កាលពីម្សិលមិញ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានធ្វើជាអធិបតីក្នុងពិធីសម្ពោធអគារការិយាល័យថ្មីសម្រាប់កងពលតូចលេខ៧០នៅក្នុងរាជធានីភ្នំពេញ ដោយអំពាវនាវឲ្យមានការប្រុងប្រយ័ត្នក្នុងការការពាររដ្ឋាភិបាល មុនពេលព្យាយាមនិយាយចំអកលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលទទួលបានអ្នក”likes” “អ្នកចូលចិត្ត”ចំនួន១លាននាក់នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន។
ឧត្តមសេនីយ៍ ទៀ បាញ់ ជារឿយៗអំពាវដល់យោធាឲ្យការពាររដ្ឋាភិបាលរបស់់់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស ហើយបានប្រើប្រាស់ការសម្ពោធការិយាល័យថ្មីនៅក្នុងសង្កាត់ចោមចៅដើម្បីនិយាយសារនេះឡើងវិញ។ លោកបានមានប្រសាសន៍ថា “យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយយកចិត្តទុកដាក់បន្តការងាររបស់យើង។ កុំឲ្យសត្រូវប្រើល្បិចផ្តួលរំលំរដ្ឋាភិបាល។ បើទោះជាសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីស្របច្បាប់ក៏ដោយ ក៏ពួកគេប្រើល្បិចជាច្រើនធ្វើឲ្យលោកមើលទៅអាក្រក់ដែរ”។
លោកបានមានប្រសាសន៍ថា “ទ័ពថ្មើរជើងនៃកងពលតូចលេខ៧០នៅជិតក្រុងភ្នំពេញគឺសំខាន់ណាស់ដើម្បីការពារសុវត្ថិភាពក្នុងរាជធានី។លោកបានមានប្រសាសន៍ថា សូម្បីក្រោយកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ ខែកក្កដា ដែលគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី បញ្ចប់ការតវ៉ានៅតាមផ្លូវពាក់ព័ន្ធការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីឆ្នាំមុនក៏ដោយ ក៏ការគំរាមកំហែងនៅតែមានពីសំណាក់ “អ្នកមិនសប្បាយចិត្ត” ដែលអាចបង្កបញ្ហាដែរ។
ឧត្តមសេនីយ៍ ទៀ បាញ់ បានពន្យល់ថា “នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មនុស្សមួយចំនួនមិនសប្បាយចិត្តពីព្រោះ…មនុស្សមួយចំនួនលើកឡើងថា មិនមានអ្វីធ្វើ ប្រទេសកាន់តែក្រ ទៅ ដូចជានៅពេលពួកគេធ្វើការចោទប្រកាន់នៅតាមគេហទំព័រ ឬនិយាយអំពីការបាត់បង់ដីធ្លីក្នុងពេលកន្លងមក ឬអំពើពុករលួយ ហើយទីបំផុត ពួកគេរៀបចំវេទិកាសាធារណៈ”។
បន្ទាប់មក រដ្ឋមន្ត្រីការពារជាតិរូបនេះបានលើកឡើងពីការធ្វើសន្និសីទកាសែតរបស់លោក សម រង្ស៊ី កាលពីថ្ងៃអង្គារដើម្បីអបអរពីការទទួលបាន “អ្នកចូលចិត្ត” ពីអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន១លាននាក់។
ឧត្តមសេនីយ៍ ទៀ បាញ់ បានលើកឡើងថា “អ្នកចូលចិត្ត”១លាននាក់ដែលលោក សម រង្ស៊ី ទទួលបានគឺតាមការបង្ហោះផ្សេងគ្នានៅលើផេចនេះ មិនមែននៅលើផេចនេះផ្ទាល់ទេ។
លោកបានមានប្រសាសន៍ថា “វាដូចជាការបង្ហោះនៅក្នុងហ្វេសប៊ុក ត្រូវគេ “liked” រហូតដល់ជាង១លាននាក់។ តាមធម្មតានៅពេលគេ បង្ហោះ គេគ្រាន់តែចុច “like” ហើយមនុស្សម្នាក់នឹងចុច like ច្រើនដង ហើយធ្វើឲ្យមានចំនួនកាន់តែច្រើន បើប្រៀបធៀបទៅអ្នកផ្សេង”។
កាលពីថ្ងៃអង្គារ លោក សម រង្ស៊ី បានអបអរចំពោះការទទួលបានអ្នកចូលចិត្ត១លាននាក់សម្រាប់ទំព័រហ្វេសប៊ុករបស់លោក។ គណនីហ្វេសប៊ុកនីមួយៗអាច “like” បានតែម្តងប៉ុណ្ណោះលើផេចនោះ។
ឧត្តមសេនីយ៍ ទៀ បាញ់ ក៏បានវាយបកចំពោះការត្អូញត្អែរអំពីការប្រើប្រាស់ស្លាកលេខយោធាដ៏រាលដាលនៅតាមដងផ្លូវក្នុងប្រទេសផងដែរ។
លោកបានមានប្រសាសន៍ថា “មិនមានស្លាកលេខខេមរភូមិន្ទ ឬស្លាកលេខនគរបាលច្រើនទេ ខ្ញុំមិនយល់ពីបញ្ហានេះ។ តើម៉ាកវែនតាមួយណាដែលអ្នកកំពុងពាក់ ហើយហេតុអ្វីបានជាអ្នកចូលចិត្តចោទមនុស្សគ្រប់គ្នាថាអនាធិបតេយ្យម៉្លេះ?”៕សារុន