នគរបាលបាននិយាយថា កាលពីម្សិលមិញស្ត្រីវ័យ២៧ឆ្នាំម្នាក់ បានសារភាពថា ខ្លួនបានវាយដំកូនប្រុសចុងអាយុ៦ឆ្នាំរបស់ខ្លួនយ៉ាងព្រៃផ្សៃនៅផ្ទះរបស់ខ្លួនក្នុងរាជធានីភ្នំពេញ រយៈពេលជាច្រើនថ្ងៃ អំឡុងសប្ដាហ៍មុនបណ្ដាលឲ្យកុមាររងគ្រោះស្លាប់ដោយសាររបួសក្នុងធ្ងន់ធ្ងរ។
ស្ត្រីជាម្ដាយចុងដែលមានឈ្មោះថា សេង ស្រីទីន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីជីដូនរបស់កុមាររងគ្រោះពិនិត្យមើលសាកសព ហើយប្ដឹងនគរបាលថា គាត់សង្ស័យថា ចៅប្រុសរបស់គាត់ត្រូវគេវាយធ្វើបាប។ ក្មេងប្រុសនេះបានស្លាប់កាលពីថ្ងៃសៅរ៍ ដោយសារជំងឺចុកពោះ នេះបើតាមការអះអាងដំបូងរបស់ម្ដាយចុង។
យោងតាមលោក ហួ ម៉ិញវា៉ង នាយការិយាល័យនគរបាលព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា អំឡុងពេលនគរបាលខណ្ឌសាកសួរកាលពីម្សិលមិញ ម្ដាយចុងបានសារភាពថា ខ្លួនបានវាយដំកូនប្រុសចុងឈ្មោះ សារី វីរៈបុត្រ ជាច្រើនលើកក្នុងរយៈពេល១សប្ដាហ៍មកនេះ ខណៈក្មេងនេះស្នាក់នៅផ្ទះជាមួយខ្លួន រួមជាមួយប្ដីឈ្មោះ ហន សារី អាយុ២៩ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់ក្មេងប្រុសនេះនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។
លោកបានមានប្រសាសន៍ថា ” ក្រោយពេលសាកសួរ ម្ដាយចុងបានសារភាពថា នៅថ្ងៃទី១០ ខែធ្នូ នាងបានប្រើដំបងវាយក្មេងប្រុសនេះលើដងខ្លួន និងក្បាលពោះ”។ លោកបានលើកឡើងបន្តថា ម្ដាយចុង សេង ស្រីទីន បានសារភាពថា ខ្លួនក៏បានវាយក្មេងប្រុសនេះដែរកាលពីថ្ងៃព្រហស្បតិ៍។
លោក ហួ ម៉ិញវ៉ាង បានមានប្រសាសន៍ទៀតថា “ម្ដាយចុងបានអះអាងថា រូបគេគ្មានបំណងសម្លាប់កូនប្រុសចុងរបស់ខ្លួនទេ ប៉ុន្តែនាងវ៉ៃវាដោយសារតែវាមិនស្ដាប់នាង និងដោយសារវាមិនមែនជាកូនប្រុសបង្កើតរបស់នាង”។
លោក ឃួន យ៉ាណូ នាយប៉ុស្តិ៍សង្កាត់បានមានប្រសាសន៍ថា ក្មេងប្រុសនេះរស់នៅជាមួយជីដូន និងអ្នកមើលថែឈ្មោះ គង់ ស៊ីណា អាយុ៥១ឆ្នាំ ក្នុងខណ្ឌទួលគោក ប៉ុន្តែត្រូវឪពុកយកមកស្នាក់នៅជាមួយខ្លួន និងម្ដាយចុងកាលពីថ្ងៃទី៦ ខែធ្នូ។
លោកបានមានប្រសាសន៍ទៀតថា “ជីដូនបានប្រាប់នគរបាលថា កាលពីថ្ងៃទី៦ ខែធ្នូ ឪពុករបស់ក្មេងប្រុសរងគ្រោះបានយកវាទៅលេង ប៉ុន្តែបន្ទាប់មកកាលពីថ្ងៃសៅរ៍ បានទូរស័ព្ទទៅគាត់ថា វាបានស្លាប់ដោយសារចុកពោះ។ ប៉ុន្តែអ្វីដែលបានកើតឡើងពិតប្រាកដគឺថា ម្ដាយចុងបានទាត់ធាក់ក្មេងប្រុសនេះជាច្រើនដង ដោយថែមទាំងជាន់លើវាទៀតផង”។
ហន សារី ឪពុករបស់ក្មេងប្រុសរងគ្រោះ ដែលបានរៀបការជាមួយ សេង ស្រីទីន ក្រោយពីប្រពន្ធដើមបានចែកឋានទៅ ក៏ត្រូវបានចាប់ខ្លួនដែរកាលពីថ្ងៃអាទិត្យ ប៉ុន្តែត្រូវបានដោះលែងវិញកាលពីម្សិលមិញ បន្ទាប់ពីនគរបាលកំណត់ថា គាត់គ្មានវត្តមានអំឡុងពេលវាយដំ។
កាលពីថ្ងៃអាទិត្យ អង្គភាពគាំពារកុមារ ជាអង្គភាពនគរបាលដែលទទួលបានការឧបត្ថម្ភគាំទ្រពីមូលនិធិកុមារកម្ពុជា បានធ្វើកោសល្យវិច័យលើសាកសពក្មេងប្រុសរងគ្រោះនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។
លោក ជេម ម៉ាកខេប (James McCabe) អ្នកស៊ើបអង្កេតជាន់ខ្ពស់នៅអង្គភាពគាំពារកុមារ បានមានប្រសាសន៍ថា ” ការធ្វើកោសល្យវិច័យបានបង្ហាញថា សេរីរាង្គខាងក្នុងរបស់ក្មេងប្រុសនេះបានបាក់បែក។ ការសារភាពរបស់ម្ដាយចុងត្រូវគ្នានឹងលទ្ធផលនៃការធ្វើកោសល្យវិច័យ។ មានការប្រើកម្លាំងខ្លាំងទើបធ្វើឲ្យក្មេងប្រុសនេះរងរបួស គឺនាងបានជាន់លើវា”។
លោក ណុន មុនីរ័ត្ន នាយការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានី ដែលជាអ្នកធ្វើការពិនិត្យដំបូងលើសាកសពរបស់ក្មេងប្រុសរងគ្រោះនៅវត្តស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ បានមានប្រសាសន៍ថា ក្មេងប្រុសនេះមិនទទួលបានការព្យាបាលរបួសទេ។ លោកមានប្រសាសន៍ទៀតថា “ស្នាមជាំលើដងខ្លួនបង្ហាញថា ក្មេងនេះត្រូវគេធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ហើយបានស្លាប់ដោយសារការមិនទទួលបានការព្យាបាល”។ លោកបានលើកឡើងបន្ថែមថា ប្រសិនបើម្ដាយចុងយកក្មេងប្រុសនេះទៅមន្ទីរពេទ្យបន្ទាប់ពីវាយដំវារួច វាប្រហែលជារស់។
លោក ហួ ម៉ិញវ៉ាង នាយការិយាល័យព្រហ្មទណ្ឌខណ្ឌបានមានប្រសាសន៍ថា សេង ស្រីទីន ត្រូវចូលខ្លួនទៅតុលាការនៅថ្ងៃនេះ ដើម្បីប្រឈមការចោទប្រកាន់ពីបទធ្វើទារុណកម្ម និងអំពើឃោរឃៅបណ្ដាលឲ្យមនុស្សស្លាប់៕ សុខុម (រាយការណ៍បន្ថែមដោយ Alex Consiglio)