ឃុំរកា/ខេត្តបាត់ដំបង- កាលពីម្សិលមិញ ខណៈនគរបាលឆែកឆេរផ្ទះរបស់គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណដែលជាប់សង្ស័យថា ជាអ្នកធ្វើឲ្យមេរោគអេដស៍ឆ្លងរាលដាលទៅប្រជាពលរដ្ឋជាង១០០នាក់នៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងរាជធានីភ្នំពេញថា លោកមានមន្ទិលយ៉ាងខ្លាំងចំពោះភាពត្រឹមត្រូវនៃឧបករណ៍ពេទ្យ ដែលត្រូវបានប្រើប្រាស់សម្រាប់ការធ្វើតេស្តឈាមជាច្រើនជុំ។
ចាប់តាំងពីមណ្ឌលសុខភាពឃុំរកា ក្នុងស្រុកសង្កែ បានចាប់ផ្តើមធ្វើតេស្តបឋមរកមេរោគអេដស៍កាលពីថ្ងៃទី៨ ខែធ្នូមក មានប្រជាពលរដ្ឋប្រហែល១១០នាក់រួមទាំងកុមារ១៩នាក់ផង ត្រូវបានពិនិត្យឃើញផ្ទុកមេរោគអេដស៍។ យោងតាមប្រធានមណ្ឌលសុខភាពនេះបានឲ្យដឹងថា មនុស្សប្រាំនាក់ទៀតត្រូវបានពិនិត្យឃើញផ្ទុកមេរោគអេដស៍កាលពីព្រឹកម្សិលមិញ។
ប៉ុន្តែ ថ្លែងទៅកាន់និស្សិត និងមន្ត្រីរដ្ឋាភិបាលប្រមាណ១.០០០នាក់នៅក្នុងពិធីប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកមិនប្រាកដទាំងស្រុងថា លទ្ធផលនៃការផ្ទុកមេរោគជាច្រើនគឺដោយសារកំហុសឧបករណ៍ធ្វើតេស្តឈាមនោះទេ ប៉ុន្តែ លោកឆ្ងល់ត្រង់ការផ្ទុះករណីមេរោគនេះ។
លោកបានមានប្រសាសន៍ថា “រហូតមកទល់ពេលនេះ៩៩ភាគរយខ្ញុំមិនជឿថា វាជាជំងឺអេដស៍ទេ។ បើក្នុងចំណោមមនុស្ស៨០០នាក់ មាន១០៦នាក់កើតអេដស៍ វាងាប់អស់ហើយ។ បើយើងធ្វើតេស្តដោយប្រើមា៉ស៊ីុនទាំងនោះ ពួកយើងពាក់កណ្តាលប្រហែលជាត្រូវកើតអេដស៍ដែរហើយ។ ខ្ញុំនៅតែមិនជឿ ខ្ញុំមិនជឿទេ”។
លោកបានមានប្រសាសន៍ទៀតថា ចាំបាច់ត្រូវបើប្រាស់គ្រប់ “ធនធានបច្ចេកវិទ្យា” ដែលមានមុនពេលឈានដល់ការសន្និដ្ឋាន។ លោកបានបន្តថា “មនុស្សចាស់អាយុ៨០ឆ្នាំកើតអេដស៍? ហើយក្មេងៗក៏កើតអេដស៍ដែរ? ដូច្នេះយើងមិនត្រូវធ្វើការសន្និដ្ឋានភ្លាមៗទេ។ យើងត្រូវប្រើប្រាស់គ្រប់ធនធានបច្ចេកវិទ្យាដែលមាន។ យើងគ្មានន័យថា យើងមើលងាយគ្រូពេទ្យ និងឧបករណ៍ពេទ្យរបស់យើងទេ ប៉ុន្តែ វាពិបាកនឹងជឿណាស់”។
យោងតាមលោក មាន ឈីវុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានឲ្យដឹងថា ក្នុងចំណោមអ្នកភូមិ៩០នាក់ដែលបានធ្វើតេស្តនៅមណ្ឌលសុខភាពឃុំឃើញផ្ទុកមេរោគអេដស៍គិតមកទល់ថ្ងៃអង្គារ មាន៨៩នាក់ត្រូវបានបញ្ជាក់ថាមានផ្ទុកមេរោគអេដស៍ ពេលមកធ្វើតេស្តជាលើកទី២នៅមន្ទីរពេទ្យបង្អែកខេត្តកាលពីថ្ងៃពុធ។
លោកបានមានប្រសាសន៍ថា “មន្ត្រីសុខាភិបាលនឹងបន្តធ្វើតេស្តឈាមដើម្បីធានាភាពត្រឹមត្រូវនៃការធ្វើតេស្តបឋម។ លោកមានប្រសាសន៍ទៀតថា ”យើងមិនទាន់មានតួលេខពិតប្រាកដនៅឡើយទេ។ អ្នកដែលធ្វើតេស្តឃើញមានផ្ទុកមេរោគអេដស៍ នៅតែត្រូវការធ្វើតេស្តបន្ថែមទៀត”។
លោក មាន ឈីវុន បានលើកឡើងបន្ថែមទៀតថា កាលពីថ្ងៃម្សិលមិញ សំណាកវិភាគឈាមយកពីប្រជាពលរដ្ឋ ដែលបានធ្វើតេស្តឃើញមានផ្ទុកមេរោគអេដស៍ ត្រូវបានបញ្ជូនមកកាន់វិទ្យាស្ថានប៉ាស្ទ័រក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើតេស្តបន្ថែម។
នៅពេលសាកសួរថា តើប្រជាពលរដ្ឋ១៦នាក់ដែលបានធ្វើតេស្តកាលពីថ្ងៃពុធ នៅមណ្ឌលសុខភាពឃុំឃើញមានផ្ទុកមេរោគអេដស៍ ពិនិត្យឃើញផ្ទុកមេរោគអេដស៍ជាថ្មីទៀតនៅមន្ទីរពេទ្យអង្អែកខេត្តកាលពីម្សិលមិញឬយ៉ាងណានោះ លោក អីុម ចិត្រា ប្រធានប្រតិបត្តិសុខាភិបាលស្រុកសង្កែ បានមានប្រសាសន៍ថា គេមិនឲ្យលោកនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយទៀតទេ។ មុនពេលចុចផ្តាច់ទូរស័ព្ទ លោកបានមានប្រសាសន៍ថា ”អ្នកច្បាប់មិនអនុញ្ញាតឲ្យខ្ញុំប្រាប់អស់លោកទៀតទេ”។
ទោះបីជាលោក ហ៊ុន សែន មានមន្ទិលចំពោះការផ្ទុះករណីផ្ទុកមេរោគអេដស៍មិនធ្លាប់មាននៅក្នុងឃុំរកា ដែលអ្នកធ្វើតេស្តឃើញផ្ទុកមេរោគអេដស៍មានអាយុពី៤ឆ្នាំ ដល់៨០ឆ្នាំក្តី ក៏លោកស្រី ម៉ារី អូឌីល អេម៉ុន (Marie-Odile Emond) តំណាងអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍កាលពីម្សិលមិញថា លទ្ធផលនៃការធ្វើតេស្តនៅក្នុងឃុំនេះអាចជឿទុកចិត្តបាន។
លោកស្រីមានប្រសាសន៍ថា “វាអាចទុកចិត្តបានខ្លាំង។ មានហានិភ័យតិចតួចណាស់ដែលពិនិត្យឃើញផ្ទុកមេរោគអេដស៍ដោយមិនត្រឹមត្រូវ។ នោះជាមូលហេតុដែលអ្នកត្រូវធ្វើតេស្តពិនិត្យជាលើកទី២។ ការធ្វើតេស្តពិនិត្យជាលើកទី២ ត្រូវបានបញ្ជាក់”។
រហូតមកទល់ពេលនេះការសើុបអង្កេតលើការផ្ទុះករណីផ្ទុកមេរោគអេដស៍ បានផ្តោតតែទៅលើលោក យ៉ែម ជ្រិន គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណដែលតែងតែព្យាបាលមនុស្សជាច្រើនក្នុងចំណោមអ្នកភូមិនៅក្នុងឃុំនេះដោយការចាក់ថ្នាំ និងបន្តោកសេរ៉ូមប៉ុណ្ណោះ។
លោក យ៉ែម ជ្រិន ត្រូវបាននគរបាលខេត្តឃាត់ខ្លួនយកទៅសួរនាំកាលពីថ្ងៃពុធ ហើយកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងនៅឡើយគិតមកទល់ល្ងាចម្សិលមិញ។
ដឹកនាំដោយលោក ទិត្យ ប៊ុនណា អនុប្រធានការិយាល័យវិទ្យាសាស្ត្របច្ចេកទេសនៃក្រសួងមហាផ្ទៃ នគរបាលខេត្តបានឆែកឆេរផ្ទះរបស់លោក យ៉ែម ជ្រិន កាលពីម្សិលមិញ ដើម្បីប្រមូលភ័ស្តុតាង។
ដបសេរ៉ូម គ្លុយកូស និងវីតាមីនB-12 រាប់សិបដបមាននៅរាយប៉ាយជុំវិញផ្ទះរបស់គាត់។ នគរបាលក៏ប្រមូលបានម្ជុលសឺរាុំងយ៉ាងហោចណាស់ចំនួន២០ដែរ នៅពេលពួកគេពិនិត្យមើលសំណល់ភ្នក់ភ្លើង ដែលទើបតែដុតថ្មីៗនៅខាងក្រោយផ្ទះរបស់គាត់។
លោក ជេម ម៉ាកខេប (James McCabe)នាយកផ្នែកប្រតិបត្តិការនៅអង្គភាពគាំពារកុមារ ជាអង្គភាពរបស់នគរបាលដែលទទួលបានការឧបត្ថម្ភគាំទ្រពីមូលនិធិកុមារកម្ពុជា ដែលបានជួយនៅក្នុងការសើុបអង្កេតនេះ បានមានប្រសាសន៍ថា “អ្វីគ្រប់យ៉ាងដែលប្រមូលបាននៅទីនេះក្នុងថ្ងៃេនះ នឹងត្រូវយកទៅធ្វើវិភាគកោសល្យវិច័យ។ ភាពពិតប្រាកដគឺថា នេះគឺជាការសើុបអង្កេតពេញលេញ ពីព្រោះយើងចាំបាច់ត្រូវកំណត់ថា ប្រភពចេញមកពីណា”។
អ្នកជិតខាងរបស់លោកយ៉ែម ជ្រិន ម្នាក់អាយុ៦០ឆ្នាំដែលបដិសេធមិនប្រាប់ឈ្មោះព្រោះខ្លាចមានការធ្វើទុក្ខបុកម្នេញនោះ បានលើកឡើងថា គ្រូពេទ្យរូបនេះមានការធ្វេសប្រហែសចំពោះឧបករណ៍ពេទ្យរបស់ខ្លួន។
លោកបាននិយាយ ថា “ខ្ញុំបានឃើញប្រពន្ធរបស់គាត់បានដុតឧបករណ៍ពេទ្យចោលកាលពីពីរបី ថ្ងៃកន្លងមកនេះ។ការដុតថ្នាំពេទ្យនិងម្ជុលចោល វាមិនល្អនោះទេ។វត្ថុទាំងនោះ អាចបង្កគ្រោះថ្នាក់ដល់ក្មេងៗនិងប្រជាពលរដ្ឋ”។
លោក ហ៊ុន សែន ក៏បានមានប្រសាសន៍ទាក់ទិននឹងការចោទលើលោក យ៉ែ ជ្រិន ក្នុងសន្ទរកថារបស់លោកកាលពីម្សិលមិញផងដែរ។ លោក បានមានប្រសាសន៍ថា “គេនិយាយថា គ្រូពេទ្យម្នាក់ជាអ្នកធ្វើឲ្យមានការឆ្លងរាលដាលនេះ។ អ៊ីចឹង អាការឆ្លងនឹង វាកើតឡើងយ៉ាងម៉េចអាឡូវ?។ វាមានន័យថា គាត់[គ្រូពេទ្យ] មានផ្ទុកមេរោគអេដស៍។ ហេតុដូច្នេះ គាត់ចាក់ថ្នាំខ្លួនឯងជាមុនសិន មុនពេលចាក់ថ្នាំឲ្យគេ។ វាមិនអាចទៅរួចទេ។ វាមិនទំនងទាល់តែសោះ”។
លោក បានមានប្រសាសន៍បន្ថែមថា “ប៉ុន្តែ តើយើងអាចសួរឲ្យច្បាស់បានទេ។ តើមនុស្សទាំង១០៦នាក់ដែលបង្ហាញរោគសញ្ញា[អេដស៍] សុទ្ធតែគាត់ជាអ្នកព្យាបាល ឬយ៉ាងម៉េច?”។
លោក ឈីវុន បានលើកឡើងកាលពីថ្ងៃពុធថា មណ្ឌលសុខភាពឃុំ កំពុងរៀបចំធ្វើការស្ទង់មតិដើម្បីជួយកំណត់ប្រភពនៃការឆ្លងមេរោគអេដស៍នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមមួយដែលចេញកាលពីម្សិលមិញបានឲ្យដឹងថា ឥឡូវនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ បានចូលរួមជាមួយអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលទប់ស្កាត់និងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក UNAIDS និង UNICEF ដើម្បីធ្វើការស៊ើបអង្កេតឲ្យពេញលេញរកប្រភពដែលធ្វើឲ្យមាន”ការឆ្លងនេះ”។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានចុះទៅភូមិរកា ជាមួយលោកអភិបាលខេត្ត ចាន់ សុផល ផងដែរកាលពីព្រឹកម្សិលមិញ ប៉ុន្តែអ្នកភូមិដែលសង្ឃឹមថានឹងទទួលបានចម្លើយនិងថ្នាំពន្យារជីវិតបែរជាខកចិត្តទៅវិញ។
លោក ម៉ម ប៊ុនហេង បានប្រញាប់ញាល់ចុះទៅពិនិត្យស្ថានភាពនៅមណ្ឌលសុខភាពឃុំដោយបានអង្អែលក្បាល និងបិចថ្ពាល់ក្មេងៗ ហើយបានថ្លែងទៅកាន់អ្នកភូមិប្រហែល៣០០នាក់ដែលរង់ចាំនៅក្បែនោះ។
រដ្ឋមន្ត្រីរូបនេះបានធានាចំពោះអ្នកភូមិថា ក្រុមការងារនឹងមកដល់ឃុំនេះក្នុងពេលឆាប់ៗដើម្បីសិក្សាអំពីការឆ្លងនេះ ហើយបន្ទាប់មកលោកបានណែនាំអ្នកភូមិឲ្យចេះការពារសុវត្ថិភាពនៅរដូវរងា។
លោកបានមានប្រសាសន៍ថា “សូមអ្នកភូមិទាំងអស់គ្នា ត្រូវប្រាកដថាមានពាក់ខោអាវរងា ហើយត្រូវប្រុងប្រយ័ត្នអំពីអគ្គិភ័យនៅពេលរដូវធ្លាក់ខ្យល់នេះ ព្រោះជួនកាលក្មេងៗអាចធ្វើឲ្យមានការឆាបឆេះ”។
បន្ទាប់មកលោក ម៉ម ប៊ុនហេង បានចែកស្រោមដៃ-ជើង និងសារ៉ុងដល់អ្នកភូមិមុនពេលនិយាយជាមួយអ្នកយកព័ត៌មានមួយភ្លែត។ លោកបានមានប្រសាសន៍ថា “យើងនឹងផ្តល់ព័ត៌មានឲ្យច្បាស់លាស់នៅពេលគេដឹងអំពីមូលហេតុនៃការឆ្លងនេះ។ ខ្ញុំសូមឈប់និយាយត្រឹមនេះ ព្រោះខ្ញុំខ្លាចក្រែងថា ប្រសិនបើខ្ញុំនិយាយច្រើន ខ្ញុំអាចនិយាយអ្វីខុស”។
អ្នកភូមិម្នាក់ឈ្មោះ សំ ឡម អាយុ៨០ឆ្នាំ ដែលធ្វើតេស្តឈាមនៅមណ្ឌលសុខភាពឃើញមានផ្ទុកមេរោគអេដស៍កាលពីថ្ងៃពុធ មិនសប្បាយចិត្តចំពោះការចុះមកសួរសុខទុក្ខរបស់លោក ម៉ម ប៊ុនហេង ឡើយ។
លោកតាបានមានប្រសាសន៍ថា “ព្រឹកនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកអភិបាលខេត្តហាក់បីដូចជាមិនផ្តោតសំខាន់លើប្រជាពលរដ្ឋដែលឆ្លងមេរោគអេដស៍ឡើយ។ ពួកគេមិនយកចិត្តទុកដាក់នោះទេ”។
លោកតាបានមានប្រសាសន៍បន្ថែមថា លោកតា និងអ្នកឆ្លងមេរោគអេដស៍ផ្សេងៗទៀតសុទ្ធតែមានជីវភាពក្រីក្រ ហើយសង្ឃឹមថា នឹងមានការចែកថ្នាំពន្យារជីវិត។
លោក ឈីវុន ដែលក៏បានចុះទៅដល់ឃុំនេះដែរនោះបានលើកឡើងថា ថ្នាំប្រភេទនេះគឺចែកជូនដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ប៉ុន្តែ ថា មន្ត្រីមិនហ៊ានយកថ្នាំនេះមកឃុំនេះឡើយ។ លោកបានមានប្រសាសន៍ថា “យើងមិនអាចយកមកបានទេ ព្រោះវាមើលទៅដូចជាយកស្ករគ្រាប់មកចែកអ៊ីចឹង”៕ សុខុម និង ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី)