អង្គការពលកម្មអន្តរជាតិបានប្រកាសកាលពីថ្ងៃអង្គារថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC នៅថ្ងៃព្រហស្បតិ៍នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ សហការជាមួយកម្មវីធីរោងចក្រល្អប្រសើររបស់អង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីលុបបំបាត់ការប្រើពលកម្មកុមារក្នុងវិស័យកាត់ដេរ។
លោក វ៉ាន់ ស៊ូអៀង ប្រធាន GMAC ដែលតំណាងឲ្យរោងចក្រកាត់ដេរនាំចេញចំនួន៥០០របស់ប្រទេសកម្ពុជា បានឲ្យដឹងក្នុងសេចក្តីប្រកាសមួយថា ក្រុមនេះមានស្រាប់នូវ “នយោបាយមិនអត់ឱន” ចំពោះពលកម្មកុមារ។
លោកបានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងនេះពង្រឹងការប្តេជ្ញារបស់យើងថែមទៀត និងផ្តល់ដំណោះស្រាយវិជ្ជមានដល់កម្មករមិនគ្រប់អាយុ ដែលគេមិនបានអើពើ ហើយត្រូវគេរកឃើញធ្វើការក្នុងរោងចក្រសមាជិករបស់យើង”។
ទោះជាយ៉ាងនេះក្តី ពលកម្មកុមារនៅតែជាបញ្ហាមួយទាំងក្នុងវិស័យកាត់ដេរ ទាំងក្នុងវិស័យផ្សេងទៀត។ កាលពីឆ្នាំមុន អង្គការពលកម្មអន្តរជាតិបានឲ្យដឹងថា ជាង១០ភាគរយនៃកុមារកម្ពុជា៤៣០.០០០នាក់មានអាយុចន្លោះ៥ឆ្នាំនិង១៧ឆ្នាំ ត្រូវគេរកឃើញថាជាពលករកុមារ។
លោកស្រី យឹម ពេជ្រម៉ាលីកា មន្ត្រីជាន់ខ្ពស់ផ្នែកកម្មវិធីរោងចក្រល្អប្រសើរ បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមអ្នកត្រួតពិនិត្យដែលយកគំរូតាងត្រួសៗពីរោងចក្រកាត់ដេររបស់ប្រទេសកម្ពុជា បានរកឃើញករណីពលកម្មកុមារមួយចំនួនតូចនៅឆ្នាំនេះតិចជាងឆ្នាំមុន គឺ៣៤ករណីធៀបនឹង៦៧ករណី។
លោក ដេវិដ វ៉ែល នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌល Solidarity Center ជាក្រុមការពារសិទ្ធិពលកម្មមានមូលដ្ឋាននៅអាមេរិក បាននិយាយថា ការខិតខំដើម្បីលុបបំបាត់ពលកម្មកុមារ ច្រើនមិនយកចិត្តទុកដាក់លើការពិតដែលថា ច្បាប់ពិសេសសម្រាប់ក្មេងជំទង់អាយុ១៥ឆ្នាំទៅ១៧ឆ្នាំ ដែលត្រូវគេអនុញ្ញាតឲ្យធ្វើការក្រោមច្បាប់ការងារ ជាធម្មតាត្រូវបំពានដោយនិយោជក។ លោកបាននិយាយថា “គ្មានវិស័យណាមួយក្នុងចំណោម[វិស័យ]ទាំងនេះ មានការចែងឲ្យពិតប្រាកដទេ នោះហើយដែលការរំលោភបំពានភាគច្រើនកើតឡើង”៕មានិត