ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន និងលោក គួយ ប៊ុនរឿន មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង បានមានប្រសាសន៍កាលពីម្សិលមិញថា ពេលនេះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងខ្វែងគំនិតគ្នានៅឡើយជុំវិញការបង្កើនចំនួនអាសនៈសភាមុនការបោះឆ្នោតអាណត្តិក្រោយ។
ក្រុមការងារកំណែទម្រង់បោះឆ្នោតដែលមានសមាសភាពមន្ត្រីមកពីគណបក្សធំៗទាំងពីរ បានជួបជុំគ្នាកាលពីពេលរសៀល ដើម្បីពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ក្រោយពីការពិភាក្សាកាលពីថ្ងៃសុក្រ ដែលក្នុងនោះគណបក្សសង្គ្រោះជាតិបានបង្កើនលទ្ធភាពនៃការដំឡើងចំនួនអាសនៈសភា។
ទាក់ទិននឹងចំណុចរាំុរ៉ៃនៃវិវាទរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំងដែលតែងតែស្នើសុំបង្កើនអាសនៈសភាបន្ថែមក្នុងរយៈពេល១ទសវត្សរ៍មកនេះ លោក ប៊ិន ឈិន បានប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញថា គណបក្សកំពុងកាន់អំណាចនឹងមិនពិចារណាសំណើចុងក្រោយនេះឡើយ។
ផ្ទុយមកវិញ លោក ប៊ិន ឈិន បានមានប្រសាសន៍ថា គណបក្សកំពុងកាន់អំណាចនឹងព្យាយាមធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ដើម្បីដកចេញមាត្រាមួយដែលតម្រូវឲ្យមានការពិនិត្យផ្ទៀងផ្ទាត់ចំនួនអាសនៈរៀងរាល់៥ឆ្នាំម្ដង បន្ទាប់មកដាក់ជំនួសមាត្រាដែលតម្រូវឲ្យរក្សាអាសនៈចំនួន១២៣នាពេលបច្ចុប្បន្ន មិនកែប្រែជារៀងរហូត។
លោកបានមានប្រសាសន៍ថា “មាត្រា៧ ចែងអំពីការកំណត់ចំនួនអាសនៈ ហើយការកំណត់ចំនួនអាសនៈគឺជាបញ្ហាដ៏ចម្រូងចម្រាស”។ លោកក៏បានស្នើសុំឲ្យលុបមាត្រា៩ ដែលផ្ដល់រូបមន្តគណនាអាសនៈផងដែរ។ លោកបានបន្តថា “រាល់ពេលឆ្នាំទី៣ [នៃអាណត្តិ] ជិតមកដល់ពេលបោះឆ្នោត យើងតែងតែមានបញ្ហានេះ”។ លោក ប៊ិន ឈិន បានមានប្រសាសន៍ទៀតថា ទាំងប្រទេសជប៉ុន និងប្រទេសថៃ សុទ្ធតែរក្សាចំនួនអាសនៈសភាឲ្យនៅដដែល ទោះបីជាចំនួនប្រជាពលរដ្ឋកើតឡើងក៏ដោយ។
គណបក្សប្រឆាំងបានស្នើសុំដំឡើងចំនួនអាសនៈសភាអំឡុងពេលពិនិត្យផ្ទៀងផ្ទាត់ជាប្រចាំចាប់តាំងពីខ្លួនទទួលបានអាសនៈសភាជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៨មក ដោយគូសបញ្ជាក់ពីការកើនឡើងយ៉ាងឆាប់រហ័សនូវចំនួនប្រជាជនក្នុងប្រទេសចាប់តាំងពីឆ្នាំ១៩៩៣មក។
គណបក្ស សម រង្ស៊ី បានស្នើសុំ១៣៨អាសនៈ ឬ១៣៩អាសនៈអំឡុងពេលពិនិត្យផ្ទៀងផ្ទាត់នៅឆ្នាំ២០០២ ១៤០អាសនៈអំឡុងពេលពិនិត្យផ្ទៀងផ្ទាត់នៅឆ្នាំ២០០៦ និងយ៉ាងហោចណាស់១៣៣អាសនៈអំឡុងពេលពិនិត្យផ្ទៀងផ្ទាត់ក្នុងឆ្នាំ២០១១។
ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជា បានច្រានចោលសំណើទាំងនោះរាល់លើក ដោយលើកឡើងពីបញ្ហាថវិកា និងភ័ស្តុភារ ជាមូលហេតុដូចគ្នាដែលលោក ប៊ិន ឈិន បានលើកឡើងអំឡុងសន្នីសិទកាសែតកាលពីម្សិលមិញ។
លោក ប៊ិន ឈិន បានពន្យល់ថា “យើងគិតថា យើងគួរតែកំណត់អាសនៈចំនួន១២៣ ដើម្បីចៀសវាងបញ្ហា ពីព្រោះទី១ ថវិកាជាតិនឹងមិនចំណាយច្រើនពេកលើតំណាងរាស្ត្រនោះទេ ហើយទី២គ្មានកន្លែងបន្ថែមសម្រាប់តំណាងរាស្ត្រអង្គុយឡើយ ប្រសិនបើចំនួនអាសនៈបន្តកើនឡើង”។
ប៉ុន្តែលោក គួយ ប៊ុនរឿន មកពីគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា គណបក្សប្រឆាំងនឹងបន្តជំរុញទាមទារអាសនៈឲ្យលើសពី១២៣នៅក្នុងរដ្ឋសភា ដែលបានចាប់ផ្ដើមពីចំនួន១២០អាសនៈនៅក្នុងឆ្នាំ១៩៩៣។ លោកបានមានប្រសាសន៍ទៀតថា “សម្រាប់ជំពូក២ នៃ [ច្បាប់ស្ដីពីការបោះឆ្នោត] យើងកំពុងស្ថិតក្នុងដំណើរការគិតគូរអំពីការកំណត់ចំនួនអាសនៈនៅក្នុងរដ្ឋសភា”៕ សុខុម