណុចខ្លះទៀតមិនសមហេតុសមផលទេ។ ពួកគេនិយាយថា ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ត្រូវតែចាប់ខ្លួន ហើយបញ្ជូនទៅប្រទេសវៀតណាមវិញ ប៉ុន្តែស្របពេលនោះដែរ ពួកគេមួយចំនួនបានស្នើកូរ៉េកុំឲ្យចាប់បញ្ជូនពួកគេត្រឡប់មកវិញអី”។
លោក ហ៊ុន ម៉ាណែត ក៏បានការពារចំពោះការចាប់ខ្លួនសកម្មជនក្នុងពេលថ្មីៗនេះដែរ ដែលរួមមានទាំងលោក មាជ សុវណ្ណរ៉ា មន្ត្រីរបស់គណបក្សសង្គ្រោះជាតិផងនោះ ហើយថា អាជ្ញាធរកម្ពុជាគឺមានការអត់ឱនជាងអាជ្ញាធរក្នុងប្រទេសកូរ៉េខាងត្បូងទៅទៀត។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “មនុស្សមួយចំនួនបានផ្សព្វផ្សាយព័ត៌មានអំពីការចាប់ខ្លួនលោក មាជ សុវណ្ណរ៉ា និងអ្នកតវ៉ា។ តាមពិតទៅ ប្រសិនបើយើងតាមដានរឿងនេះ គឺពួកគេបានធ្វើសកម្មភាពអស់រយៈពេលជាង១ឆ្នាំមកហើយ ហើយយើងមិនបានធ្វើអ្វីលើពួកគេ [ជាការឆ្លើយតប] នោះទេ”។ លោកបានមានប្រសាសន៍បន្តថា “ប្រសិនបើពួកគេព្យាយាមទៅធ្វើរឿងនេះនៅក្នុងប្រទេសកូរ៉េដោយគ្មានការអនុញ្ញាតវិញនោះ ពួកគេនឹងត្រូវបានចាប់ដាក់ខ្នោះ ហើយបញ្ជូនចូលរថយន្ត”៕ ស៊ុយឈាង