27 C
Phnom Penh

កូន​ប្រុស​របស់​លោក ស៊ិន ស៊ីសាមុត នឹង​ទទួល​បាន​សិទ្ធិ​ជាម្ចាស់​បទ​ចម្រៀង​របស់​ឪពុក​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូន​ប្រុស​របស់​អ្នក​ចម្រៀង​សំឡេង​មាស ស៊ិន ស៊ីសាមុត បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ក្រសួង​ពាណិជ្ជកម្ម​នឹង​ផ្តល់​ឲ្យ​លោក​នូវ​សិទ្ធិ​ផ្តាច់មុខ​លើ​បទ​ចម្រៀង​មួយ​ចំនួន​ក្នុង​ចំណោម​បទ​ចម្រៀង​របស់​ឪពុក​លោក​នៅ​សប្តាហ៍​ក្រោយ ហើយ​លោក​​បាន​អំពាវនាវ​ឲ្យ​សាធារណជន​ផ្ញើ​ឯកសារ​មក​លោក ដើម្បី​ឲ្យ​លោក​អាច​ធ្វើ​ជា​ម្ចាស់​លើ​ឯកសារ​ទាំង​នោះ។

លោក ស៊ិន ច័ន្ទឆាយា អាយុ​៥៨​ឆ្នាំ ក៏​ជា​ប្រធាន​សមាគម ស៊ិន ស៊ីសាមុត ដែល​ធ្វើការ​ដើម្បី​លើក​ស្ទួយ​និង​ការពារ​ស្នាដៃ​អធិរាជ​សំឡេង​រូប​នេះ ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​នោះ បាន​និយាយ​ថា “ឯកឧត្តម​[រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម] ស៊ុន ចាន់ថុល បាន​ទូរស័ព្ទ​ប្រាប់​ខ្ញុំ​ថា នឹង​មាន​ពិធី​ប្រកាស​ជូន​ដំណឹង​នា​សប្តាហ៍​ក្រោយ​នៅ​ក្រសួង​ពាណិជ្ជកម្ម”។

លោក ច័ន្ទឆាយា បាន​និយាយ​ថា “ខ្ញុំ​ចង់​បាន​សិទ្ធិ​នេះ ពីព្រោះ​ខ្ញុំ​ចង់​ធ្វើ​តាម​បណ្តាំ​របស់​ឪពុក​ខ្ញុំ។ គាត់​និយាយ​មុនពេល​គាត់​ស្លាប់​ថា គាត់​ចង់​ឲ្យ​បទ​ចម្រៀង​របស់​គាត់​អាច​ជួយ​ចិញ្ចឹម​​ជីវិត​រស់នៅ​របស់​គ្រួសារ​យើង”។

កាលពី​ខែ​កញ្ញា ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​ជូនដំណឹង​ថា លោក​ ច័ន្ទឆាយា ដែល​បាន​ប្រឹងប្រែង​ជា​ខ្លាំង​ក្នុង​ដំណើរការ​អនុវត្ត​កម្ម​សិទ្ធិ​បញ្ញា​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជា​ម្ចាស់​លើ​បទ​ចម្រៀង​៧៣​បទ​ក្នុង​ចំណោម​បទ​មច្រៀង​របស់​ឪពុក​លោក ហើយ​ថា សំណើ​របស់​លោក​ត្រូវ​បាន​បញ្ជូនទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ការ​យល់ព្រម។

លោក ជឹម សុខេង ប្រធាន​នាយកដ្ឋាន​ស្តីទី​នៃ​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​នៅ​ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ថា លោក ច័ន្ទឆាយា នឹង​ទទួល​បាន​សិទ្ធិ​ជា​ផ្លូវការ​លើ​បទ​ចម្រៀង​មួយ​ចំនួន​ក្នុង​ចំណោម​បទ​ចម្រៀង​របស់​ឪពុក​លោក ក្នុង​ពិធី​មួយ​នៅ​ល្ងាច​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ក្រោម​អធិបតី​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស