កាលពីម្សិលមិញ មន្ត្រីអាកាសចរកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលគ្មានបំណងទទួលយកយន្តហោះ Boeing 727-200 ដែលគ្រប់គ្រងដោយក្រុមហ៊ុនអាកាសចរមួយនៅកម្ពុជា ដែលឥឡូវនេះបានបិទទៅហើយនោះមកវិញឡើយ។ យន្តហោះ Boeing 727-200 ត្រូវបានយកទៅចតចោលនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយអស់រយៈពេលប្រាំពីរឆ្នាំមកហើយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសវៀតណាមបានឲ្យដឹងថា យន្តហោះនេះជាយន្តហោះតែមួយគត់ដែលគ្រប់គ្រងដោយក្រុមហ៊ុនអាកាសចរ Air Dream មានមូលដ្ឋាននៅក្នុងខេត្តសៀមរាបនឹងត្រូវដាក់ដេញថ្លៃដើម្បីទទួលបានប្រាក់ជាង៦០០.០០០ដុល្លារ សម្រាប់ថ្លៃជួលចំណតដែលគេមិនបានបង់អស់ជាច្រើនឆ្នាំនេះមកវិញ។
យន្តហោះនេះបានចុះចតនៅអាកាសយានដ្ឋាន Noi Bai សម្រាប់ការថែទាំកាលពីឆ្នាំ២០០៧ ហើយក្រោយមកត្រូវបានបោះបង់ចោលនៅទីនោះ។
កាលពីម្សិលមិញ ប្រព័ន្ធផ្សព្វផ្សាយតាមអីុនធើណិតមួយមានឈ្មោះថា VietnamNet បានចុះផ្សាយថា រដ្ឋបាលអាកាសចរស៊ីវិលវៀតណាម (CAAV) បានសម្រេចដាក់យន្តហោះនេះសម្រាប់ការដេញថ្លៃបន្ទាប់ពីសំណើជាច្រើនលើកច្រើនសាឲ្យបញ្ជូនយន្តហោះនេះទៅឲ្យអាជ្ញាធរកម្ពុជា ក៏ដូចជាក្រុមហ៊ុនអាកាសចរRoyal Khmer Airlines ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុន Air Dream មិនមានការឆ្លើយតបនោះ។
អត្ថបទរបស់ VietnamNet មានខ្លឹមសារដូច្នេះថា “លោក Luu Van Doan ប្រធានផ្នែកច្បាប់របស់ CAAV បានលើកឡើងថា រដ្ឋបាលរបស់លោកនឹងបង្កើតក្រុមប្រឹក្សាដេញថ្លៃមួយ ដើម្បីលក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរ Royal Khmer Airlines “។ អត្ថបទនេះ មានខ្លឹមសារបន្តទៀតថា “ដោយសារយន្តហោះនេះវាចាស់ហួសសម័យទៅហើយ ហេតុដូច្នេះវាប្រហែលជាត្រូវបានដាក់ដេញថ្លៃលក់ឡាយឡុងជារបស់អេតចាយ។ ប្រាក់ចំណូលនឹងត្រូវកាត់ចេញពីថ្លៃចំណាយលើនីតិវិធីដេញថ្លៃ និងថ្លៃចំណត ដែលគិតជាទឹកប្រាក់ចំនួន ៦០៥.៨០០ដុល្លារ”។
ក្រុមហ៊ុនអាកាសចរRoyal Khmer Airlines ជាក្រុមហ៊ុនឯកជនដែលគ្រប់គ្រងការហោះហើររវាងប្រទេសកម្ពុជា វៀតណាម និងប្រទេសកូរ៉េខាងត្បូង ក៏បានបិទទ្វារដែរកាលពីឆ្នាំ២០០៧។
លោក កែវ ស៊ីវន អគ្គនាយកនៃលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) បានលើកឡើងថា ដោយសារក្រុមហ៊ុន Royal Khmer Airlines លែងចុះបញ្ជីជាមួយលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជានោះ អ៊ីចឹងរដ្ឋាភិបាលគ្មានការទទួលខុសត្រូវចំពោះយន្តហោះនេះឡើយ ហើយក៏គ្មានបំណងណាមួយយកយន្តហោះនេះមកវិញដែរ។ លោកបានមានប្រសាសន៍ថា “បន្ទាប់ពីក្រុមហ៊ុនបានឈប់ធ្វើប្រតិបត្តិការ ក្រុមហ៊ុននេះត្រូវបានដកចេញពីបញ្ជី។ ប្រសិនបើយន្តហោះនេះត្រូវបានដកចេញពីបញ្ជីរបស់យើងរួចហើយនោះ អ៊ីចឹងតួនាទីរបស់យើងក៏ត្រូវបានបញ្ចប់ដែរ”។
លោក ស៊ីវន បានបន្ថែមថា ក្រុមហ៊ុនអាកាសចរ Royal Khmer Airlines ត្រូវបានគ្រប់គ្រងដោយពាណិជ្ជករជនជាតិកូរ៉េឈ្មោះ Song Dong-Zu ដែលលេខាធិការដ្ឋានរបស់លោកមិនដឹងថា នៅទីណានោះ។ លោកបានមានប្រសាសន៍បន្ថែមថា “ឥឡូវនេះវាគឺជាតួនាទីរបស់ប្រទេសវៀតណាមក្នុងការតាមរកម្ចាស់យន្តហោះនេះ ឬប្រសិនបើប្រទេសវៀតណាមចង់លក់យន្តហោះនេះនោះវាស្រេចតែប្រទេសវៀតណាមទេ”៕ស៊ុយឈាង