ក្រុមហ៊ុនប្រតិបត្តិករនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាសួនឧស្សាហកម្មធំបំផុតនៅក្នុងប្រទេសកម្ពុជា មានគម្រោងចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជានៅឆ្នាំក្រោយក្នុងបំណងប្រមូលប្រាក់ឲ្យបាន១៥លានដុល្លារដើម្បីបង្កើតតំបន់សេដ្ឋកិច្ចមួយទៀតក្នុងក្រុងប៉ោយប៉ែត នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុននេះ និងការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ។
យោងតាម លោក ហុង សុខហួរ នាយកប្រតិបត្តិនៃផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខូអិលធីឌី ដែលគ្រប់គ្រងដោយជប៉ុន មិនទាន់បានដាក់ពាក្យ ដើម្បីប្រកាសលក់មូលបត្ររបស់ខ្លួននៅឡើយទេ ប៉ុន្តែ តំណាងក្រុមហ៊ុនបានបញ្ជាក់កាលពីម្សិលមិញថា ក្រុមហ៊ុនមានគម្រោងចុះបញ្ជី។
ការី ភូ (Carie Phou) នាយកផ្នែកទំនាក់ទំនងសាធារណៈនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានមានប្រសាសន៍ថា “យើងមានគម្រោងប្រកាសលក់មូលបត្រនៅឆ្នាំក្រោយ ប៉ុន្តែ ខ្ញុំមិនដឹងពីពេលវេលាជាក់លាក់ និងសេចក្តីលម្អិតច្បាស់លាស់នៅឡើយទេ ពីព្រោះកំពុងស្ថិតក្នុងដំណាក់កាលរៀបចំនៅឡើយ”។
គេហទំព័ររបស់ក្រុមហ៊ុននេះបានភ្ជាប់ទៅនឹងការចុះផ្សាយមួយដោយព្រឹត្តិបត្រពាណិជ្ជកម្ម Nikkei Asian Review ដែលលើកឡើងថា ក្រុមហ៊ុននឹងប្រើប្រាស់ចំណូលបានពីការប្រកាសលក់មូលបត្រដំបូង (IPO) ដើម្បីប្រមូលឲ្យបាន១៥លានដុល្លារយកទៅកសាងតំបន់ឧស្សាហកម្មមួយដែលមានទំហំផ្ទៃដី៥០០.០០០មែ៉ត្រក្រឡាក្នុងក្រុងប៉ោយប៉ែត។
លោក អីុនស៊ូ លី (Ihnsoo Lee) ប្រធានផ្នែកប្រតិបត្តិការនៅផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ថា ការចុះបញ្ជីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងនាំឲ្យមានការធ្វើពិពិធភាវូបនីយកម្មរដែលគេត្រូវការខ្លាំង និងដែលរហូតមកទល់ពេលនេះព្យាយាមទាក់ទាញបានអតិថិជនធំៗចំនួនពីរ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរោងចក្រផលិតសម្លៀកបំពាក់ Grand Twins International។
លោកបានមានប្រសាសន៍ថា “តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺខុសគ្នាខ្លាំងពីការចុះបញ្ជីផ្សេងៗទៀត ហើយយើងចាំបាច់ត្រូវធ្វើពិពិធភាវូបនីយកម្ម”។ លោកបានលើកឡើងបន្ថែមទៀតថា ទោះបីលោកដឹងថាក្រុមហ៊ុននេះមានគម្រោងដាក់ពាក្យចុះបញ្ជីក្តី ក៏លោកមិនទាន់បានទទួលបានដំណឹងផ្ទាល់ពីក្រុមហ៊ុននេះនៅឡើយទេ ចាប់តាំងពីពួកគេបានបង្ហាញការចាប់អារម្មណ៍ដំបូងកាលពីមួយឆ្នាំមុនមក។
សូមបញ្ជាក់ថា ចាប់តាំងពីបើកដំណើរការនៅឆ្នាំ២០០៦មក តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទាក់ទាញបានក្រុមហ៊ុនជាង៧០”៕សុខុម