នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា នគរបាលប្រឆាំងការជួញដូរមនុស្សបានចាប់ខ្លួនបុរសពីរនាក់កាលពីថ្ងៃច័ន្ទ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈពួកគេកំពុងព្យាយាមជួញដូរស្ត្រីម្នាក់ទៅកាន់ប្រទេសចិនដើម្បីរៀបការជាមួយបុរសចិននៅទីនោះ។
លោក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា លោក Xu Xiandai អាយុ៣០ឆ្នាំជាជនជាតិចិន និងលោក ហេង សេង អាយុ៥៣ឆ្នាំជាជនជាតិខ្មែរ ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល៧ព្រឹក ខណៈពួកគេព្យាយាមនាំស្ត្រីខ្មែរអាយុ២២ឆ្នាំម្នាក់ធ្វើដំណើរទៅកាន់ប្រទេសចិន។
លោកបានមានប្រសាសន៍ថា “ពួកគេជិតនឹងបញ្ជូនស្ត្រីម្នាក់នេះទៅលក់ក្នុងប្រទេសចិនទៅហើយ”។ លោកបានបន្ថែមថា នគរបាលបានសើុបអង្កេតបុរសទាំងពីរនាក់នេះអស់រយៈពេលមួយខែមកហើយ។
លោក កែវ ធា បានលើកឡើងទៀតថា បុរសទាំងពីរនាក់នេះបានបញ្ជូនស្ត្រីខ្មែរចំនួនពីរនាក់ទៅប្រទេសចិនរួចហើយក្នុងពេលថ្មីៗនេះ ហើយថា ស្ត្រីខ្មែរចំនួនពីរនាក់ផ្សេងទៀតកំពុងត្រូវបានគេរៀបចំលិខិតឆ្លងដែនឲ្យសម្រាប់ការធ្វើដំណើរដូចគ្នានេះ។
លោកបានមានប្រសាសន៍បន្ថែមថា “ហេង សេង គឺជាឈ្មួញកណ្តាលដែលរៀបចំលិខិតឆ្លងដែន ទិដ្ឋាការ និងអ្វីផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ហើយយកប្រាក់ចំនួន៧.០០០ដុល្លារពី Xu Xiandai។ បុរសជនជាតិចិននេះនាំស្ត្រីទៅឲ្យថៅកែរបស់ខ្លួន [នៅក្នុងប្រទេសចិន] ហើយយកប្រាក់ចំនួន៩.០០០ដុល្លារពីថៅកែរូបនេះ រីឯថៅកែរូបនេះវិញលក់ស្ត្រីបន្តទៅឲ្យអ្នកផ្សេងទៀត [ដើម្បីរៀបការ] ហើយយកប្រាក់ជាង១០.០០០ដុល្លារ”។
លោក កែវ ធា បានឲ្យដឹងបន្តទៀតថា លោក Xu Xiandai បានបន្លំខ្លួនជាកម្មករសំណង់នៅក្នុងរាជធានីភ្នំពេញ ខណៈកំពុងប្រកបរបរជួញដូរមនុស្សនេះ។ លោកបានមានប្រសាសន៍ថា “គាត់បាននិយាយថា គាត់គឺជាកម្មករសំណង់ ប៉ុន្តែ គាត់មិនមែនជាកម្មករសំណង់នោះទេ។ គាត់ទៅមកៗរវាងប្រទេសកម្ពុជានិងប្រទេសចិន”។បុរសទាំងពីរនាក់នេះនឹងត្រូវបញ្ចូនទៅតុលាការនៅថ្ងៃនេះ។
ស្ត្រីខ្មែរចំនួនពីរនាក់ដែលត្រូវបានបញ្ចូនត្រឡប់ពីប្រទេសចិនមកវិញកាលពីថ្ងៃទី៨ ខែធ្នូបាននិយាយរៀបរាប់អំពីភាពឈឺចាប់របស់ខ្លួនបន្ទាប់ពីរៀបការជាមួយបុរសចិនដែលរំលោភបំពានទាំងផ្លូវភេទ និងផ្លូវកាយនោះ។
ប្រហែលមួយសប្តាហ៍មុនពេលពួកគេត្រូវបានបញ្ជូនមកវិញ ស្ត្រីចំនួនបួននាក់ផ្សេងទៀតក៏ត្រូវបានបញ្ជូនត្រឡប់ពីប្រទេសចិនមកវិញផងដែរ បន្ទាប់ពីបានភៀសខ្លួនទៅជ្រកនៅស្ថានកុងស៊ុលកម្ពុជាក្នុងក្រុងគ័ងចូវ ជាទីដែលពួកគេបានគេចចេញពីស្ថានភាពស្រដៀងគ្នានេះ៕ស៊ុយឈាង