34 C
Phnom Penh

ការ​ស្រាវជ្រាវ​បញ្ជាក់អំពី​តួនាទី​របស់ហ្សែន​ក្នុង​ភាព​ស៊ាំ​នឹង​ថ្នាំ​គ្រុនចាញ់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​សិក្សា​ថ្មី​មួយ​ដែល​ប្រើ​សំណាក​ប៉ារ៉ាស៊ីត​ពី​ប្រទេស​កម្ពុជា និង​អនុវត្ត​ដោយ​មាន​ជំនួយ​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​កម្ពុជា បញ្ជាក់​ថា ពូជ​វីរុស​គ្រុនចាញ់​ដែល​ស៊ាំ​កាន់តែ​ខ្លាំង​ឡើង​ទៅ​នឹង​ថ្នាំ បង្ក​ឡើង​ដោយ​ការ​ប្តូរ​រូប​ទៅ​ជា​ហ្សែន​តែ​មួយ (single gene)។

ការ​សិក្សា​រួម​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សាកល​វិទ្យាល័យកូឡុំប៊ៀ នៅ​ក្រុង​ញូយ៉ក វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្នុង​ប្រទេស​កម្ពុជា និង ស្ថាប័ន​ស្រាវជ្រាវ​ផ្សេងទៀត ដែល​បាន​ចេញ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​ក្នុង​ទស្សនាវដ្តី​វិទ្យា​សាស្ត្រ បញ្ជាក់​អំពី​ភ័ស្តុតាង​កាលពី​ពេល​មុន​នេះ​ថា ការ​ប្រែរូប​ទៅ​ជា​ហ្សែន K 13 ​នៃ​ប្រភេទ​ជំងឺ​គ្រុន​ចាញ់​ខ្លាំង ផ្លាមូដ្យូម ហ្វាល់ស៊ីផារ៉ូម អាច​ឲ្យ​ប៉ារ៉ាស៊ីត​ដែល​ឆ្លង​ពី​មូស​ស៊ាំ​នឹង​ថ្នាំ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ជូនដំណឹង​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សាកល​វិទ្យាល័យកូឡុំប៊ៀ​ថា “លទ្ធផល​រក​ឃើញ​នេះ​ផ្តល់​ឲ្យ​មន្ត្រី​សុខាភិបាល​នៅ​ទូទាំង​ពិភព​លោក​នូវ​វិធី​ពិនិត្យ​រក​ក្រុម​ដែល​ស៊ាំ និង​កម្ចាត់ចោល​មុនពេល​វា​រាលដាល”។

ការ​ស៊ាំ​នឹង​ថ្នាំ​គ្រុនចាញ់​ប្រភេទ​អាតេមីស៊ីនីន​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃ​កាលពី​ឆ្នាំ​២០០៧ ហើយ​តាំងពី​ពេល​នោះ​មក​ត្រូវ​បាន​បញ្ជាក់​ថា​មាន​នៅ​ប្រទេស​ភូមា ឡាវ និង​ប្រទេស​វៀតណាម​ផងដែរ។ ការ​បារម្ភ​បំផុត​របស់​សហគមន៍​សុខាភិបាល គឺ​ថា ភាពស៊ាំ ដូច​ដែល​បាន​កើតឡើង​ជាមួយ​នឹង​ថ្នាំ​គ្រុនចាញ់​ធ្លាប់​ប្រើ​ពី​មុន នឹង​កើត​ឡើង​នៅ​ទ្វីប​អាហ្វ្រិក ជា​កន្លែង​ដែល​ប៉ារ៉ាស៊ីត​នេះ​សម្លាប់​ជន​រងគ្រោះ​ភាគច្រើន​បំផុត របស់​វា។

អ្នក​ស្រាវជ្រាវ​នាំមុខ​គេ គឺ​លោក ដេវិដ ហ្វីដក់ នៃ​សាកល​វិទ្យាល័យ​នេះ បាន​និយាយ​ក្នុង​សេចក្តី​ជូនដំណឹង​ថា “ព័ត៌មាន​អាក្រក់​អំពី​ការ​រកឃើញ​ចំនួន​៤​គឺ វា​បង្ហាញ​ថា ភាពស៊ាំ​អាច​កើត​ឡើង​តាម​រយៈ​ការ​ប្រែប្រួល​រូប​តែ​មួយ​គត់​ក្នុង​ហ្សែន​មួយ ហើយផ្ទុះ​ឡើង​នៅ​កន្លែង​ណាមួយ​ក្នុង​ពេល​ណាមួយ។ គឺ​ខុស​គ្នា​ស្រឡះ​ពី​ប្រភេទ​មុន​ជាមួយ​ថ្នាំ​ដំបូងៗ ក្នុង​ពេល​ដែល​តម្រូវ​ឲ្យ​មាន​មុយតាស្យុងច្រើន ហើយ​ភាព​ស៊ាំ​នឹង​កើតឡើង ដរាបណា​តែ​ប៉ារ៉ាស៊ីត​ប្រែប្រួល​ រីករាល​ដាល​ដែរ” ។

ប៉ុន្តែ លោក ហ្វីដក់ បាន​និយាយ​ថា ការ​សិក្សា​នេះ​ក៏​ឲ្យ​ផល​ល្អ​ខ្លះ​ដែរ ព្រោះ​ភាព​ស៊ាំ​ដែល​កើត​ឡើង​ដោយ​ការ​ប្រែរូប​ហ្សែន K 13 គឺ​ខ្សោយ​ជាង។

នៅ​ពេល​ដែល​ជំងឺ​គ្រុនចាញ់​ស៊ាំ​កាន់តែ​ខ្លាំង​ឡើង​ទៅ​នឹង​ថ្នាំ​អាតេមីស៊ីនីន​នៅ​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​វា​បាន​សម្លាប់​ជីវិត​មនុស្ស​តិចជាងមុន​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​កន្លង​ទៅ​នេះ ដោយសារ​មាន​កិច្ច​ប្រឹងប្រែង​ទប់ស្កាត់​រួមគ្នា។ កាលពី​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​កត់ត្រា​ការ​ស្លាប់​តែ​១២​ករណី​ប៉ុណ្ណោះ​ទាក់ទិន​នឹង​ប៉ារ៉ាស៊ីត​នេះ ហើយ​ការ​ឆ្លង​ធ្លាក់​ចុះ​ជិត​៤០​ភាគរយ​ពី​ឆ្នាំ​២០១២​មក។ ប្រទេស​កម្ពុជា​មាន​គោលដៅ​លុប​បំបាត់​ការ​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​ទាំងស្រុង​នៅ​ត្រឹម​ឆ្នាំ​២០១៥ និងមិន​ឲ្យ​មាន​ការ​ឆ្លង​ថ្មី​នៅ​ត្រឹម​ឆ្នាំ​២០២៥៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស