27.5 C
Phnom Penh

តុលាការ​ផ្តន្ទា​ទោស​បុរស​ជន​ជាតិ​អេស៉្បាញ​ម្នាក់​​ឲ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​​បាន​ផ្តន្ទា​ទោស​បុរស​ជន​ជាតិ​អេស្ប៉ាញ​ម្នាក់​ពី​បទ​សម្លាប់​ទេសចរ​ជន​ជាតិ​អង់គ្លេស​ម្នាក់​នៅ​ផ្ទះ​ជួល​មួយ​ស្ថិត​​ក្នុង​​ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​កាលពី​ឆ្នាំ​មុន​​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០ឆ្នាំ។

រីខាដូ ពើរេស ប៊្លុនដេល (Ricardo Perez Blundell) អាយុ​​៤០ឆ្នាំត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៣ បន្ទាប់ពី​ម្ចាស់​ផ្ទះ​នេះ​ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​​៦៣ បាន​កត់​សម្គាល់​ថា មាន​ក្លិនស្អុយ​យ៉ាង​ខ្លាំ​ង​ចេញពី​បន្ទាប់​របស់​ជន​ជាតិ​អេស្ប៉ាញ​រូប​នេះ ហើយ​បាន​ទាក់​ទងទៅ​​នគរបាល។

នៅ​ក្នុង​បន្ទប់ មន្ត្រី​នគរបាល​​បាន​ប្រទះឃើញ​​សាក​សព​ ចន​ ខននែល​​ (John Connell) អាយុ​៤៣ឆ្នាំ​ដែល​ស្អុយ​រលួយ​នៅ​​ក្រោម​កម្រាល​ និង​រុំ​សំពត់​កៅស៊ូ​ ដែល​គាត់​បាន​មក​សម្រាក​​វិស្សម​កាល​នៅ​ក្នុង​ប្រទេស​កម្ពុជា។

យោង​តាម​របាយ​ការណ៍​នគរបាល​​ដែល​ទទួល​បាន​ក្នុង​​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ត្រូវ​បាន​រក​ឃើញ​នោះ​ ​​បាន​ឲ្យ​ដឹង​ថា ​បុរស​ទាំង​ពីរ​នាក់​នេះ​ជា​អ្នក​ប្រើ​ប្រាស់​ថ្នាំញៀន​ដែល​បាន​ស្នាក់នៅ​បន្ទប់​ជាមួយ​គ្នា​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី៣ បន្ទាប់ពី​ក្លាយ​ជា​មិត្ត​ភក្តិ​នឹង​គ្នា​កាលពី​ខែ​កក្កដា ឆ្នាំមុន។

នៅ​ក្នុង​តុលាការ​កាល​ពី​ព្រឹក​ម្សិលមិញ លោក ជួន សុរាសី ចៅក្រម​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​ផ្តន្ទា​ទោស​ ប៊្លុនដេល ពី​បទ​សម្លាប់​មិត្ត​ភក្តិ​របស់​ខ្លួន​​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១០ឆ្នាំ។

ចៅក្រម សុរាសី បាន​និយាយ​ថា សេចក្តី​សម្រេច​របស់​តុលាការ​​ធ្វើឡើង​​បន្ទាប់ពី “​ស្តាប់​ចម្លើយ​សាក្សី និង​ នគរបាល ដោយ​ពិនិត្យ​ភ័ស្តុ​តាង​ រួម​ទាំង​ឯកសារ​ផ្សេង​ៗ និង​តាម​ការ​សន្និដ្ឋាន​ពី​ព្រះ​រាជ​អាជ្ញា​រង​​និង​មេធាវី​របស់​ជន​សង្ស័យ”។

នៅ​ពេល​ត្រូវ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​បន្ទាប់ពី​សវនាការ​ ចៅក្រម​រូប​នេះ​បាន​មាន​ប្រសា​សន៍​ថា សាក​សព ចន ខននែល ត្រូវ​បាន​ទុក​ក្នុង​បន្ទប់​នេះ​អស់​២៦ថ្ងៃ​មុន​ពេល​ត្រូវ​បាន​រក​ឃើញ។លោក​មិន​បាន​និយាយ​លម្អិត​ពី​វិធី​ដែល​ជន​នេះ​បាន​ប្រើ​ដើម្បី​សម្លាប់​បុរស​ជន​ជាតិ​អង់គ្លេស​នោះ​ឡើយ ប៉ុន្តែ​​បាន​មាន​ប្រសាសន៍​ថា តុលាការ​​មាន​ភ័ស្តុ​តាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​ជន​សង្ស័យ​រូបនេះ។

នៅ​ខាង​ក្រៅ​តុលាការ​ ប៊្លុនដេល បាន​បដិសេធ​ថា ខ្លួន​មិន​បាន​សម្លាប់​​អតីត​មិត្ត​ភក្តិ​របស់​ខ្លួន​ទេ​ ដោយ​លើកឡើង​ថា មិន​មាន​ភ័ស្តុ​តាង​ដើម្បី​បង្ហាញ​ថា គាត់​ជា​ឃាត​ករ​ឡើយ។ គាត់​បាន​និយាយ​ថា “ខ្ញុំ​តក់​ស្លុត​យ៉ាង​ខ្លាំង​ ពីព្រោះ​ខ្ញុំ​មិន​បាន​សម្លាប់​នរណា​ម្នាក់​ទេ។ ខ្ញុំ​មិន​ជឿ​សាល​ក្រម​នេះ​ឡើយ។ ខ្ញុំ​មិន​ដឹង​​និយាយ​ដូច​ម្តេច​ឡើយ”។ គាត់​បាន​បន្ថែម​ថា គាត់​នឹង​ប្តឹង​ឧទ្ធរណ៍​ជំទាស់​សាល​ក្រម​នេះ។

លោក គឹម ម៉េងឃី មេធាវី​ការពារ​ លោក ប៊្លុនដេល បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ជន​រងគ្រោះ​បាន​ស្លាប់​បន្ទាប់ពី​ផឹក​ស្រា​ច្រើន​ពេក។ លោក​បាន​មាន​ប្រសាសន៍​ថា “​មុន​ពេល​ស្លាប់ គាត់​បាន​ផឹក​ស្រា​ច្រើន​ណាស់។ គាត់​ប្រហែល​ជា​ស្លាប់​ដោយ​សារ​គាំង​បេះដូង។ គាត់​បាន​ស្លាប់​ដោយ​អង្គុយ​នៅ​លើ​កៅអី”។

លោក ម៉េងឃី ​បាន​មាន​ប្រសាសន៍​ថា កូន​ក្តី​របស់​លោក​​ទើបតែ​ដឹង​ថា ជន​រងគ្រោះ​បាន​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​​មិន​ហា៊ន​រាយការណ៍​ប្រាប់​នគរបាល​​ ពីព្រោះ​ គាត់​បាន​បាត់​លិខិត​ឆ្លងដែន​របស់​ខ្លួន​ ហើយ​ខ្លាច​ថា ពួកគេ​នឹង​ចោទ​ប្រកាន់​គាត់​​ថា បាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់៕សារុន

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស