38 C
Phnom Penh

កង​រាជ​អាវុធហត​្ថ​ចាប់ខ្លួន​ជន​សង្ស័យ​ម្នាក់​ពាក់​ព័ន្ធ​ការ​គប់​គ្រាប់​បែក​កាល​ពី​ខែ​តុលា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា កង​រាជ​អាវុធ​ហត្ថ​បានចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​ថ្ងៃ​អាទិត្យ​ពាក់ព័ន្ធ​ការ​គប់​គ្រាប់​បែក ដែល​បានបណ្តាលឲ្យ​​ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ​ម្នាក់​ស្លាប់​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​កាលពី​ខែ​តុលា។

វរសេនីយ៍ទោ ផាន់ ដារ៉ាវុធ ​អនុប្រធាន​នាយក​ដ្ឋាន​យុត្តិធម៌​​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​បាន​មាន​ប្រសាសន៍​ថា បុរស​អាយុ​២០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​បន្ថែម​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ជាការ​ពិត​ណាស់ យើង​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​ [កាល​ពី​ថ្ងៃ​អាទិត្យ] ម្សិលមិញ។ ប៉ុន្តែ​យើង​មិន​អាច​ប្រាប់​អ្នក​ឲ្យ​លើស​ពី​នេះ​បាន​ទេ​ឥឡូវ​នេះ ពីព្រោះ​យើង​កំពុង​ស៊ើប​អង្កេត​​ដើម្បី​ចាប់​ខ្លួន​មនុស្ស​បន្ថែម​ទៀត”។ វរសេនីយ៍​ទោ ដារា៉វុធ បាន​បដិសេធ​មិន​និយាយ​ថា តើ​ជនសង្ស័យ​ប៉ុន្មាន​នាក់​ដែល​នគរ​បាល​កំពុង​ស្វែង​រក​ចាប់​ខ្លួន​នោះ​ឡើយ​។

កាលពី​ថ្ងៃ​ទី​៩ ខែ​តុលា លោក សន ស៊ីន អាយុ​៥៦​ឆ្នាំ ជា​អ្នក​គួក​ជេ​ដី​កំពុង​បរិភោគ​អាហារ​ល្ងាច​ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក​នៅ​ខាង​ក្រៅ​ផ្ទះ​​ស្ថិត​ក្នុង​សង្កាត់​ឃ្មួញ ស្រាប់​តែ​បុរស​ពីរ​នាក់​ជិះម៉ូតូ​មួយ​គ្រឿង​បាន​គប់​គ្រាប់​បែក​សំដៅ​ពួកគាត់​តែ​ម្ដង​។

ក្មេង​ប្រុស ស៊ីន ដារ៉ា ជា​កូនប្រុស​របស់​លោក សន ស៊ីន បាន​រង​របួស​ធ្ងន់​ ហើយ​ក្រោយ​មក​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។

នគរ​បាល​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​នៅ​ថ្ងៃ​នៃ​ការ​វា​យ​ប្រហារ​នោះ ប៉ុន្តែ​ក្រោយ​មក​​បាន​ដោះ​លែង​វិញ បន្ទាប់ពី​កំណត់​ថា ពួកគេ​មិន​ជាប់​ពាក់​ព័ន្ធក្នុង​​បទ​ឧក្រិដ្ឋ​នោះ។

លោក James McCabe អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​​ផ្នែកការ​​ពារ​កុមារ​ ជាការ​​សហ​ការ​រវាង​នគរ​បាល​ជាតិ និង​មូលនិធិ​កុមារ​កម្ពុជា​ ដែល​បានជួយ​នគរ​បាល​ក្នុង​ការ​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នោះ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា បុរស​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​បន្ទាប់ពី​ការ​វាយ​ប្រហារនោះ ​បាន​ចេញ​មក​ធ្វើ​ជា​សាក្សី​។

លោក McCabe បាន​មាន​ប្រសាសន៍​ថា លោក សន ស៊ីន បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ នោះ ប៉ុន្តែ​បាន​បដិសេធ​មិន​និយាយ​លម្អិត​​ទេ ដោយ​ពន្យល់​ថា ការ​ផ្ដល់​​ព័ត៌មាន​លម្អិត​អំពី​ករណី​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ការ​ស៊ើបអង្កេតដែលកំពុង​តែបន្ត​។ លោក McCabe បាន​និយាយ​ថា ​”កុមារ​រូប​នេះ​មិន​មែន​ជា​​គោលដៅ​នោះទេ”។

លោក ស៊ីន ដែល​បាន​អះអាង​ថា លោក​មិន​ដឹង​ថា អ្នក​ណា​មាន​បំណង​ធ្វើបាប​រូប​លោក​នោះ​ ក៏​បាន​បដិសេធ​​​មិន​និយាយ​ពី​ការ​អះអាង​​របស់​លោក McCabe ដែលថា លោក​បានជាប់​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​នោះ​។

លោក​បាន​និយាយ​ថា “ខ្ញុំ​មិន​ធ្វើ​អត្ថា​ធិប្បាយពី​រឿង​នោះ​ទេ” ដោយ​លោក​​ពន្យល់​ថា លោក​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​លោក។ យើង​ស្ថិត​នៅ​​ទី​វាល ហើយ​ពួកគេ​ [អ្នក​ដែល​ទទួល​ខុស​ត្រូវ​] កំពុង​លាក់​ខ្លួន​។ ខ្ញុំ​នឹង​សុំឲ្យអាជ្ញាធរ​បញ្ចប់​រឿង​ក្ដី​នេះ”៕ សារុន​ (រាយការណ៍​បន្ថែម​ដោយ Alex Consiglio)​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស