26 C
Phnom Penh

លោក សម រង្ស៊ី អប​អរ​ដោយ​ទទួល​បាន​អ្នក​គាំទ្រ​ទំព័រ​ហ្វេស​ប៊ុក​របស់លោក១លាននាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ធ្វើសន្និសីទ​កាសែត​ មួយ​ហើយ​បាន​រៀបចំ​ពិធី​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដើម្បី​ប្រកាស​ថា ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​​ទទួល​បានអ្នក​​ “likes” (អ្នកចូលចិត្ត)​១​លាន​នាក់​ចាប់តាំង​ពី​បាន​បង្កើត​ឡើង​​កាលពី​ខែ​មេសា ឆ្នាំ​២០១៣។

លោក សម រង្ស៊ី ចង្អុលបង្ហាញ Slides  ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​​ដែលទទួល​បានអ្នក​​ “likes” (អ្នកចូលចិត្ត)​១​លាន​នាក់​។​ ស៊ីវ ចាន់ណា
លោក សម រង្ស៊ី ចង្អុលបង្ហាញ Slides ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​​ដែលទទួល​បានអ្នក​​ “likes” (អ្នកចូលចិត្ត)​១​លាន​នាក់​។​ ស៊ីវ ចាន់ណា

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា តួលេខ​នេះ​ទទួល​បាន​កាលពី​ពាក់​កណ្តាល​យប់​ថ្ងៃច័ន្ទ​ដោយ​បង្ហាញ​ថា វា​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ស្មើនឹង​អតីត​ប្រធា​នាធិបតីបារាំង​ នីកូឡាស សាកូហ្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​ភូមា លោកស្រី អ៊ុងសាន ស៊ូជី និង​អតីត​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក កូហ្វី អាណាន់ ដែល​ទំព័រ​ហ្វេស​ប៊ុក​របស់​ពួក​លោក​ក៏ទទួល​បាន​ “អ្នក​ចូលចិត្ត” ប្រហែល​​១​លាន​នាក់​ដែរ។

លោក សម រង្ស៊ី បាន​មានប្រសាសន៍ថា ប្រជា​ប្រិយ​ភាព​នៃ​ទំព័រ​ហ្វេស​​ប៊ុក​របស់​លោក​​គឺ​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​លោក​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣​បន្ទាប់ពី​រស់នៅ​និរទេស​ខ្លួន​រយៈពេល​បួន​ឆ្នាំ​ ហើយ​កាន់​តែ​សំខាន់​ថែម​ទៀត​​ចំពោះ​ភាព​ជោគ​ជ័យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​​ការ​បោះ​ឆ្នោត​នា​ខែ​នោះ​។

លោក​បាន​មាន​ប្រសាសន៍​នៅ​សន្និសីទ​ថា “ព័ត៌មាន​គឺជា​ចំណេះដឹង ចំណេះដឹង​គឺ​ជា​អំណាច ហើយ​អំណាច​គឺ​ជា​មធ្យោបាយ​ដើម្បី​បម្រើ​ប្រជាជន”។ លោក​បាន​បន្ថែម​ថា “នេះ​គឺ​ជា​ស្មារតី​របស់​យើង​ យើង​មិន​មាន​អាវុធ ឬ​ទាហាន​ទេ យើង​មិន​ធ្វើ​សង្គ្រាម​បង្ហូរ​ឈាម​រវាង​ខ្មែរ​ទេ។ នេះ​គឺ​ជា​ការ​ប្រកួត​ប្រជែង​តាម​ព័ត៌មាន​ ចំណេះ​ដឹង​និង​ភាព​ឈ្លាសវៃ”។

លោក​ សម រង្ស៊ី បាន​ធ្វើ​បទ​បង្ហាញ​តាម​រយៈ​ការ​បញ្ចាំង slides ដោយ​បង្ហាញ​ថា ៤៨​ភាគរយ​នៃ​អ្នក​គាំទ្រ​​ហ្វេស​​ប៊ុក​របស់​លោក​​​​មាន​អាយុ​ពី១៨ ដល់​២៤ឆ្នាំ ហើយលោក​​បាន​លើកឡើង​ថា សូម្បី​ក្រុម​ដែល​សរសេរ​ខ្លឹមសារ​​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ក៏​ជា​យុវជន​ដែរ។

ដោយ​ធ្វើកាយវិការ​ទៅ​កាន់​ក្រុម​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ប្រាំបី​នាក់​អង្គុយ​ពីក្រោយ​លោក រួមមាន​ រ៉ូស ម៉ាយ៉ា អ្នក​រៀប​ចំ​កម្ម​វិធី​ព័ត៌​មាន​ប្រចាំ​ថ្ងៃ​រយៈពេល​២០នាទីនៅ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​និង ​ប៉ែន ពុធសាភា អ្នក​សរសេរ​របាយ​ការណ៍​ឈានមុខ​របស់​លោក​នោះ លោក​បានមាន​ប្រសាសន៍​ថា “សម រង្ស៊ី មិន​អាច​ធ្វើ​រឿង​នេះ​ដោយ​គ្មាន​សហការ​ី​ទាំង​នេះបាន​ឡើយ”។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ្វេស​ប៊ុក​របស់​លោក​ពិនិត្យ​មើល​ផេច​នេះ​យ៉ាង​ដិត​ដល់​ដើម្បី​ធានាថា មតិ​យោបល់ (comments)​ ដែលឆ្លើយ​តប​ចំពោះ​ការ​បង្ហោះ​ប្រចាំ​ថ្ងៃ​ជាច្រើន​របស់​លោក​មិន​មាន​ខ្លឹមសារ​ដូចជា​​រូបត្លុក​បែប​ប្រមាថ​ដល់​​ថ្នាក់​នាំ​កំពូលៗ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​​ក្នុង​ចំណោម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ប្រព័ន្ធ​អីុន​ធើណិត​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​គោរព​ក្រម​សីលធម៌ ហើយ​យើង​ហាម​ឃាត់​អ្វី​ដែល​ជា​ពាក្យ​ប្រមាថ មិន​ពាក្យ​មិន​សមរម្យ​ ដែល​គ្មាន​ប្រយោជន៍…​ហើយ​យើង​ប្រាប់​សហការី​របស់​យើង​កុំ​ឲ្យ​បង្ហោះ​អ្វី​ដែល​ជាការ​ប្រមាថ ហើយត្រូវមានការ​គោរព​គ្នា​ទៅ​វិញ​ទៅមក​ជាមួយ​អ្នក​ដែលមិន​យល់​ស្របនឹង​យើង”។ លោក​បាន​បន្ថែម​ថា “យើង​មិន​ចង់​ផ្តល់​លេស​ដល់​មនុស្ស​មួយ​ចំនួន​ក្នុង​រដ្ឋាភិបាលឡើយ​ដែល​យក​លេស​នេះ​ទៅ​បង្ក្រាប​​ឬ​​ហាម​ឃាត់​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ដើម្បី​រារាំង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​មិន​ឲ្យ​ពង្រីកខ្លួន​នោះ”។

លោក សម រង្ស៊ី​ ក៏​បាន​ចែក​រំលែក​ស្ថិតិ​មូលដ្ឋាន​មួយ​ចំនួន​អំពី​ផេច​របស់​លោក​ផងដែរ ដោយ​លើក​ឡើង​ថា ៧០​ភាគរយ​នៃ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ ដែល​បាន​ “ចូលចិត្ត” ផេច​របស់​លោក​​គឺ​ជា​បុរស និង​មាន​តែ៣០ភាគរយ​ប៉ុណ្ណោះ​ជា​ស្ត្រី។

ក្នុងចំណោម​អ្នក​គាំទ្រ​១លាន​នាក់​របស់​លោក សម រង្ស៊ី គឺ ៨៦៨.០០០នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ៤១.០០០នាក់​នៅ​ប្រទេស​ថៃ ១៤.០០០នាក់​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​១៣.០០០នាក់​​នៅ​សហរដ្ឋ​អាមេរិក។

ដោយ​ប្រកួត​ប្រជែង​ជាមួយ​លោក​​ សម រង្ស៊ី សម្រាប់​ទំព័រ​ហ្វេសប៊ុក​ដ៏ពេញ​និយម​បំផុត​ក្នុង​ប្រទេស​កម្ពុជា​នោះ ​រួមមាន​ សំឡេង​ខ្មែរ-អាមេរិក (Voice of America-Khmer) ដែល​ស្ថិ​ត​នៅ​លើ​កំពូល​តារាង​​ដោយ​មាន​អ្នក​គាំទ្រ​ ១,២លាន​នាក់​គិត​ត្រឹម​យប់​មិញ ទូរទស្សន៍ My TV របស់​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​ គ្រុប​ មាន​ ៦៧០.០០០នាក់ និង​តារា​ចម្រៀង​ មាស សុខ​សោភា ដែល​មាន​អ្នកគាំទ្រ​​​៦៣០.០០០នាក់។

ក្នុង​ចំណោម​ទំព័រ​ហ្វេសប៊ុក​របស់​អ្នក​នយោបាយ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នោះ ទំព័រ​ហ្វេស​ប៊ុក​ក្រៅផ្លូវការ​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មាន​ “អ្នក​ចូលចិត្ត” ៥៩៨.០០០នាក់​ និង​ សកម្មជន​បក្ស​ប្រឆាំង​វ័យ​ក្មេង ធី សុវណ្ណ​ថា មាន​អ្នក​គាំទ្រ ៤៦២.០០០នាក់។ លោក កឹម​ សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​អ្នក​គាំទ្រ​ ៤១៥.០០០នាក់។

មុន​ពេល​ចាប់​ផ្តើម​ពិធី​កាល​ពី​ម្សិល​មិញ លោក​ សម រង្ស៊ី បាន​និយាយ​នៅ​សន្និសីទ​កាសែត​ថា វត្ត​មាន​របស់​លោក​តាម​ប្រព័ន្ធ​អីុន​ធើ​ណិត​នៅតែ​សំខាន់​ចំពោះ​យុទ្ធនាការ​របស់​លោក​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​លើក​ក្រោយ។

លោក សម រង្ស៊ី បាន​ពន្យល់​ថា “មនុស្ស​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្រើន​ មនុស្ស​យល់ដឹង​កាន់តែ​ច្រើន មនុស្ស​ក្លាយ​ជា​អ្នករិះគន់​កាន់តែ​ច្រើន ពួកគេ​ចង់​ដឹង​កាន់តែ​ច្រើន ហើយ​ពួកគេ​នឹង​មាន​ជម្រើស​កាន់​តែ​ច្រើន ដូច្នេះ​ពួកគេ​នឹង​ក្លាយ​អ្នក​ប្រជា​ធិបតេយ្យ​ និង​អ្នក​ស្រលាញ់​យុត្តិធម៌”។ លោក​បាន​បន្ថែម​ថា “ផ្ទុយទៅវិញ របប​ផ្តាច់​ការ​​ចង់​លាក់បាំង​ការពិត​ ចង់​បង្វែរ​ការពិត ហើយ​ចង់​ឲ្យ​ប្រជាជន​នៅ​ល្ងិត​ល្ងង់​ ដូច្នេះ​ពួក​គេ​មិន​មាន​គំនិត​រិះគន់ ដូច្នេះ​ខ្ញុំ​គិត​ថា និន្នាការ​បច្ចេក​វិទ្យា​គឺ​សំខាន់​ណាស់…​ដើម្បី​ពង្រឹង​​លទ្ធិប្រជាធិបតេយ្យ”៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស