ក្នុងការដំឡើងតំណែងក្នុងជួរកម្លាំងប៉ូលិសក្រុងភ្នំពេញ ប្រធានការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានឡើងឋានៈជាស្នងការរងរាជធានីភ្នំពេញ ទទួលបន្ទុកអន្តរាគមន៍ ចំណែកឯអធិការរងនគរបាលខណ្ឌច្បារអំពៅ ត្រូវបានតែងតាំងជាអធិការខណ្ឌមានជ័យថ្មី។
លោក អៀង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌក្រុងបាននិយាយថា “លោក ប៊ន សំអាត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានដំឡើងជាស្នងការរងរាជធានីភ្នំពេញ ទទួលបន្ទុកអន្តរាគមន៍។ គាត់ត្រូវឡើងតំណែង ពីព្រោះគាត់ខំធ្វើការណាស់”។
លោក សោភា បាននិយាយថា ការចូលកាន់តំណែងបន្តជានាយការិយាល័យប្រឆាំងគ្រឿងញៀនក្រុង គឺលោក អីុវ ភារិទ្ធ ។
លោក តេង ស៊ីណូ ត្រូវបានតែងតាំងជាអធិការខណ្ឌមានជ័យថ្មី ជំនួសលោក ហ៊ី ណារិន ដែលត្រូវបានបណ្តេញចេញកាលពីខែតុលា បន្ទាប់ពីត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនពីបទលួចលុយជាង៦០០.០០០ដុល្លារពីរដ្ឋនិងពាណិជ្ជករក្នុងស្រុក។
ទាក់ទងកាលពីថ្ងៃច័ន្ទ លោក ស៊ីណូ បាននិយាយថា លោកនឹងស្តារកេរ្តិ៍ឈ្មោះកម្លាំងនគរបាលខណ្ឌឡើងវិញ។
លោកបានឲ្យដឹងទៀតថា “ខ្ញុំរីករាយណាស់ ដែលបានឡើងជាអធិការខណ្ឌ ហើយខ្ញុំនឹងខំធ្វើការបម្រើប្រជាជនខណ្ឌមានជ័យ និងប្រឆាំងអំពើពុករលួយ”។
លោក ជឹម ស៊ីថា ដែលជាអធិការស្តីទីតាំងពីអតីតមេរបស់លោកត្រូវបានដកចេញមក នោះ បានមកកាន់តំណែងរបស់លោកជាអធិការរងដដែលវិញ។
នៅពេលសួរ ថាតើលោកខកចិត្តដោយការមិនបានតែងតាំងជាអធិការឬទេ លោក ស៊ីថា បានប្តូរប្រធានបទ។
លោកបាននិយាយថា “រឿងសំខាន់បំផុតគឺថា យើងទាំងអស់គ្នាធ្វើការរួមគ្នាបានល្អដើម្បីបម្រើប្រជាជន។ យើងសង្ឃឹមថា [លោក ស៊ីណូ] នឹងដឹកនាំយើងក្នុងផ្លូវត្រូវ ហើយគាត់មិនពុករលួយដូចអធិការចាស់ទេ”៕មានិត