កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះរឿងក្ដីបុរសម្នាក់ ដែលជាប់ចោទពីសម្លាប់ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីឆ្នាំមុន ដើម្បីប្លន់យកក្រវិលមាសមួយគូតម្លៃប្រហែល៥៦ដុល្លារ។
ជនសង្ស័យឈ្មោះ ខុម បូរ៉ា អាយុ២៤ឆ្នាំ បដិសេធថា ខ្លួនមិនបានសម្លាប់ក្មេងស្រីឈ្មោះ កង បទុមវតី ទេ ដោយនិយាយថា ខ្លួនគ្រាន់តែបានជួយមិត្តភក្ដិម្នាក់ក្នុងការសម្លាប់តែប៉ុណ្ណោះ ដែលបានកើតឡើងកាលពីខែធ្នូ ឆ្នាំ២០១៣។
បូរ៉ា បាននិយាយថា មិត្តភក្ដិរបស់ខ្លួនដែលកំពុងរត់គេចខ្លួននៅឡើយ គឺជាមនុស្សភេទទី៣ ហើយជាអ្នកប្រើប្រាស់ថ្នាំញៀនដែលគេស្គាល់ថា ឈ្មោះ ស្រី នាង។ បូរ៉ា ក៏បានប្រាប់តុលាការផងដែរថា ខ្លួនក៏ជាមនុស្សភេទទី៣ដែរ។ បូរ៉ា បាននិយាយថា ពីរថ្ងៃមុនការសម្លាប់ បុរសទាំងពីរនាក់នេះបានរៀបគម្រោងសម្លាប់កង បទុមវតី ដើម្បីប្លន់យកក្រវិលរបស់នាងទៅលក់ដែលមានតម្លៃប្រហែល៥៦ដុល្លារ។
ជននេះបាននិយាយថា “មិត្តភក្ដិរបស់ខ្ញុំបានសុំឲ្យខ្ញុំល្បួងក្មេងស្រីរូបនេះទៅមើលការប្រណាំងរថយន្តហ្គោខាត (go-kart) ដើម្បីសម្លាប់នាង។ យើងបាននាំនាងទៅព្រៃមួយចម្ងាយប្រហែល៣០ម៉ែត្រពីកន្លែងប្រណាំងរថយន្តនោះ”។
ជននេះបាននិយាយថា ពេលនោះ ស្រី នាង បានច្របាច់កក្មេងស្រីនោះ ដោយពាក់ស្រោមដៃពណ៌ខ្មៅដើម្បីកុំឲ្យឃើញក្រយៅដៃរបស់ខ្លួននៅលើរាងកាយរបស់ក្មេងស្រី។
បូរា៉ា បានប្រាប់តុលាការថា “ខ្ញុំមិនមែនជាឃាតករទេ។ ខ្ញុំគ្រាន់តែជួយចាប់នាងតែប៉ុណ្ណោះ។ មិត្តភក្ដិរបស់ខ្ញុំគឺជាអ្នកសម្លាប់”។ ជននេះបានបន្ថែមថា “ខ្ញុំបានខ្ទប់មាត់ដើម្បីកុំឲ្យនាងស្រែក”។
ទាំងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី និងលោកស្រី សន ស៊ូដាឡែន មេធាវីតំណាងជនរងគ្រោះបានសុំឲ្យផ្ដន្ទាទោស បូរ៉ា ពីបទមនុស្សឃាតដោយគិតទុកជាមុន។ លោកស្រី ស៊ូដាឡែន បានមានប្រសាសន៍ថា “វាជាករណីឃោរឃៅបំផុត គ្រាន់តែក្រវិលមាសទម្ងន់៤ហ៊ុនតែប៉ុណ្ណោះ ឈានដល់ការសម្លាប់”។
លោក គឹម យ៉ាន អាយុ៥៧ឆ្នាំ ជាឪពុករបស់ក្មេងស្រីរងគ្រោះបាននិយាយនៅខាងក្រៅតុលាការថា លោកស្វែងរកសំណងជាប្រាក់ចំនួន៨.០០០ដុល្លារ ហើយឲ្យផ្តន្ទាទោស បូរ៉ា ដាក់ពន្ធនាគារ។
លោក យ៉ាន បាននិយាយថា បន្ទាប់ពីសពកូនស្រីរបស់លោកត្រូវបានគេប្រទះឃើញនៅក្នុងប្រឡាយទឹកមួយនៅក្នុងសង្កាត់កំបូល ដោយមានអាវញាត់មាត់របស់នាងនោះ អ្នកជិតខាងបានប្រាប់លោកថា ក្មេងស្រីនេះបានដើរចេញជាមួយ បូរ៉ា បន្ទាប់មកលោកបានតាមដាន បូរ៉ា ដោយខ្លួនឯង ហើយប្រជាពលរដ្ឋបានចាប់ខ្លួនប្រគល់ឲ្យនគរបាល។
លោក ផាន់ ពឿន នាយប៉ុស្តិ៍សង្កាត់បានមានប្រសាសន៍ថា មន្ត្រីរបស់លោកកំពុងស៊ើបអង្កេតករណីនេះនៅឡើយ ហើយសង្ស័យថា ស្រី នាង បានរត់គេចខ្លួនទៅខេត្តកំពត ជាស្រុកកំណើតរបស់ខ្លួន។
នៅពេលត្រូវបានសួរថា តើនគរបាលរាជធានីភ្នំពេញបានសហការជាមួយអាជ្ញាធរខេត្តកំពត ដើម្បីតាមដាន ស្រី នាង ឬយ៉ាងណានោះ លោកបានមានប្រសាសន៍ថា “ភារកិច្ចរបស់ខ្ញុំមានដែនកំណត់តែនៅក្នុងសង្កាត់របស់ខ្ញុំប៉ុណ្ណោះ”។ លោក លាង សំណាត ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះគ្រោងប្រកាសសាលក្រមរឿងក្ដី បូរ៉ា នៅថ្ងៃទី៦ ខែមករា៕ សារុន