30 C
Phnom Penh

មន្ត្រី​ប៉ូលិស​ពីរ​រូប​ទទួល​បាន​ការ​ដំឡើង​តំណែង​​ក្នុង​ជួរ​ប៉ូលិស​ក្រុង​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ការ​ដំឡើង​តំណែង​ក្នុង​ជួរ​កម្លាំង​ប៉ូលិស​ក្រុង​ភ្នំពេញ ប្រធាន​ការិយាល័យ​ ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ឡើង​ឋានៈ​ជា​ស្នងការ​រង​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​អន្តរាគមន៍ ចំណែកឯ​អធិការ​រង​នគរបាល​ខណ្ឌ​ច្បារអំពៅ ត្រូវ​បាន​តែងតាំង​ជា​អធិការ​ខណ្ឌ​មានជ័យ​ថ្មី។

លោក អៀង សោភា នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​បាន​និយាយ​ថា “លោក ប៊ន សំអាត នាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដំឡើង​ជា​ស្នងការ​រង​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​អន្តរាគមន៍។ គាត់​ត្រូវ​ឡើង​តំណែង​ ពីព្រោះ​គាត់​ខំ​ធ្វើ​ការ​ណាស់”។

លោក សោភា បាន​និយាយ​ថា ការ​ចូល​កាន់​តំណែង​បន្ត​ជា​នាយ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ក្រុង គឺ​លោក អីុវ ភារិទ្ធ ។

លោក តេង ស៊ីណូ ​ត្រូវ​បាន​តែងតាំង​ជា​អធិការ​ខណ្ឌ​មានជ័យ​ថ្មី ជំនួស​លោក ហ៊ី ណារិន ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​កាលពី​ខែ​តុលា បន្ទាប់ពី​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​ពីបទ​លួច​លុយ​ជាង៦០០.០០០​ដុល្លារ​ពី​រដ្ឋ​និង​ពាណិជ្ជករ​ក្នុង​ស្រុក។

ទាក់ទង​កាលពី​ថ្ងៃ​ច័ន្ទ លោក ស៊ីណូ បាន​និយាយ​ថា លោក​នឹង​ស្តារ​កេរ្តិ៍​ឈ្មោះ​កម្លាំង​នគរបាល​ខណ្ឌ​ឡើង​វិញ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “ខ្ញុំ​រីករាយ​ណាស់​ ដែល​បាន​ឡើង​ជា​អធិការ​ខណ្ឌ ហើយ​ខ្ញុំ​នឹង​ខំ​ធ្វើ​ការ​បម្រើ​ប្រជាជន​ខណ្ឌ​មាន​ជ័យ និង​ប្រឆាំង​អំពើ​ពុករលួយ”។

លោក ជឹម ស៊ីថា ដែលជា​អធិការ​ស្តីទី​តាំងពី​អតីត​មេ​របស់​លោក​ត្រូវ​បាន​ដក​ចេញ​មក នោះ បាន​មក​កាន់​តំណែង​របស់​លោក​ជា​អធិការ​រង​ដដែល​វិញ។

នៅ​ពេល​សួរ ថាតើ​លោក​ខក​ចិត្ត​ដោយ​ការ​មិន​បាន​តែងតាំង​ជា​អធិការ​ឬ​ទេ លោក ស៊ីថា បាន​ប្តូរ​ប្រធាន​បទ។

លោក​បាន​និយាយ​ថា “រឿង​សំខាន់​បំផុត​គឺថា យើង​ទាំងអស់​គ្នា​ធ្វើ​ការ​រួម​គ្នា​បាន​ល្អ​ដើម្បី​បម្រើ​ប្រជាជន។ យើង​សង្ឃឹម​ថា​ [លោក ស៊ីណូ] នឹង​ដឹកនាំ​យើង​ក្នុង​ផ្លូវ​ត្រូវ ហើយ​គាត់​មិន​ពុក​រលួយ​ដូច​អធិការ​ចាស់​ទេ”៕មានិត

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស