លោក ថោង សារ៉ាត់ មន្ត្រីក្រសួងការពារជាតិដែលកំពុងរត់គេចខ្លួនចាប់តាំងពីត្រូវបានចោទប្រកាន់កាលពីដើមខែនេះពីបទរៀបចំធ្វើឃាតពាណិជ្ជករដ៏សំខាន់ម្នាក់នៅក្នុងរាជធានីភ្នំពេញនោះ ត្រូវបានដាក់ក្នុងបញ្ជីនិវេទន៍ក្រហមរបស់នគរបាលអាំងទែប៉ូល ជាឧក្រិដ្ឋជនដែលគេតាមចាប់ខ្លួនបំផុត។
ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទរៀបចំការធ្វើឃាតលោក អឹុង ម៉េងជឺ ប្រធានក្រុមហ៊ុន Shimmex កាលពីថ្ងៃទី២២ ខែវិច្ឆិកាពាក់ព័ន្ធវិវាទរឿងរបររកស៊ី។
ការបាញ់សម្លាប់នេះតាមចោទថា ត្រូវបានធ្វើឡើងដោយអង្គរក្សរបស់លោកបួននាក់ ដែលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។
នៅក្នុងគេហទំព័ររបស់ខ្លួន នគរបាលអាំងទែប៉ូលលើកឡើងថា ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ “ត្រូវមន្ត្រីតុលាការនៃប្រទេសកម្ពុជាតាមចាប់ខ្លួនយកមកផ្តន្ទាទោសនិងអនុវត្តទោស” ជុំវិញការចោទប្រកាន់ពីបទ “មានគម្រោងសម្លាប់ដោយគិតទុកជាមុន”។
និវេទន៍ក្រហមនេះលើកឡើងថា ឧត្តមសេនីយ៍ដែលកំពុងរត់គេចខ្លួនរូបនេះមានអាយុ៣៧ឆ្នាំ កើតក្នុងខេត្តស្វាយរៀង ហើយចេះនិយាយទាំងភាសាខ្មែរនិងភាសាវៀតណាម។
លោក លឹម សុខារស្មី ប្រធានស្តីទីការិយាល័យនគរបាលអាំងទែប៉ូលក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា និវេទន៍ក្រហមសម្រាប់តាមចាប់ខ្លួនលោក ថោង សារ៉ាត់ នេះត្រូវបានដាក់កាលពីថ្ងៃអង្គារតាមសំណើរបស់នគរបាលកម្ពុជា។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនអាចអត្ថាធិប្បាយអំពីករណីនេះបានទេ ខណៈនគរបាលអាំងទែប៉ូលកំពុងធ្វើការលើរឿងនេះ”៕សារុន