ក្រុមគ្រួសារក្មេងប្រុងរងគ្រោះបានឲ្យដឹងកាលពីម្សិលមិញថា សព សារី វីរបុត្រ អាយុ៦ឆ្នាំ ដែលបានស្លាប់ដោយសាររបួសខាងក្នុងកាលពីថ្ងៃសៅរ៍ ដោយសាររងការវាយដំយ៉ាងធ្ងន់ធ្ងរ បានដឹកមកដល់ផ្ទះវិញហើយ ដោយមានស្នាមជាំ បន្ទាប់ពីទៅលេងម្តាយចុងរបស់ខ្លួននៅពេលកន្លងមក។
អ្នកស្រី សេង ស្រីទីន អាយុ២៧ឆ្នាំបានសារភាពប្រាប់នគរបាលកាលពីថ្ងៃច័ន្ទថា គាត់បានវាយដំកូនចុងរបស់ខ្លួនយ៉ាងព្រៃផ្សៃក្នុងរយៈពេលប៉ុន្មានថ្ងៃ មុនពេលក្មេងប្រុសនេះបានស្លាប់ក្នុងផ្ទះរបស់នាងស្ថិតក្នុងខណ្ឌដង្កោ។
អ្នកស្រី ស្រីទី ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យត្រូវបានចោទ ប្រកាន់ពីបទធ្វើទារុណកម្ម និងប្រព្រឹត្តអំពើព្រៃផ្សៃរហូតដល់ការវាយសម្លាប់នោះ កំពុងស្ថិតក្នុងការឃុំខ្លួនរបស់នគរបាលក្នុងខណ្ឌដង្កោនៅឡើយ។ ស្ត្រីរូបនេះគ្រោងបង្ហាញខ្លួននៅតុលាការនៅថ្ងៃនេះ។
លោក ហន សារី ជាឪពុកក្មេងប្រុសរូបនេះ បាននិយាយកាលពីម្សិលមិញ ខណៈគាត់អង្គុយយំនៅខាងក្រៅផ្ទះស្ថិតក្នុងខណ្ឌទួលគោករបស់អ្នកស្រី គង់ ស៊ីណា ដែលត្រូវជាជីដូនរបស់ក្មេងប្រុសរូបនេះ និងជាអ្នកមើលថែទាំថា “ខ្ញុំទុកចិត្តប្រពន្ធរបស់ខ្ញុំ [អ្នកស្រី ស្រីទីន]”។
លោក សារី បាននិយាយថា “ប្រពន្ធរបស់ខ្ញុំបានកុហកខ្ញុំ។ កូនប្រុសរបស់ខ្ញុំមានស្នាមជាំនៅពេលកន្លងមក ហើយគាត់បានប្រាប់ខ្ញុំថា ស្នាមនេះបណ្តាលមកពីវាអេះខ្លួនឯង។ ខ្ញុំជឿគាត់ ពីព្រោះខ្ញុំទុកចិត្តគាត់។ ខ្ញុំមិនដែលគិតថាគាត់ធ្វើរឿងដូច្នេះឡើយ”។
លោក សារី ជាអ្នករត់តុ ដែលតែងចេញពីផ្ទះទៅធ្វើការបាត់ៗនោះបាននិយាយថា លោកតែងតែទុកកូនប្រុសរបស់ខ្លួនឲ្យអ្នកស្រី ស្រីទីន មើលថែនៅពេលវាមកលេង។ លោក សារី បាននិយាយថា “ខ្ញុំមិនដឹងថា ហេតុអ្វីបានជាគាត់មិនស្រឡាញ់កូនប្រុសរបស់ខ្ញុំឡើយ។ ខ្ញុំចង់ឲ្យតុលាការផ្តន្ទាទោសគាត់តាមច្បាប់”។
យោងតាមអង្គភាពគាំពារកុមារជាអង្គភាពនគរបាលដែលទទួលបានការឧបត្ថមដោយមូលនិធិកុមារកម្ពុជាបានឲ្យដឹងថា ការធ្វើកោសល្យវិច័យរបស់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញបានបង្ហាញថា ក្មេងប្រុសរូបនេះបានស្លាប់ដោយសារបែកសរីរាង្គខាងក្នុង ហើយទំនងជាត្រូវបានវាយដំក្នុងពេលកន្លងមក។
យោងតាមនគរបាលខណ្ឌបានឲ្យដឹងថា អ្នកស្រី ស្រីទីន បានវាយដំកូនចុងរបស់ខ្លួនដោយដំបង ហើយបានទាត់វាដួលរួចឡើងជាន់ថែមទៀត។
អ្នកស្រី សីុណា ដែលត្រូវជាជីដូនបាននិយាយថា អាជ្ញាធរមិនដែលទទួលបានព័ត៌មានពីការវាយធ្វើបាបទេពីមុនមក ដែលអ្នកស្រី ក៏បានលើកឡើងផងដែរថា ពីព្រោះគ្មាននរណាម្នាក់ជឿថា អ្នកស្រី ស្រីទីន ធ្វើអំពើព្រៃផ្សៃដូច្នេះឡើយ។ អ្នកស្រីបាននិយាយថា “យើងមិនដែលជូនដំណឹងដល់អាជ្ញាធរទេ ពីព្រោះយើងមិនដែលគិតថា គាត់ប្រព្រឹត្តអំពើបែបនេះឡើយ”៕សារុន