31 C
Phnom Penh

សកម្មជន​​​យុវជន​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នឹង​​​បង្ហាញខ្លួន​​​នៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​បុណ្យ​​​ណូអែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ត្រូវ​​​បាន​​​ជាប់​ពន្ធនាគារ​បន្ទាប់ពី​ការ​តវ៉ា​ដោយ​ហិង្សា​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា នៅ​ទីលាន​ប្រជា​​​ធិបតេយ្យ​​​នោះ ត្រូវ​បាន​កោះ​ហៅ​​​ឲ្យ​​​ទៅ​​​បង្ហាញ​​​ខ្លួន​​​នៅ​​​សវនាការ​ជំនុំជម្រះ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ នេះ​​​បើ​​​យោង​តាម​សម្តី​​​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​របស់​ពួកគេ​។

លោក​ សម សុគង់ ដែល​តំណាង​ឲ្យ​អ្នក​ទាំង​បួន​បាន​មាន​ប្រសាសន៍​ថា “យើង​​បាន​ទទួល​លិខិត​បួន​ច្បាប់​ពី​តុលាការ រួម​មាន​លោក អឿ ណារិទ្ធ លោក ឃិន​ ជំរឿន លោក នាង សុឃុន និង​ សាន គឹមហេង”។

លោក សុគង់ បាន​មាន​ប្រសាសន៍​ថា “ពួកគេ​នឹង​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៥​ សម្រាប់​ការ​ជំនុំជម្រះ​ទាក់​ទិន​ថ្ងៃ​ទី​១៥ [ខែ​កក្កដា] ដោយ​ចោទ​ប្រកាន់​ពី​បទ​ដឹកនាំ​កុបកម្ម​រហូត​​​ដល់​ការ​ចូល​រួម​ក្នុង​អំពើ​កុបកម្ម​នោះ​”។

លោក​ ណារិទ្ធ ដែល​ជា​បុគ្គលិក​​​​​​របស់​​លោកស្រី មូរ សុខហួរ ប្រធាន​កិច្ច​ការ​សាធារណៈ​និង​ជា​សមាជិក​សភា​​​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​ពន្ធនាគារ​ជាមួយ​លោកស្រី មូរ សុខ​​​ហួរ និង​សមាជិក​សភា​គណបក្ស​ប្រឆាំង​ប្រាំមួយ​រូប​ទៀត ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​ការ​តវ៉ា​ ហើយ​ត្រូវ​បាន​ដោះ​លែង​វិញ​បន្ទាប់ពី​មាន​កិច្ច​ព្រមព្រៀង​នយោ​​​បាយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជា​ជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​​២២ ខែ​កក្កដា។

លោក ជំរឿន ដែល​ជា​ប្រធាន​ក្រុម​យុវជន​រាជធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​ សុឃុន ប្រធាន​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខណ្ឌ​ទួលគោក និង​លោក គឹមហេង ហេរញ្ញិក​របស់​គណបក្ស​នេះ​ក្នុង​ខណ្ឌ​មានជ័យ​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ជុំវិញ​សកម្មភាព​របស់​ពួកគេ​នៅ​ការ​តវ៉ា​​ដូច​គ្នា​នោះ។ សកម្មជន​ទាំង​បួន​នាក់​នេះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​។

លោក កែវ សុជាតិ ព្រះរាជ​អាជ្ញា​​​រង​​​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​បាន​ចុះ​ហត្ថ​លេខា​លើ​ច្បាប់​ចម្លង​នៃ​ដីកា​​​របស់​​​តុលាការ ដែល​ផ្ដល់​ដោយ​លោក សុគង់ នោះ​បាន​មាន​ប្រសាសន៍​ថា មនុស្ស​​​មួយ​​​ចំនួន​​​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​​ទៅ​​​បង្ហាញ​ខ្លួន​នៅ​តុលាការ​ ប៉ុន្តែ​បាន​បដិសេធ​មិន​បញ្ជាក់​ពី​ឈ្មោះ​ទេ។

ដោយ​បដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ លោក សុជាតិ បាន​មាន​ប្រសាសន៍​ថា យើង​នឹង​បើក​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​២៥ ទាក់​ទិន​ករណី​នៃ​​​ការ​​​ប្រើ​អំពើ​ហិង្សា​នៅ​ទី​លាន​ប្រជា​ធិប​​​តេយ្យ ហើយ​យើង​បាន​ចេញ​លិខិត​​​សុំ​ឲ្យ​ពួកគេ​មក​ចូលរួម​​​​សវនាការ​”។

លោក​ ជំរឿន ដែល​ជា​ប្រធាន​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា សកម្មជន​គណបក្ស​​សង្គ្រោះ​ជាតិ​រហូត​ដល់​ប្រាំ​​​បី​នាក់​រួម​​ទាំង​អ្នក​ដែល​មិន​ជាប់​ពន្ធនាគារ​បន្ទាប់ពី​ការ​តវ៉ា​​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​​​ផង ​ទទួល​បាន​ដីកា​កោះ​ហៅ​ពី​តុលាការ​ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ប៉ុន្តែ​លោក សុជាតិ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។

លោក សុគង់ ដែល​តែង​តែ​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តុលាការ​ បាន​មាន​ប្រសា​​​សន៍​ថា គ្មាន​សមាជិក​សភា​ណា​​​ម្នាក់​ក្នុង​ចំណោម​​​សមាជិក​គណបក្ស​ប្រឆាំង​​​ប្រាំពីរ​នាក់​​​ដែល​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​​​បន្ទាប់ពី​ការ​តវ៉ា​​​ដែរ​​​នោះ ​ទទួល​បាន​ដីកា​កោះ​ហៅ​ឡើយ​។

អ្នក​​​ទាំង​​​​ប្រាំពីរ​​​នាក់​នោះ​​​សុទ្ធ​​​តែ​​​ជា​​​សមា​​​ជិក​​​សភា​​​ជាប់​​​ឆ្នោត​នៅ​ពេល​​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កក្កដា ប៉ុន្តែ​ឥឡូវ​នេះ មាន​អភ័យ​ឯកសិទ្ធិ​រួច​ផុត​ពី​​​ការ​ផ្ដន្ទាទោស​ក្នុងនាម​​​ជា​​​សមា​​​ជិក​​​សភា​ជាប់ឆ្នោត ហើយ​​​បាន​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស