27 C
Phnom Penh

អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នឹង​សាក​ល្បង​ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​ដើម្បី​លើក​ក​ម្ពស់​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រកាស​កាលពី​ម្សិល​មិញ​ថា ការ​សាកល្បង​​ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​​នឹង​ចាប់​ផ្តើម​នៅ​ខែ​ក្រោយ​នេះ​ ដោយ​សង្ឃឹមថា នឹង​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ប្រព័ន្ធ​បច្ចុប្បន្ន​ ដែល​ងាយ​នឹង​មាន​ការ​លួច​បន្លំ​នៅ​ពេល​បោះឆ្នោត។

សម្ព័ន្ធ​កំណែទម្រង់​ការ​បោះឆ្នោត​​បាន​និ​ង​កំពុង​ធ្វើការ​ឆ្ពោះ​ទៅ​រក​ការ​​លើក​កម្ពស់​ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​រង​កា​ររិះ​គន់​យ៉ាង​ខ្លាំង​ចាប់តាំង​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ចាប់​ផ្តើម​​ចរ​ចា​ពី​កំណែទម្រង់​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​សីហា ដោយ​មាន​បំណង​​បញ្ជូន​​ទៅ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅមុន​ការ​បោះ​ឆ្នោត​លើក​ក្រោយ​នៅ​ឆ្នាំ​២០១៧។

លោក គល់​ បញ្ញា នាយក​ប្រតិបត្តិ​​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅកិច្ច​ប្រជុំ​តុ​មូល​​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​កាលពី​ម្សិលមិញ​ថា ឥឡូវ​នេះ​បច្ចេកវិទ្យា​រួច​រាល់​សម្រាប់​ធ្វើការ​សាកល​្បង​ហើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “ជាមួយ​នឹង​ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ដ៏​ទំនើប​នេះ​​យើង​អាច​ដាក់​បញ្ចូល​​ស្នាម​មេដៃ រូបថត​ និង​អត្តសញ្ញាណ​ប័ណ្ណ​របស់​អ្នក​បោះឆ្នោត។ បញ្ហា​មួយ​ទៀត​គឺថា យើង​អាច​កាត់​បន្ថយ​កំហុស​មួយ​ចំនួន​បាន….​ហើយ​ធានា​ថា​មិន​មាន​ឈ្មោះ​ជាន់​គ្នា​ឡើយ”។

លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​សាកល្បង​ក្នុង​ឃុំ​ចំនួន​ពីរ​​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​កំពង់​ចាម”។ លោក​បាន​បន្ថែម​ថា ការ​សាក​ល្បង​នឹង​ធ្វើ​ក្នុង​ខេត្ត​រតនគិរី​ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី​១៩ខែមករា ហើយ​ក្នុង​ខេត្ត​កំពង់​ចាម​ពី​ថ្ងៃ​ទី​១៤ ដល់​ទី​២២ខែ​មករា។

បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នេះ​បាន​រង​ការ​រិះគន់​ពី​សំណាក់​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ក្នុងស្រុក​និង​អន្តរជាតិ​ចំពោះ​ការ​មាន​ឈ្មោះ​ជាន់គ្នា និង​ការ​​បាត់​ឈ្មោះ​ជាច្រើន។

ការ​ធ្វើ​សវនកម្ម​ផ្ទៃក្នុង​របស់​គ.ជ.ប. ពីរ​សប្តាហ៍​​មុន​ការ​បោះ​ឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា ៩ភាគរយ​នៃ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​រក​ឈ្មោះ​របស់​ខ្លួន​មិន​ឃើញ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ហេតុ​នេះ​ហើយ​មិន​អាចបោះឆ្នោត​បាន​ឡើយ។

ការ​ធ្វើ​សវនកម្ម​ស្រដៀង​គ្នា​នេះ​ដោយ​គណៈកម្មាធិការ​ខុម​ហ្វ្រែល​​បាន​រក​ឃើញ​ថា ប្រជា​ជន​ប្រហែល​១,២៥​លាន​នាក់​នឹង​ត្រូវ​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​ដោយ​ការ​រក​ឈ្មោះ​របស់​ខ្លួន​មិន​ឃើញ​។ ការ​ធ្វើ​សវន​កម្ម​មួយ​ទៀត​ ដែល​ធ្វើ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិប​តេយ្យ​​បាន​រក​ឃើញ​ថា ប្រជា​ជន​១០ភាគរយ​​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មិនបាន​ទៅ​បោះ​ឆ្នោត។

យោង​តាម​លទ្ធផល​ផ្លូវ​ការ​របស់​ គ.ជ.ប. បាន​ឲ្យ​ដឹង​ថា ទី​បំផុត​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាត់​បង់​២៨៩.៧៩៣​សំឡេង។

លោក គល់​ បញ្ញា បាន​មាន​ប្រសាសន៍​ថា ភាគ​ច្រើន​នៃ​ចំណុច​ខ្វះខាត​របស់​ប្រព័ន្ធ​នេះ​បាន​ថយ​ចុះ ដោយសារ​វា​ជា​ការ​ទទួលខុសត្រូវ​សម្រាប់​ការ​ចុះ​ឈ្មោះ​ដែល​​បច្ចុប្បន្ន​ត្រូវ​បាន​​ធ្វើ​ឡើង​រួមគ្នា​​រវាង​គ.ជ.ប. និង​ស្មៀន​ឃុំ ដោយ​លោក​ពន្យល់​ថា គ.ជ.ប.​អាច​ដំណើរការ​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​ខ្លួន​ឯង។

លោក​បាន​មាន​ប្រសាសន៍​ថា ប្រព័ន្ធ​នេះ​នឹង​តម្រូវ​ឲ្យ​មាន​កុំព្យូទ័រ​មួយ​គ្រឿង​​ក្នុង​កន្លែង​ចុះ​ឈ្មោះ​មួយ​​ ដោយ​មាន​ភ្ជាប់​ប្រព័ន្ធ​អុីន​ធើ​ណិត​ផង​ដើម្បី​បញ្ជូន​​ទិន្នន័យ​ទៅ​រាជ​ធានី​ភ្នំពេញ​ដើម្បី​ដំណើរការ​។

លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា “​យើង​គិត​ថា ដើម្បី​អនុវត្ត​​​ការ​ចុះ​ឈ្មោះ​អ្នក​​បោះ​ឆ្នោត​ប្រហែល​១០លាន​នាក់​ យើង​ត្រូវ​ចំណាយ​ពេល​ប្រហែល​៨០ថ្ងៃតែប៉ុណ្ណោះ។ នៅ​ពេល​យើង​ធ្វើ​ការ​សាក​ល្បង​ដោយ​ជោគ​ជ័យ​ហើយ យើង​នឹង​ចង​ក្រ​ង​ឯកសារ​ដោយ​ផ្តល់​អនុសាសន៍​ឲ្យ​គ.ជ.ប.ថ្មី​យក​ប្រព័ន្ធ​របស់​យើង…​ហើយ​ធ្វើការ​សាក​ល្បង​ដោយ​ខ្លួន​ឯង​ជា​ផ្លូវការ​”។

លោក ទេព នីថា អគ្គលេខាធិការ​​គ.ជ.ប.​បាន​មាន​ប្រសាសន៍​ថា លោកម​ិន​មាន​បញ្ហា​ជាមួយ​ការ​សាកល្បង​របស់​​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ឡើយ ប៉ុន្តែ​ មិន​ច្បាស់​ថា តើ​​ប្រព័ន្ធ​កុំព្យូទ័រ​នេះ​​ជា​ការ​ល្អ​​សម្រាប់​បញ្ហា​ទាក់ទងបញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឬយ៉ាង​ណា។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំមិន​ដឹង​ថា​ ពួកគេ​កំពុង​ធ្វើ​អ្វី​ឡើយ ប៉ុន្តែ​ខ្ញុំគិត​ថា សូម្បី​ប្រទេស​មួយ​ចំនួន​ដូ​ច​ជា​ ហ្វីលីពីន និង​បង់​ក្លា​ដែស​​ដែល​បាន​អនុវត្ត​ប្រព័ន្ធ​ទំនើប​ថ្មី​​ក៏​នៅ​តែ​មាន​ឈ្មោះ​ជាន់​គ្នាដែរ។ នេះ​គឺជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ពួកគេ​ ហើយ​វា​ជា​សិទ្ធិ​របស់​ពួកគេ​”។

លោក គួយ ប៊ុនរឿន មន្ត្រី​​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​របស់​គណបក្ស​ប្រឆាំង​ចំពោះ​គ.ជ.ប.​ថ្មី​នៅ​ពេល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ដើម​ឆ្នាំ​ក្រោយ​នោះ​បាន​មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​កម្មវិធី​សាក​ល្បង​នេះ​ថា​ វា​អាច​ការ​ពារ​សិទ្ធិ​ប្រជា​ជន​ក្នុង​ការ​បោះ​ឆ្នោត។

លោក​បានប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​កិច្ច​ប្រជុំ​តុ​មូល​ថា “យើង​អាច​លុប​អ្វី​ដែល​សង្ស័យ​កើតឡើង​ចោល ជាពិសេស​បញ្ហា​ឈ្មោះ​ជាន់គ្នា ឈ្មោះ​ខ្មោច និង​ឈ្មោះ​អ្នក​ដែល​មិន​មាន​សិទ្ធិ​បោះ​ឆ្នោត តែ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត”។

លោក​បាន​បន្ថែម​ថា “​ប៉ុន្តែ​​យើង​ត្រូវ​ពិនិត្យ​យន្តការ​នេះ ហើយ​ថា តើ​ឧបសគ្គ​អ្វី​ដែល​អាច​ប្រឈម ឧទាហរណ៍ ការ​កំណត់ពេល​វេលា និង​ទី​២ បញ្ហា​ថវិកា ថា​តើ​យើង​អាច​រ៉ាប់​រង​ការ​ចំណាយ​ដ៏​ធំ​នេះ​ដូច​ម្តេច​ទៅ​… និង​ថា​តើ​​មាន​ប្រព័ន្ធ​អីុន​ធើ​ណិត​ឬ​អត់”។ លោក គួយ ប៊ុនរឿន បាន​មាន​ប្រសាសន៍​ថា លោក​នឹង​លើក​សំណើ​នេះ​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​ក្នុង​ការ​ពិភាក្សា​អំពី​កំណែទម្រង់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃនេះ៕សារុន​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស