មេធាវីរបស់លោក សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky)និងលោក នីកូឡាយ ដូរ៉ូសេនកូ (Nikolai Doroshenko) បាននិយាយកាលពីថ្ងៃអង្គារថា តុលាការខេត្តព្រះសីហនុបានបង្គាប់ឲ្យមហាសេដ្ឋីរុស្ស៊ីដែលរត់គេចខ្លួន លោក សេរហ្គេ ប៉ូឡុនស្គី ចេញពីផ្ទះរបស់លោកលើកោះដែកគោល ដែលជាកោះឯកជនតូចមួយនៅឯនាយឆ្នេរសមុទ្រខេត្តព្រះសីហនុ ជាការឆ្លើយតបទៅនឹងសំណើទៅតុលាការដោយគូប្រជែងរបស់លោក គឺលោក នីកូឡាយ ដូរ៉ូសេនកូ។

សេចក្តីជូនដំណឹងរបស់តុលាការដែលចេញកាលពីថ្ងៃទី៣ខែធ្នូ និងប្រគល់កាលពីថ្ងៃទី៦ខែធ្នូទៅកោះនេះ ដែលអ្នកទាំងពីរទាមទារសិទ្ធិកាន់កាប់នោះ បានទុកពេលដល់ថ្ងៃច័ន្ទឲ្យលោក ប៉ូឡុនស្គី ចាកចេញ ក៏ប៉ុន្តែមេធាវីរបស់គាត់ម្នាក់បាននិយាយថា កូនក្តីរបស់គាត់គ្មានបំណងទៅណាទេ។
ចុះហត្ថលេខាដោយលោកស្រី ចាត សូរស្មី ជាព្រះរាជអាជ្ញាតុលាការខេត្តព្រះសីហនុ ការជូនដំណឹងនេះជំរុញឲ្យមានការអនុវត្តដីកាសម្រេចរក្សាការពារកាលពីខែមិថុនា ដែលបញ្ជាឲ្យលោកប៉ូឡុនស្គី ចេញពីកោះនេះ។
សេចក្តីជូនដំណឹងមានខ្លឹមសារថា “សូមជ្រាបថា ត្បិតសេចក្តីសម្រេច…ចុះថ្ងៃទី៦ខែមិថុនាដោយសាលាដំបូងខេត្តព្រះសីហនុ សម្រេចបណ្តេញលោក សេរហ្គេ យូរីវិច ប៉ូឡុនស្គី និងបក្ខពួករបស់ខ្លួនដែលកំពុងស្នាក់នៅលើកោះដែកគោលឲ្យចាកចេញមុនថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៤។ បើមិនអនុវត្តតាមការជូនដំណឹងនេះ យើងនឹងចាត់វិធានការច្បាប់”។
ដីកាសម្រេចរក្សាការពារចុះថ្ងៃទី៦ខែមិថុនា ដែលចុះហត្ថលេខាដោយចៅក្រមសាលាដំបូងខេត្តព្រះសីហនុ ញឹម ពិសាល បង្គាប់ឲ្យមានការបណ្តេញ”ជាបណ្តោះអាសន្ន” ចំពោះលោក ប៉ូឡុនស្គី ដោយសំអាងហេតុផលថា កោះនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ស៊ី ស្នេក អិុនវេសមេន របស់លោក ដូរ៉ូសេនកូ និងកំពុងត្រូវកាន់កាប់ទាំងខុសច្បាប់ដោយលោក ប៉ូឡុនស្គី។
លោក ដូរ៉ូសេនកូ បាននិយាយកាលពីថ្ងៃអង្គារថា លោកបានដឹងច្បាស់ថា លោក ប៉ូឡុនស្គី មិនបានចាកចេញពីកោះនេះទេ ប៉ុន្តែលោកជឿជាក់ថា តុលាការប្រាកដជានឹងបណ្តេញលោក ប៉ូឡុនស្គី ចេញនៅត្រឹមថ្ងៃព្រហស្បតិ៍ជាមិនខាន។
ដោយបង្វែរសំណួរច្រើនទៀតទៅមេធាវីរបស់លោក គឺលោក ស៊ុន សំអុល លោកបាននិយាយថា “ប៉ូឡុនស្គី ស្ថិតនៅលើកោះនេះនៅឡើយ និងមិនបានចាកចេញទេ។ ប្រសិនបើគាត់មិនចាកចេញពីចន្លោះថ្ងៃទី១៦និងទី១៨ទេ តុលាការនឹង…បង្ខំគាត់ឲ្យចាកចេញ”។
លោក សំអុល បាននិយាយថា កូនក្តីរបស់លោកបានស្នើឲ្យតុលាការអនុវត្តតាមដីកាសម្រេចរក្សាការពារខែមិថុនា ដោយសារមានការតតាំងខាងផ្លូវច្បាប់ជាបន្តរវាងគូប្រជែងទាំងពីរ។ កាលពីដើមខែនេះ លោក ដូរ៉ូសេនកូ បានចោទលោក ប៉ូឡុនស្គី ជាសាធារណៈ ថាជាអ្នកនៅពីក្រោយការវាយតប់កូនប្រុសរបស់គាត់ នៅក្រុងព្រះសីហនុ បណ្តាលឲ្យលោក ប៉ូឡុនស្គី ដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍តបវិញ។ លោក សំអុល បាននិយាយថា “កូនក្តីរបស់ខ្ញុំបារម្ភនិងបានស្នើឲ្យតុលាការជំរុញការអនុវត្តដីកាសម្រេចរក្សាការពារ…ពីព្រោះពួកគេបានមានជម្លោះនឹងគ្នាក្នុងពេលថ្មីៗកន្លងមកនេះ”។
លោក បែន សុនសម័យ មេធាវីខ្មែររបស់លោក ប៉ូឡុនស្គី បាននិយាយថា ការជូនដំណឹងរបស់តុលាការគ្រាន់តែជាការប៉ុនប៉ងមួយដើម្បីបំភិតបំភ័យកូនក្តីរបស់លោកប៉ុណ្ណោះ។ លោកបាននិយាយថា “នេះគ្រាន់តែជាលេសមួយដើម្បីធ្វើឲ្យកូនក្តីរបស់ខ្ញុំខ្លាច។ តាមពិត កូនក្តីរបស់ខ្ញុំកំពុងរស់នៅនិងធ្វើជំនួញរបស់ខ្លួនជាធម្មតាលើកោះដែកគោល”។
កាស្ប៉ា សេកូទីន (Kaspars Cekotins) ជាមេធាវីម្នាក់ទៀតរបស់លោក ប៉ូឡុនស្គី បាននិយាយថា សេចក្តីជូនដំណឹងតុលាការគ្មានមូលដ្ឋានច្បាប់ទេ ព្រោះវាត្រូវបានប្តឹងយូរណាស់ហើយ បន្ទាប់ពីដីកាសម្រេចរក្សាការពារខែមិថុនា។ លោក សេកូទីន បាននិយាយថា “ដើម្បីឲ្យការបង្គាប់បែបនេះស្របច្បាប់នោះ ចាំបាច់ត្រូវដាក់បណ្តឹងក្នុងពេល១៥ថ្ងៃបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការ”។ លោកបានបន្ថែមថា ទោះជាពេលកំណត់ថ្ងៃទី១៥ធ្នូកន្លងផុតក៏ដោយ ក៏មិនមានការប្រឹងប្រែងដើម្បីអនុវត្តសេចក្តីជូនដំណឹងនេះដែរ។ លោកបាននិយាយថា “ខ្ញុំនៅទីនេះលើកោះនេះ ហើយគ្មានរឿងអ្វីកើតឡើងទេ គ្មាននរណាមកទីនេះឡើយ”។
លោក សេកូទីន បាននិយាយថា លោក ប៉ូឡុនស្គី ដែលមិនអាចទាក់ទងសុំការធ្វើអធិប្បាយបានកាលពីថ្ងៃអង្គារ ពីព្រោះគាត់រវល់រៀបចំការប្រជុំជំនួញនៅលើកោះមួយផ្សេងទៀត តាមពិតជាម្ចាស់កោះដែកគោល និងគ្មានគម្រោងចាកចេញពីកោះនេះទេ។ លោកបាននិយាយថា “វាជាកោះរបស់គាត់។ គាត់មិនបាច់ចាកចេញទេ។ ទាំងទឹកប្រាក់វិនិយោគ ទាំងការងារផ្សេងៗ សុទ្ធតែលោកជាអ្នកទទួលរ៉ាប់រងទាំងអស់”។
លោក ប៉ូឡុនស្គី ដែលធ្លាប់ជាអ្នកមានបំផុតម្នាក់នៅប្រទេសរុស្ស៊ី ត្រូវបានក្រសួងមហាផ្ទៃរុស្ស៊ីចោទកំបាំងមុខ ពីបទកេងបន្លំយកប្រាក់រាប់លានដុល្លារពីអ្នកវិនិយោគជាច្រើនក្នុងគម្រោងសំណង់អគារនៅក្រុងមូស្គូ។ បន្ទាប់មកគេបានដាក់ឈ្មោះគាត់ក្នុងបញ្ជីនៃឧក្រិដ្ឋជនដែលគេតាមចាប់បំផុត ប៉ុន្តែតុលាការកម្ពុជាបានបដិសេធសំណើបត្យាប័នជាច្រើនលើកច្រើនសាពីប្រទេសរុស្ស៊ី។
យោងតាមប្រភពកម្ពុជាមិនប្រាប់ឈ្មោះដែលស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានតាស (TASS)មានមូលដ្ឋាននៅក្រុងមូស្គូបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទីភ្នាក់ងារព័ត៌មានច្បាប់រុស្ស៊ីបានរាយការណ៍ថា ក្រុងមូស្គូបានបញ្ជូនសំណើមួយផ្សេងទៀតមកប្រទេសកម្ពុជា សុំការធ្វើបត្យាប័នលោក ប៉ូឡុនស្គី។
សេចក្តីរាយការណ៍បានឲ្យដឹងថា “[ប្រភពនោះ]បានឲ្យដឹងថា អ្នកដែលបានបាត់បង់ប្រាក់របស់ខ្លួនដោយសារការឆបោកក្នុងគម្រោងសំណង់របស់លោក ប៉ូឡុនស្គី បានប្តឹងទាមទារសំណង។ គាត់បាននិយាយដែរថា គាត់មិនបានដឹងថាពេលណាអាជ្ញាធរកម្ពុជានឹងសម្រេចទៅលើសំណើបត្យាប័នថ្មីនេះទេ”។
ក្នុងសេចក្តីថ្លែងមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់គាត់កាលពីយប់មិញ លោក ប៉ូឡុនស្គី បានច្រានចោលសេចក្តីរាយការណ៍ព័ត៌មាននោះ ថាគ្មានភ័ស្តុតាងបញ្ជាក់និងជាការបង្កាច់បង្ខូចប៉ុណ្ណោះ៕មានិត