ប្រទេសកម្ពុជាកំពុងរង់ចាំភ្លើងខៀវពីប្រទេសថៃ ដើម្បីពិនិត្យវត្ថុជាច្រើនដែលរឹបអូសបានកាលពីខែមុន ពីមន្ត្រីប៉ូលិសថៃជាន់ខ្ពស់អបយសម្នាក់ ជារតនសម្បត្តិដែលរួមមានវត្ថុបុរាណខ្មែរមួយចំនួន ដែលអាជ្ញាធរថៃនិយាយថា ប្រហែលត្រូវបានរត់ពន្ធចូលប្រទេសថៃដោយខុសច្បាប់។

ប៉ូលិសថៃបានរឹបអូសវត្ថុបុរាណទាំងនោះកាលពីខែមុន ក្នុងការឆ្នក់ចូលឆែកឆេរផ្ទះរបស់ឧត្តមសេនីយ៍ឯក ផុងផាត ឆាយាផាន អតីតស្នងការនៃការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប៉ូលិសថៃ។
យោងតាមបណ្តាញព័ត៌មានថៃឲ្យដឹងថា ប៉ូលិសបានរកឃើញបន្ទប់ក្រោមដីដែលស្តុកទុកទ្រព្យដែលមានតម្លៃជាង៦០លានដុល្លារ ក្នុងនោះមានទាំងវត្ថុបុរាណជាប្រវត្តិសាស្ត្រ៥០ដុំ ដែលមានតម្លៃប្រមាណ១,៥លានដុល្លារផង។ យោងតាមសេចក្តីរាយការណ៍មួយក្នុងកាសែត ឌឹ ណេហ្សិន បានឲ្យដឹងថា វត្ថុបុរាណ១០.០០០ដុំទៀតដែលរកឃើញនៅទីនោះដែរ នៅមិនទាន់កំណត់ភិនភាគ ឬភាពពិតប្រាកដរបស់វាទេ។
ឧត្តមសេនីយ៍ឯក ផុងផាត ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកាជាមួយនឹងមន្ត្រីប៉ូលិស៧នាក់ផ្សេងទៀតទាក់ទិននឹងបទចោទផ្សេងៗ រួមមានការប្រមាថព្រះមហាក្សត្រ ការលាងលុយកខ្វក់ ការស៊ីសំណូក ការរត់ពន្ធ និងការគំរាមយកប្រាក់។
យោងតាម ឌឹ ណេហ្សិន ឲ្យដឹងថា ក្នុងចំណោមវត្ថុបុរាណដែលរឹបអូសបានពីផ្ទះរបស់មន្ត្រីប៉ូលិសជាន់ខ្ពស់រូបនេះ មាន “រូបទេពតានិងពុទ្ធបដិមារចនាបទខ្មែរ” ១៣ដុំ។
កាសែតនេះបានរាយការណ៍ថា អគ្គនាយកនៃអគ្គនាយកដ្ឋានវិចិត្រសិល្បៈថៃ បាននិយាយថា វត្ថុបុរាណមួយចំនួនដែលរកឃើញ ត្រូវបានរឹបអូសមកដោយខុសច្បាប់ពីម្ចាស់ដើម។
លោក ប្រាក់ ស៊ុនណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននិយាយថា រដ្ឋាភិបាលកម្ពុជាកំពុងរង់ចាំការអនុញ្ញាតពីប្រទេសថៃ ដើម្បីពិនិត្យវត្ថុបុរាណ និងផ្ទៀងផ្ទាត់ប្រភពដើមរបស់វា។ លោកបាននិយាយថា “យើងមិនទាន់ច្បាស់អំពី[វត្ថុបុរាណទាំងនោះទេ] ប៉ុន្តែយើងកំពុងធ្វើកិច្ចការនេះហើយ។ មិនមែនតែយើងទេដែលចង់បញ្ជូនអ្នកជំនាញទៅពិនិត្យ[វត្ថុបុរាណទាំងនោះ] ប្រទេសភូមា និងប្រទេសឡាវក៏ចង់ដូច្នោះដែរ”។
លោក ស៊ុនណារ៉ា បាននិយាយថា នាយកដ្ឋានរបស់លោកកំពុងរៀបចំឯកសារ ដែលជាដំណើរការលំបាកមួយដើម្បីបញ្ជាក់ថា វត្ថុបុរាណទាំងនោះត្រូវបានយកចេញពីប្រទេសកម្ពុជាដោយខុសច្បាប់។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបាននិយាយថា ប្រទេសកម្ពុជាបានបញ្ជូនសំណើមួយទៅប្រទេសថៃជិតពីរសប្តាហ៍មកហើយ ដើម្បីបញ្ជូនក្រុមអ្នកជំនាញទៅពិនិត្យវត្ថុបុរាណដែលរឹបអូសបានទាំងនោះ។ លោកបាននិយាយថា “យើងត្រូវរង់ចាំរហូតដល់ពួកគេឆ្លើយតបសិន ទើបយើងអាចពិនិត្យនិងថតរូបវត្ថុបុរាណទាំងនោះបាន”។
យោងតាមសេចក្តីរាយការណ៍កាសែតដដែលបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក តាណាសាក់ ផាទីម៉ាផាគន បានឲ្យដឹងថា បានទទួលសំណើរបស់ប្រទេសកម្ពុជាហើយ និងបាននិយាយថា ប្រទេសថៃនឹងរកវិធីឲ្យមន្ត្រីកម្ពុជាវិភាគវត្ថុបុរាណទាំងនោះ។
អ្នកនាំពាក្យប៉ូលិសថៃ លោក ប្រាវ៉ុត ថាវ៉នសិរី បាននិយាយកាលពីថ្ងៃច័ន្ទថា អង្គភាពពិសេសមួយត្រូវបានបង្កើតឡើងដើម្បីពិនិត្យមើលវត្ថុទាំងនោះ ដែលរឹបអូសបានពីឧត្តមសេនីយ៍ឯក ផុងផាត។ លោក ប្រាវ៉ុត បាននិយាយថា “ក្រុមពិសេសមួយមានមន្ត្រី៣០០នាក់ត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតឧក្រិដ្ឋកម្ម និងវិភាគព័ត៌មានលម្អិតនៃវត្ថុដែលបានរកឃើញទាំងនោះ ហើយនឹងបញ្ចេញឲ្យដឹងព័ត៌មានលម្អិតនោះក្នុងពេលឆាប់ៗនេះ”។ អ្នកនាំពាក្យប៉ូលិសថៃរូបនេះនិយាយថា “គណៈកម្មការនេះកំពុងស៊ើបអង្កេតនៅឡើយ។ ក្នុងពេលប្រហែលពីរ ឬ បីសប្តាហ៍ទៀត គេនឹងដឹងអំពីតម្លៃវត្ថុនោះ”។
ការចាប់ខ្លួនឧត្តមសេនីយ៍ឯក ផុងផាត ធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើរដ្ឋប្រហារកាលពីខែឧសភាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រា។
លោក ប្រាយុទ្ធ ចាន់អូចា ដែលបានដឹកនាំរដ្ឋប្រហារ និងបានក្លាយជានាយករដ្ឋមន្ត្រីថៃកាលពីខែសីហា បានប្រកាសធ្វើយុទ្ធនាការមួយប្រឆាំងអំពើពុករលួយក្នុងជួរកងកម្លាំងប៉ូលិស ដែលជាស្ថាប័នមួយក្នុងចំណោមស្ថាប័នពុករលួយបំផុតរបស់ប្រទេសនេះ។
ទោះជាយ៉ាងនេះក្តី មានការប៉ាន់ស្មានជាទូទៅក្នុងបណ្តាញព័ត៌មានអន្តរជាតិថា ការចាប់ខ្លួនឧត្តមសេនីយ៍ឯក ផុងផាត និងមន្ត្រីប៉ូលិសជាន់ខ្ពស់មួយចំនួនផ្សេងទៀត គឺជាការប៉ុនប៉ងមួយរបស់រដ្ឋាភិបាលយោធាថៃ ដើម្បីកម្ចាត់ចោលកម្លាំងមន្ត្រីប៉ូលិសរបស់ប្រទេសនេះ ដែលស្មោះត្រង់នឹងលោកស្រី យ៉ីងឡាក់ និងចលនានយោបាយប្រជានិយម ដែលបង្កើតឡើងដោយបងប្រុសរបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា៕មានិត