មហាសង្ឃរាជគណៈមហានិកាយ ទេព វង្ស បានបន្តការអំពាវនាវជាថ្មីកាលពីថ្ងៃពុធកុំឲ្យព្រះសង្ឃបោះឆ្នោត ឬចូលរួមក្នុងការបោះឆ្នោត ដោយលើកនេះបានជំរុញឲ្យរដ្ឋាភិបាលដាក់ការហាមឃាត់នេះទៅជាច្បាប់។

មានសង្ឃដីកាក្នុងអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសក្នុងក្រុងភ្នំពេញ សម្ដេចអគ្គមហាសង្ឃរាជ ទេព វង្ស បានមានសង្ឃដីកាថា ច្បាប់ចាំបាច់ត្រូវការពារមុខមាត់សន្តតិរបស់សាសនាជាតិ។
ព្រះអង្គបានមានសង្ឃដីកាថា “អាត្មាសុំបិណ្ឌបាតស្ថាប័នពាក់ព័ន្ធ សភាជាតិ ព្រឹទ្ធសភា រដ្ឋាភិបាល និងគណបក្សនយោបាយទាំងអស់ សូមបង្កើតនីតិវិធីដើម្បីឲ្យព្រះសង្ឃភិក្ខុសាមណេរស្ថិតនៅអព្យាក្រឹត និងជៀសវាងការចូលរួមក្នុងសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សនយោបាយ និងជៀសវាងការចូលរួមក្នុងការបោះឆ្នោត”។
សម្ដេចអគ្គមហាសង្ឃរាជ ទេព វង្ស កាលពីពេលមុនជាសមាជិកជាន់ខ្ពស់ម្នាក់របស់គណបក្សប្រជាជនកម្ពុជាកាន់អំណាច កន្លងមកធ្លាប់បានចេញបទបញ្ជាហាមឃាត់ព្រះសង្ឃជាង៥០.០០០អង្គមិនឲ្យបោះឆ្នោត។ ការអំពាវនាវថ្មីរបស់ព្រះអង្គចង់បានច្បាប់លើកនេះ ធ្វើឡើងបន្ទាប់ពីការបោះឆ្នោតឆ្នាំមុន ដែលក្នុងការបោះឆ្នោតនោះ ព្រះសង្ឃជាច្រើនរយអង្គបានធ្វើយុទ្ធនាការជាចំហគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានចាញ់ឆ្នោតជាផ្លូវការ ប៉ុន្តែបានកើនចំនួនកៅអី។
កាលពីថ្ងៃពុធ មុនការស្នើឲ្យមានបម្រាមបោះឆ្នោតនេះបន្តិច មហាសង្ឃរាជអង្គនេះបានចោទព្រះសង្ឃពីរបីអង្គ ពីបទអូសទាញសាសនាឲ្យខូចកេរ្តិ៍ឈ្មោះ។
ព្រះអង្គមានសង្ឃដីកាថា “ទន្ទឹមនឹងមានការរីកចម្រើន យើងក៏ឃើញមានចំណុចខ្វះខាតខ្លះក្នុងការប្រណិប័តន៍ធម៌វិន័យរបស់សង្ឃមួយចំនួនតូច ដែលខ្វះការយល់ដឹង ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការគោរពព្រះពុទ្ធសាសនា និងច្បាប់រដ្ឋ និងនាំឲ្យពុទ្ធបរិស័ទលែងមានជំនឿ”។
សម្តេចមហាព្រះសង្ឃរាជនៃគណៈសង្ឃធម្មយុត្តិកនិកាយនៃប្រទេសកម្ពុជា សម្តេចសង្ឃរាជ ប៊ូ គ្រី បានគាំទ្រការអំពាវនាវឲ្យមានបម្រាមបោះឆ្នោតនៅអនុសំវច្ឆរមហាសន្និបាតមហាមន្ត្រីសង្ឃនេះដែរ។
សម្ដេចឧត្ដមចរិយា ឈឹង ប៊ុនឈា អគ្គាធិការរងពុទ្ធិកសិក្សាគណៈមហានិកាយ ដែលបានចូលរួមក្នុងមហាសន្និបាតសង្ឃនេះដែរ បានមានសង្ឃដីកាថា ប្រទេសកម្ពុជាត្រូវការច្បាប់ដើម្បីរក្សាសន្តិភាព។
ព្រះអង្គបានមានសង្ឃដីកាថា “ប្រសិនបើព្រះសង្ឃគាំទ្រភាគីមួយ ព្រះសង្ឃនឹងបាត់បង់អព្យាក្រឹតភាពរបស់ព្រះសង្ឃ។ ហេតុនេះហើយ យើងស្នើឲ្យសភាជាតិបង្កើតច្បាប់មួយសម្រាប់ព្រះសង្ឃ។ ពេលណាព្រះសង្ឃអាចបោះឆ្នោត ព្រះសង្ឃនឹងប្រើសិទ្ធិទាមទារពេលណាកាបោះឆ្នោតចាញ់។ ព្រះសង្ឃនឹងចូលរួមជាមួយប្រជាជនផ្សេងទៀត ហើយការណ៍នេះ អាចនាំឲ្យមានអំពើហិង្សា”។
នៅថ្ងៃបោះឆ្នោតកាលពីឆ្នាំមុន ការតវ៉ាខ្លាំងក្លាមួយរយៈពេលខ្លីបានផ្ទុះឡើងនៅមណ្ឌលបោះឆ្នោតមួយកន្លែងក្នុងក្រុងភ្នំពេញ បន្ទាប់ពីយុវជនម្នាក់បានវាយព្រះសង្ឃមួយអង្គ ដែលតវ៉ាទាក់ទិននឹងបញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោត។
លោក ឈាង វុន សមាជិកសភាគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យសភា បានមានប្រសាសន៍ថា លោកស្វាគមន៍សំណើរបស់ព្រះសង្ឃរាជឲ្យមានច្បាប់សម្រាប់ព្រះសង្ឃ។ លោកបានមានប្រសាសន៍ថា “ប្រសិនបើមានការស្នើឲ្យព្រះសង្ឃស្ថិតនៅអព្យាក្រឹត និងហាមប្រាមព្រះសង្ឃមិនឲ្យបោះឆ្នោតនោះ ខ្ញុំគាំទ្រ”។
លោក ឈាង វុន បាននិយាយថា ពេលវេលាលើកសំណើក៏ជួនគ្នាដែរ ដោយគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិគ្រោងនឹងចរចាអំពីការពិនិត្យរៀបចំច្បាប់បោះឆ្នោត។ ក៏ប៉ុន្តែគណបក្សប្រឆាំងយល់ឃើញផ្សេង។
លោក សុន ឆ័យ សមាជិកសភាគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា គឺសម្តេចព្រះសង្ឃរាជ ទេព វង្ស នោះទេ ដែលលម្អៀង ដោយបានទាមទារឲ្យគេដកសិទ្ធិបោះឆ្នោតរបស់ព្រះសង្ឃ។
លោកមានប្រសាសន៍ថា ថ្នាក់ដឹកនាំសង្ឃធ្វើតាមតែការបង្គាប់បញ្ជារបស់គណបក្សប្រជាជនប៉ុណ្ណោះ ដែលប្រហែលបារម្ភថា ការធ្លាប់ក្តាប់អំណាចរបស់ខ្លួនលើវត្តអារាមលែងគ្រប់គ្រងព្រះសង្ឃបានទៀតឡើយ។
លោកមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមគ្រប់គ្រងវត្តអារាមនិងព្រះសង្ឃទាំងអស់ ប៉ុន្តែខ្ញុំគិតថា ពួកគេលែងគ្រប់គ្រងព្រះសង្ឃបានទៀតហើយ។ ពួកគេគ្រប់គ្រងវត្ត ប៉ុន្តែពួកគេមិនអាចគ្រប់គ្រងព្រះសង្ឃបានទៀតឡើយ”។
លោក សុន ឆ័យ បាននិយាយថា តាមច្បាប់ការហាមព្រះសង្ឃមិនឲ្យបោះឆ្នោតនឹងត្រូវមានការកែសម្រួលច្បាប់បោះឆ្នោត។ ដោយពលរដ្ឋកម្ពុជាគ្រប់រូបដែលមានអាយុ១៨ឆ្នាំឡើងទៅមានសិទ្ធិបោះឆ្នោតដែលតម្កល់ក្នុងរដ្ឋធម្មនុញ្ញនោះ លោកមានប្រសាសន៍ថា វាទាល់តែមានវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ធ្វើដូច្នោះបាន វាត្រូវការសំឡេងពីរភាគបីក្នុងសភា។ ដោយគណបក្សប្រជាជនមានសំឡេងមិនគ្រប់គ្រាន់ក្នុងសភានោះ លោក សុន ឆ័យ បាននិយាយថា វិសោធនកម្មដកសិទ្ធិបោះឆ្នោតពីព្រះសង្ឃ ទំនងនឹងមិនអនុម័តបានទេ។ “គណបក្សប្រជាជនកម្ពុជាមិនអាចធ្វើអ្វីដែលពួកគេចង់ធ្វើស្រេចតែចិត្តបានទៀតឡើយ ចំណែកឯគណបក្សសង្គ្រោះជាតិ យើងមានជំហរគាំទ្រសិទ្ធិពលរដ្ឋទាំងអស់ ហើយខ្ញុំគិតថា យើងមិនគាំទ្រវាទេ”។
ក្នុងចំណោមអ្នករិះគន់គណបក្សប្រជាជនកម្ពុជាឥតសំចៃបំផុតក្នុងជួរព្រះសង្ឃរយៈពេលពីរឆ្នាំកន្លងមកនេះ គឺព្រះតេជគុណ ប៊ុត ប៊ុនទិញ ដែលបានបង្កើតបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ជាការតទល់នឹងធម្មធម៌។
ដូចលោក សុន ឆ័យ ដែរ ព្រះអង្គបានហៅ ព្រះសង្ឃរាជ ទេព វង្ស ជាអាយ៉ងរបស់គណបក្សកាន់អំណាច។
ព្រះអង្គមានសង្ឃដីកាអំពីការស្នើរបស់ព្រះសង្ឃរាជឲ្យហាមព្រះសង្ឃមិនឲ្យបោះឆ្នោតថា “គំនិតបែបនេះចេញមកពីគណបក្សកាន់អំណាច។ គណបក្សកាន់អំណាចដឹងច្បាស់ណាស់ថា ប្រសិនបើខ្លួនអនុញ្ញាតឲ្យព្រះសង្ឃបោះឆ្នោតទៀត ខ្លួននឹងមិនឈ្នះទេ”។
ព្រះអង្គមានសង្ឃដីកាថា ហើយទម្រាំតែមានព្រះសង្ឃទៀត គណបក្សប្រជាជនបារម្ភថា ការគាំទ្រជាសាធារណៈរបស់ព្រះសង្ឃទៅលើគណបក្សដទៃនឹងធ្វើឲ្យប្រជាជនងាកទៅតាមដែរ។
ចំពោះការតវ៉ាពីរដ្ឋាភិបាលនិងក្រុមមេដឹកនាំសង្ឃដែលថា ព្រះសង្ឃសកម្មជនគំរាមដល់សណ្តាប់ធ្នាប់សង្គមនោះ ព្រះតេជគុណ ប៊ុត ប៊ុនទិញ មានសង្ឃដីកាថា ព្រះអង្គនិងសង្ឃជាមិត្តភក្តិរបស់ព្រះអង្គកំពុងព្យាយាមធ្វើឲ្យប្រទេសកម្ពុជាវិលមករកផ្លូវពុទ្ធសាសនាពិតប្រាកដ កុំឲ្យងាករេចេញ ហើយការបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំ “ត្រឹមត្រូវ” ជាផ្នែកមួយដែរ។
ព្រះអង្គមានសង្ឃដីកាថា “យើងកំពុងព្យាយាមដើម្បីរកបានមនុស្សដែលមានគុណធម៌ខ្ពស់។ អាត្មាយល់ថា រដ្ឋាភិបាលមិនគួរសម្លឹងមើលតែផលប្រយោជន៍នយោបាយតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែត្រូវសម្លឹងមើលផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសទាំងមូល”៕មានិត