29 C
Phnom Penh

អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ត្រូវ​​​បាន​​​រារាំង​​​ជា​​​ថ្មី​​​មិន​​​ឲ្យ​​​ជួប​​​ជាមួយ​​​ជន​​​ជាតិ​​​ភា​​​គ​​​តិច​​​ម៉ុង​​​តាញ៉ា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​បាន​​​បរាជ័យ​​​ជា​​​លើក​​​ទី​​​២​​​​​​ក្នុង​​​ខែ​​​នេះ​​​នៅ​​​ក្នុង​​​កិច្ច​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​ខ្លួន ដើម្បី​​​អាច​​​ចូល​​​ទៅ​​​ជាមួយ​​​ក្រុម​​​​​​​​​ជន​​​ជាតិ​​​ភាគតិច​​​ម៉ុង​​​តាញ៉ា ដែល​​​កំពុង​​​លាក់​​​​​​ខ្លួន​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​​​​ បន្ទាប់​​​ពី​​​អភិបាល​​​ខេត្ត​​​បាន​​​បដិសេធ​​​​​​​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​ជួបជាមួយ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ទាំង​​​​​​នេះ​​​​​​ដោយ​​​គ្មាន​​​លិខិត​​​អនុញ្ញាត​​​ពី​​​ក្រសួង​​​​​​មហាផ្ទៃ​​​ និង​​​ក្រសួង​​​ការបរទេស​​​នោះ​​​។

លោក ងួន គឿន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​ដែល​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​រវាង​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ និង​​​លោក​​​អភិបាល​​​ខេត្ត ថោង សាវុន កាល​​​ពី​​​ម្សិលមិញ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ សាវុន បាន​​​ប្រាប់​​​គណៈ​​​ប្រតិភូ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ថា ពួក​​​គេ​​​នឹង​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ទៅ​​​ជួប​​​ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ដែល​​​អាជ្ញាធរ​​​​​​មូល​​​ដ្ឋាន​​​នៅតែ​​​សង្ស័យ​​​ថា មិន​​​មែន​​​ជា​​​ជន​​​ជាតិ​​​ភាគតិច​​​ម៉ុង​​​តាញ៉ា​​​នោះ​​​ឡើយ​​​។

លោក ងួន គឿន ដែល​​​ពីមុន​​​បាន​​​​​​លើក​​​ឡើ​​​ងថា នឹង​​​និរទេស​​​ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​នេះ​​​ទៅ ប្រទេស​​​វៀតណាម​​​វិញ​​​ប្រសិន​​​បើ​​​ចាប់ខ្លួន​​​ពួកគេ​​​បាន​​​នោះ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​មិន​​​អាច​​​សហការ​​​ជាមួយ​​​គណៈប្រតិភូ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ដើម្បី​​​ធ្វើ​​​ការ​​​ក្នុង​​​បញ្ហា​​​នេះ​​​បាន​​​ឡើយ​​​ ព្រោះ​​​ពួក​​​គេ​​​គ្មាន​​​លិខិត​​​អនុញ្ញាត​​​ពី​​​ក្រសួង​​​មហាផ្ទៃ និង​​​ក្រសួង​​​ការបរទេស”។

លោក កុយ គួង អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការបរទេស​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​​​លោក​​​មិន​​​ដឹង​​​អ្វី​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នេះ​​​។

លោក​​​ស្រី Wan-Hea Lee តំណាង​​​ប្រចាំ​​​ប្រទេស​​​របស់​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិមនុស្ស​​​បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​នៅ​​​តែ​​​តាំង​​​ចិត្ត​​​រក​​​ឲ្យ​​​ឃើញ​​​ពី​​​ទីតាំង​​​របស់​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ ហើយ​​​នាំ​​​ពួក​​​គេ​​​មក​​​រាជ​​​ធានី​​​។

លោក​​​ស្រី​​​ Lee បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​មួយ​​​ថា “អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​នៅ​​​តែ​​​តាំង​​​ចិត្ត​​​ធ្វើ​​​យ៉ាង​​​ណា​​​នាំ​​​ក្រុម​​​ជន​​​ជាតិ​​​ភាគតិច​​​ម៉ុង​​​តាញ៉ា​​​មក​​​រាជធានី​​​ភ្នំពេញ​​​ឲ្យ​​​បាន​​​ ហើយ​​​ខិត​​​ខំ​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ទទួល​​​បាន​​​​​​នូវ​​​សិទ្ធិ​​​ជ្រក​​​កោន​​​ដែល​​​ស្របតាម​​​អនុក្រឹត្យ​​​ស្តី​​​ពី​​​ជន​​​ភៀស​​​ខ្លួន​​​ឆ្នាំ​​​២០០៩​​​ និង​​អនុសញ្ញា​​​ស្តី​​​ពី​​​ជន​​​ភៀស​​​ខ្លួន​​​ឆ្នាំ​​​១៩៥១​​​ ព្រម​​​ទាំង​​​ពិធីសារ​​​របស់​​​ខ​​​្លួន​​​ផង​​​ដែរ​​​។ អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​កំពុង​​​តែ​​​រង់​​​ចាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិធាន​​​ការ​​​នេះ​​​អាច​​សម្រេច​​​បាន​​​ដូច្នេះ​​​ ព្រោះ​​​វា​​​ជា​​​រឿង​​​បន្ទាន់​​​មួយ​​​”។ លោកស្រី​​​បាន​​​បន្ថែម​​​ថា “អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​មិន​​​មាន​​​ទស្សន​​​ពាក់​​​ព័ន្ធ​​​នឹង​​​គុណ​​​ភាព​​​នៃ​​​ទំនាក់​​​ទំនង​​​ផ្ទៃ​​​ក្នុង​​​​​​នៅ​​​ក្នុង​​​ក្រសួ​​​ង​​​មហាផ្ទៃ​​​ឡើយ​​​”។

​​​ការ​​​បរាជ័យ​​​ជា​​​លើក​​​ទី​​​២​​​នេះ​​​កើត​​​ឡើង​​​បន្ទាប់​​​ពី​​​គណៈប្រតិភូ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​បាន​​​ត្រឡប់​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​វិញ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៥ ខែ​​​ធ្នូ ក្រោយ​​​ពេល​​​ព្យាយាម​​​ដោយ​​​មិន​​​បាន​​​​​​ការ​​​អស់​​​រយៈ​​​បី​​​ថ្ងៃ​​​ដើម្បី​​​ជួប​​​ជាមួយ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន បន្ទាប់​​​ពី​​​អាជ្ញាធរ​​​ខេត្ត​​​បាន​​​ទាម​​​ទារ​​​នៅ​​​ពេល​​​នោះ​​​ថា ​​​ទាល់​​​តែ​​​មាន​​​លិខិត​​​អនុញ្ញាត​​​ពី​​​ក្រសួង​​​មហាផ្ទៃ​​​ជាមុន​​​សិន​​​។ មន្ត្រី​​​មក​​​ពី​​​ក្រសួង​​​នេះ​​​ក៏​​​បាន​​​ធ្វើ​​​ដំណើរ​​​ជាមួយ​​​គណៈប្រតិភូ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​​​​ទៅ​​​កាន់​​​ខេត្ត​​​រតនគិរី​​​នៅ​​​ក្នុង​​​បេសកកម្ម​​​ចុង​​​ក្រោយ​​​នេះ​​​ផង​​​ដែរ។

សេចក្តី​​​ថ្លែង​​​ការណ៍​​​មួួយ​​​របស់​​​ក្រសួង​​​មហាផ្ទៃ​​​ដែល​​​ចេញ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ដោយ​​​ដក​​​ស្រង់​​​ពី​​​លិខិត​​​ចុះ​​​ថ្ងៃ​​​ទី​​​៥ ខែ​​​ធ្នូ​​​ របស់​​​​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ផ្ញើ​​​ជូន​​​លោក ហ្សង់​​​ហ្វ្រង់​​​ស័រ កូតាំង​​​ ឯក​​​អគ្គរដ្ឋ​​​ទូត​​​របស់​​​សហភាព​​​អឺរ៉ុប​​​ប្រចាំ​​​កម្ពុជា​​​ បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​នឹង​​​​​​ត្រូវ​​​​​​អនុញ្ញាត​​​ឲ្យ​​​ជួប​​​ជាមួយ​​​ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច ប្រសិន​​​បើ​​​វត្ត​​​មាន​​​របស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​បញ្ជាក់​​​។

ក្រុម​​​ជន​​​ជាតិ​​​ភាគតិច​​​ម៉ុង​​​តាញ៉ា​​​ចំនួន​​​១៣​​​នាក់​​​ដែល​​​ជា​​​សមាជិក​​​នៃ​​​ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ដែល​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​តំបន់​​​ខ្ពង់​​​រាប​​​ភាគ​​​កណ្តាល​​​ប្រទេស​​​វៀតណាម​​​នោះ​​​​​​ កំពុង​​​លាក់​​​ខ្លួន​​​នៅ​​​ក្នុង​​​ព្រៃ​​​ក្នុង​​​ស្រុក​​​លំផាត់​​​ខេត្ត​​​រតនគិរី​​​អស់​​​រយ​​​ៈ​​​ពេល​​​ពីរ​​​សប្តាហ៍​​​មក​​​ហើយ​​​ ហើយ​​​មក​​​ទល់​​​ពេល​​​នេះ​​​កំពុង​​​តែ​​​គេច​​​ពី​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​។

លោក Phil Robertson អនុ​​​ប្រធាន​​​ប្រចាំ​​​តំបន់​​​អាស៊ី​​​របស់​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិមនុស្ស​​​បាន​​​ចោទ​​​សួរ​​​ចំពោះ​​​ទង្វើ​​​របស់​​​រដ្ឋាភិបាល​​​នៅ​​​ក្នុង​​​បញ្ហា​​​នេះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​មួយ​​​ថា “នៅ​​​ពេល​​​មន្ត្រី​​​ថ្នាក់​​​កំពូល​​​ក្នុង​​​ជួរ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ចង់​​​ឲ្យអ្វី​​​ៗ​​​អាច​​​សម្រេច​​​បាន​​​នៅ​​​តាម​​​បណ្តា​​​ខេត្ត​​​ ពួកគេ​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​ ហើយ​​​​​​រឿង​​​នោះ​​​​​​អាច​​​សម្រេច​​​ទៅ​​​បាន​​​។ ហេតុ​​​ដូច្នេះ​​​​​​ ការ​​​ដែល​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ចាក​​​ចេញ​​​ពី​​​ខេត្ត​​​រតនគិរី​​​ដោយ​​​ដៃ​​​ទទេ​​​ជា​​​លើក​​​ទី​​​២​​នោះ​​​ វា​​​សំដែងឲ្យ​​​ឃើញ​​​ពី​​​ក្តី​​​ព្រួយ​​​បារម្ភ​​​យ៉ាង​​​ខ្លាំង​​​ថា រដ្ឋាភិបាល​​​ក្រុង​​​ភ្នំពេញ​​​ខ្វះ​​​ការ​​​តាំង​​​ចិត្ត​​​ក្នុង​​​ការ​​​ការ​​​ពារ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ទាំង​​​នេះ​​​”៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស